រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យអ្នកនយោបាយគ្រប់និន្នាការទុកបញ្ហាផ្ទាល់ខ្លួនមួយឡែក សូមងាកមកគាំទ្រដល់កងទ័ពកម្ពុជានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាលើកទឹកចិត្តដល់ពួកគាត់ឲ្យមានកម្លាំងចិត្តការពារបូរណភាពទឹកពីការឈ្លានពានរបស់ប្រទេសជិតខាង ។

ការអំពាវនាវរបស់សម្តេច ក្រោយមានការប៉ះទង្គិចគ្នាមួយប្រាវ ប្រហែលជា១០នាទីរវាងកងទ័ពកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃ២៨ ឧសភា ហើយបណ្តាលឲ្យកងទ័ពខ្មែរបាត់បង់ជីវិត ត្រូវបានមេឧទ្ទាមក្រៅច្បាប់ និងគូកនរបស់គេបានយកបញ្ហាព្រំដែននេះ មកធ្វើជាប្រធានបទវា.យប្រហារមកលើរាជរដ្ឋាភិបាល ។
ក្នុងនោះ ក៏មានអ្នកខ្លះនិយាយចេញមកបំបាក់ទឹកចិត្តកងទ័ពផងដែរ ។ ក្នុងឱកាសអញ្ជើញចូលរួមបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឲ្យចូលរួមលើកទឹកចិត្តដល់កម្លាំងប្រដាប់អាវុធ ដែលមានភារកិច្ចការពារខឿនជាតិ និងការពារបូរណភាពទឹកដីកម្ពុជា ។

សម្តេចបវរធិបតី ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលមានស្មារតីស្នេហាជាតិបានចូលរួមឧបត្ថម្ភជាស្បៀងអាហារ និងថវិកាដល់កងទ័ពកម្ពុជាឈរជើងការពារព្រំដែន ។ សម្រាប់ការត្រៀមបម្រុងនូវស្បៀងអាហាររួមនឹងថវិកា សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលសូមធានាអះអាងផ្គត់ផ្គង់មិនឲ្យក្រុមកងទ័ពខ្វះខាតនោះទេ នឹងផ្គត់ផ្គង់ឲ្យបានជាប់ជាប្រចាំ ។
សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា ទាំងការផ្គត់ផ្គង់អាហារ ថវិកា និងសម្ភារផ្សេងៗរួមទាំងការលើកទឹកចិត្តដល់កងទ័ព គឺពិតជាសំខាន់ដូចគ្នា ដើម្បីឲ្យពួកគាត់មានចិត្តតស៊ូការពារព្រំដែន ។

សម្តេចបវរធិបតី គូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវ សូមបន្តការគាំទ្រ និងការរួមគ្នា ដើម្បីលើកទឹកចិត្តដល់កងកម្លាំងរបស់យើង ។ ហើយពេលជាមួយគ្នា ខ្ញុំក៏សូមអំពាវនាវជាថ្មីដល់បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនទោះបីជាមាននិន្នាការណាក៏ដោយ សូមកុំធ្វើសកម្មភាពដែលប៉ះពាល់ដល់ទឹកចិត្តរបស់កម្ពុជា ។ ពេលនេះ ជាពេលដែលកម្ពុជារបស់យើងទាំងមូលត្រូវរួមគ្នា ដើម្បីត្រៀមលក្ខណៈការពារជាតិ ការពារបូរណភាពទឹកដី ជាពិសេសរួមគ្នានៅក្រោយកងទ័ពរបស់យើងដើម្បីការពារទឹកដី» ។
សម្តេចមហាបវរធិបតី បន្តថា ក្នុងពេលនេះ សូមអ្នកនយោបាយគ្រប់និន្នាការទុកបញ្ហាដែលមានគោលនយោបាយខុសគ្នាមួយឡែកសិនត្រូវងាកមកលើកទឹកចិត្តគាំទ្រ និងកុំធ្វើអធិប្បាយអ្វីដែលប៉ះពាល់ដល់អារម្មណ៍របស់កងទ័ពរបស់ខ្មែរ ដែលមានភារកិច្ចការពារជាតិទឹកដី ព្រោះពេលនេះមិនមែនជាពេលវេលាសម្រាប់កេងចំណេញនយោបាយរបស់ខ្លួននោះទេ ។ ការលើករបស់សម្តេចបវរធិបតី បន្ទាប់អ្នកនយោបាយជ្រុលនិយម តែងតែចាក់រុកញុះញង់បញ្ហាព្រំដែនកម្ពុជា-ថៃជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ