ក្រុងប៉ោយប៉ែត ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីត្រង់ថ្ងៃទី១៩ សីហា លើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដោយម៉ូតូបើកបរក្នុងល្បឿនលឿន ហើយជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ជនរងគ្រោះឈ្មោះអៀន ហ៊ឹម ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាកសិករមានទីលំនៅភូមិបន្ទាត់បោស ឃុំបោសស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ តាមប្រភពព័ត៌មានពី អ្នកឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុ គេឃើញម៉ូតូជនរងគ្រោះបានបើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលភ្លាមៗ ខណៈគោយន្តកន្ត្រៃនោះម្ចាស់ចតចាក់ប្រេងក្បែរចិញ្ចើមថ្នល់ ។ ម្ចាស់គោយន្តនោះម្ចាស់ឈ្មោះហ៊ឹង ហេង ភេទប្រុស អាយុ៤០ឆ្នាំ ជាកសិករមានទីលំនៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចចរាចរណ៍សណ្តាប់ធ្នាប់សាធារណៈក្រុងប៉ោយប៉ែត បានប្រាប់ថា ជនរងគ្រោះពាក់មួកសុវត្ថិភាពដែរ ប៉ុន្តែទំនងជាមិនបានដាក់គន្លឹះ ទើបបណ្តាលឱ្យគ្រោះថ្នាក់រហូតដល់ស្លាប់បែបនេះ។
ប្រភពបន្តថា ម៉ូតូរបស់ជនរងគ្រោះម៉ាក ឌ្រីម C125 ពណ៌ខ្មៅ ខ្ទេចមួយកំណាត់មុខ ។ ក្រោយពីកើតហេតុម៉ូតូ និងគោយន្តកន្ត្រៃត្រូវបាននាំយកមករក្សាទុកនៅប៉ុស្តិ៍សង្កាត់និមិត្ត ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ។ ឯសពជនរងគ្រោះត្រូវសាច់ញាតិមកទទួលយកពីកន្លែងកើតហេតុ ទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ