ស្នូរផ្ទុះ និងការបាញ់តគ្នាបានលាន់ឮកាលពីយប់ថ្ងៃទី២០ មក២១ សីហា នៅទីក្រុងទ្រីប៉ូលីដែលនៅទីនោះសាក្សីទាំងឡាយបានរៀបរាប់ពីការប៉ះទង្គិចគ្នានានាក្នុងសង្កាត់មួយចំនួននៃរដ្ឋធានីលីប៊ី ដែលពួកឧទ្ទាមកំពុងវាយរុលមក។
ការបាញ់តគ្នាដោយអាវុធធុនស្រាល និងអាវុធធុនធ្ងន់ត្រូវបានស្តាប់ឮចេញពីកណ្តាលរដ្ឋធានីលីប៊ី។ ប្រជាជនក្រុងទ្រីប៉ូលី និយាយប្រាប់ AFP ថា ការប៉ះទង្គិចគ្នានានាកំពុងតែបន្តជាពិសេសក្នុងសង្កាត់ SOUNG JOMAA ព្រមទាំងសង្កាត់ TAJOURA ភាគខាងកើតទីក្រុងដែលនៅទីនោះគេស្តាប់ឮសម្រែកស្រែកថា ព្រះអាល់ឡាហ៍ជាធំតាមប្រដាប់បំពងសំឡេងចេញពីព្រះវិហារអ៊ិស្លាមទាំងឡាយ។
អ្នកនាំពាក្យរដ្ឋាភិបាលលីប៊ី លោកមូសា អ៊ីប្រាហ៊ីម បានអះអាងពីការប៉ះទង្គិចគ្នាតូចតាចនានាជាមួយក្រុមតូចៗក្នុងសង្កាត់ទាំងឡាយដូចជាសង្កាត់ TAJOURA សង្កាត់ SOUNG JOMAA ឬសង្កាត់ BEN ACHOUR ។ យោងតាមអ្នកនាំពាក្យរូបនេះថា កងទ័ពស្មោះត្រង់នឹងលោកកាដាហ្វី បានកម្ទេចពួកបះបោរ ហើយការប៉ះទង្គិចគ្នាមានរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ។ សភាពការណ៍នាពេលនេះស្ថិតក្រោមការត្រួតត្រា។
តាមទូរទស្សន៍រដ្ឋអ្នកនាំពាក្យរូបនេះបានបរិហារការវាយប្រហារទាំងនេះថាជាការវាយប្រហារបែបចិត្តសាស្ត្រប្រឆាំងរបបលីប៊ី។ ក៏ប៉ុន្តែស្នូរកាំភ្លើងនៅតែលាន់ឮក្នុងរដ្ឋធានីនាពាក់កណ្តាលយប់។ នៅក្រុងសាប្រាតាហ៍ចម្ងាយ៥០គីឡូម៉ែត្រខាងលិចក្រុងទ្រីប៉ូលីប្រជាជនបានប្រមូលផ្តុំគ្នានៅជុំវិញបណ្តាអ្នកយកព័ត៌មានទូរទស្សន៍ ដោយសំដែងក្តីរីករាយនៅតាមវិថីទាំងឡាយ ព្រោះពួកគេយល់ថា របបលោកកាដាហ្វីជីតរលំហើយ។
ទន្ទឹមនឹងនេះ ពួកឧទ្ទាមលីប៊ីត្រូវដកថយកាលពីថ្ងៃទី២០ សីហា ពីតំបន់ឧស្សាហកម្មនៃក្រុងប្រេហ្គា(ភាគខាងកើត) ដោយសារការវាយប្រហារយ៉ាងខ្លាំងក្លារបស់កងកម្លាំងស្និទ្ធលោកកាដាហ្វី។ មុននេះពួកឧទ្ទាមបានអះអាងពីការវាយដណ្តើមយកបាននាពេលយប់នូវតំបន់ឧស្សាហកម្មនៃទីក្រុងប្រេងនេះ ហើយប្រកាសថា ពួកគេត្រួតត្រាទីក្រុងប្រេងនេះទាំងស្រុងហើយ។ អ្នកនាំពាក្យម្នាក់របស់កងកម្លាំងឧទ្ទាមនិយាយថា នេះជាការដកថយតាមក្បួនយុទ្ធសាស្ត្រមួយដើម្បីចៀសវាងកុំឱ្យបាត់បង់ជីវិតយុទ្ធជនរបស់យើងច្រើន៕
ចែករំលែកព័តមាននេះ