យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP ថា សហរដ្ឋអាមេរិកបានលុបចោលជាលើកដំបូងនូវអត្ថបទស្តីពីកូរ៉េខាងជើងក្នុងរបាយការណ៍របស់ក្រសួងការបរទេសស្តីពីភេរវកម្ម ដោយដកប្រទេសកុំមុយនីស្តនេះចេញពីបញ្ជីឈ្មោះបណ្តារដ្ឋដែលជួយទ្រទ្រង់ដល់ភេរវកម្មសម្រាប់ឆ្នាំទី៣ជាប់ៗគ្នា។
របាយការណ៍ស្តីពីភេរវកម្មឆ្នាំ២០១០ ចេញផ្សាយកាលពីថ្ងៃទី១៨ សីហា ដោយក្រសួងការបរទេសអាមេរិកបានលើកឡើងពីប្រទេសនីមួយៗក្នុងចំណោមប្រទេស១០នៅអាស៊ីខាងកើត និងប៉ាស៊ីហ្វិកដូចជាចិន ជប៉ុន អូស្ត្រាលី កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ ក៏ប៉ុន្តែពុំធ្វើអត្ថាធិប្បាយលើកូរ៉េទាំង២ឡើយ។
របាយការណ៍ប្រចាំឆ្នាំនេះបាននិយាយពីកូរ៉េខាងជើងតែមួយចំណុចគត់គឺការមិនចូលរួមក្នុងវេទិកាតំបន់់របស់អាស៊ាន ARF ដែលប្រព្រឹត្តទៅនៅនូវែលសេឡង់កាលពីខែមីនា ឆ្នាំ២០១០។
ក្រសួងការបរទេសអាមេរិកបានចាត់ទុកប្រទេស៤គឺ គុយបា អ៊ីរ៉ង់ ស៊ូដង់ និងស៊ីរី ថា ជារដ្ឋដែលជួយទ្រទ្រង់ដល់ភេរវកម្មដោយផាត់កូរ៉េខាងជើងចេញពីបញ្ជីខ្មៅនេះសម្រាប់ឆ្នាំទី៣ជាប់ៗគ្នា។ ប្រទេសមួយចំនួនអំពាវនាវដល់សហរដ្ឋអាមេរិកឱ្យបញ្ចូលកូរ៉េខាងជើងជាថ្មីក្នុងបញ្ជីខ្មៅនេះ ក្រោយការលិចនាវាចម្បាំង CHEONAN របស់កូរ៉េខាងត្បូង ក៏ប៉ុន្តែក្រុងវ៉ាស៊ីនតោនរក្សាជំហរដែលថាឧប្បត្តិហេតុលិច នាវា CHEO-NAN នេះពុំអាចចាត់ទុកថាជាអំពើភេរវកម្មអន្តរជាតិមួយឡើយ ដោយនេះគ្រាន់តែជាការវាយប្រហារមួយប្រឆាំងកងទ័ពរបស់រដ្ឋជាសត្រូវមួយប៉ុណ្ណោះ ។ នេះជាលើកទីមួយហើយដែលក្រុងវ៉ាស៊ីនតោនផាត់ចោលអត្ថបទស្តីពីកូរ៉េខាងជើងក្នុងរបាយការណ៍របស់ខ្លួនស្តីពីភេរវកម្មដែលចេញចាប់ពីឆ្នាំ២០០៤មក ៕
ចែករំលែកព័តមាននេះ