ពួកឧទ្ទាមលីប៊ីថ្លែងកាលពីថ្ងៃទី២១ សីហា ថា ពេលវេលាចុងក្រោយមកដល់ហើយសម្រាប់វាយប្រហារលើទីក្រុងទ្រីប៉ូលីសំដៅផ្តួលរំលំមេដឹកនាំលោកអូបាម៉ា កាដាហ្វី ខណៈដែលព័ត៌មាននានារបស់ម៉ាស៊ីនឃោសនារាយការណ៍ពីការបះបោរនៅក្នុងរដ្ឋធានីប្រឆាំងមេដឹកនាំរូបនេះ។ លោកអាប់ដែល ហាហ្វីស ហ្គោហ្គា អនុប្រធានក្រុមប្រឹក្សាជាតិបណ្តោះអាសន្ន លីប៊ី CNT និយាយថា «ម៉ោងសូន្យចាប់ផ្តើមហើយ» រួចពួកឧទ្ទាមនៅក្រុងទ្រីប៉ូលីបានបះបោរដោយសម្របសម្រួលគ្នាជាមួយ CNT ។
ក្នុងកម្មវិធីទូរទស្សន៍រដ្ឋលីប៊ីមួយលោកកាដាហ្វីថ្លែងថា ពួកឧទ្ទាមពុំតំណាងឱ្យប្រទេសលីប៊ី ឡើយ ដោយលោកចាត់ទុកពួកនេះជាពួកក្បត់ ។ នាព្រឹកថ្ងៃទី២១ សីហា លោកកាដាហ្វី បានរិះគន់ដល់ពួកឧទ្ទាមថា បានបំផ្លាញបណ្តាហេដ្ឋារចនាសម្ព័ន្ធនៅលីប៊ីក្នុងសារតាមទូរទស្សន៍រដ្ឋ ។ លោកកាដាហ្វីគូសបញ្ជាក់ថា កងកម្លាំងប្រឆាំងបានដុត និងបំផ្លាញរាល់អ្វីៗទាំងអស់ក្នុងប្រទេសហើយប្រការដែលពុំអាចទទួលយកបាននោះគឺពួកនោះធ្វើការវាយប្រហារខ្លាំងក្នុងរដូវបុណ្យរ៉ាម៉ាដានតែម្តង ។
លោកគូសបញ្ជាក់ថា រាល់អំពើទាំងនេះ គឺជារឿងអាស្រូវពុំមែនជារឿងប្រជាធិបតេយ្យឡើយ ហើយចាត់ទុកពួកប្រឆាំងថា ពួកក្បត់ពុំអាចធ្វើតំណាងឱ្យលីប៊ីឡើយ ។
ក្នុងសុន្ទរកថាមួយលោកកាដាហ្វីនិយាយថា ពេលនេះលោកស្ថិតនៅក្រុងទ្រីប៉ូលី ។ ក៏ប៉ុន្តែអ្នកទទួលខុសត្រូវជាន់ខ្ពស់ឧទ្ទាមម្នាក់និយាយថា លោកកាដាហ្វីធ្វើសុន្ទរកថានេះតាមរយៈទូរស័ព្ទផ្កាយរណប និងថាលោកពុំស្ថិតនៅក្នុងរដ្ឋធានីទ្រីប៉ូលីឡើយ ៕
ចែករំលែកព័តមាននេះ