អ្នកនយោបាយរបស់ថៃនាពេលបច្ចុប្បន្នកំពុងផ្តោតការចាប់អារម្មណ៍ទៅលើសកម្មភាពរបស់លោកថាក់ស៊ីន អតីតនាយករដមន្ត្រីថៃ ដែលមានដំណឹងជាហូរហែថា ត្រៀមធ្វើដំណើរជាថ្មីមកកាន់ប្រទេសកម្ពុជា មុនពេលឆ្ពោះទៅកាន់ប្រទេស ជប៉ុននៅចុងខែនេះ បន្ទាប់ពីទទួលបានទិដ្ឋាការពិសេសពីប្រទេសជប៉ុន ដោយមានការអះអាងថា ជាការធ្វើដំណើរសម្រាប់រឿងផ្ទាល់ខ្លួន មិនមែនតំណាងឱ្យរដ្ឋាភិបាលថៃនោះទេ។
សកម្មភាពរបស់លោកថាក់ស៊ីន កំពុងទទួលចំណាប់អារម្មណ៍ពីសំណាក់អ្នកនយោបាយក្នុងប្រទេសថៃ ច្រើនជាងសកម្មភាពរបស់លោកស្រីយីងឡាក់ នាយករដ្ឋមន្ត្រីថៃ នាពេលបច្ចុប្បន្ន។ សម្រាប់ស្ថានការណ៍នយោបាយដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន បណ្តាអ្នកវិភាគបានយល់ឃើញថា កាន់តែឃើញសកម្មភាពរបស់លោកថាក់ស៊ីន ច្រើនឡើង និងកាន់តែឃើញហានិភ័យរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ ជាប្អូនស្រីរបស់លោកថាក់ស៊ីន ច្រើនដូចគ្នា។
ស្របពេលជាមួយគ្នានេះ ក៏មានចំណុចគួរឱ្យកត់សម្គាល់ទៅលើរដ្ឋាភិបាលលោកស្រីយីងឡាក់ ដែលនៅសុខៗបែរជាមានការផ្លាស់ប្តូរឥរិយាបថផ្នែកនយោបាយពីលក្ខណៈយឺតៗទៅជាលក្ខណៈបន្ទាន់ដោយគ្មានការគ្រោងទុក។ ឥរិយាបថខាងលើមានលក្ខណៈស្រដៀងគ្នានឹងការគ្រប់គ្រងរបស់លោកថាក់ស៊ីន ដែលមានបម្រែបម្រួលការដឹកនាំដ៏ឆាប់រហ័សដោយនឹកស្មានមិនដល់តាំងពីលោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ។
ចំណុចនេះបានធ្វើឱ្យអ្នកវិភាគ និងអ្នកនយោបាយគិតថា អ្នកនៅពីក្រោយឆាកនយោបាយខាងលើអាចមិនមែនជាស្ត្រីនាយករដ្ឋមន្ត្រីទី២៨ របស់ប្រទេសក៏អាចថាបាន។
គួរបញ្ជាក់ថា កាលពីមុន លោកស្រីយីងឡាក់ ត្រូវបានមហាជនទូទៅនៅក្នុងប្រទេសថៃ ចាប់អារម្មណ៍ទៅលើបទសម្ភាសន៍មួយចំនួនរបស់លោកស្រីដែលស្ទើរតែមិនធ្លាប់បានសម្រេចអ្វីមួយតាមគំនិតរបស់ខ្លួនដោយគ្រាន់តែថ្លែងខ្លីៗថា «ត្រូវអនុវត្តទៅតាមដំណាក់កាល និងទម្រង់ច្បាប់» ឬ «ត្រូវរង់ចាំស្តាប់យោបល់ក្នុងកិច្ចប្រជុំរបស់គណបក្សភឿថៃ»។ ចំណុចគួរឱ្យសង្ស័យពីសំណាក់អ្នកវិភាគ និងអ្នកនយោបាយថៃក្រោមការដឹកនាំរបស់លោកស្រី យីងឡាក់ រួមមាន ករណីប្រគល់លិខិតឆ្លងដែនពិសេស ជូនលោកថាក់ស៊ីន ជប៉ុនចេញទិដ្ឋាការឱ្យលោកថាក់ស៊ីន ចូលប្រទេសខណៈពេលមន្ត្រីទូតជប៉ុនបញ្ជាក់ថា ខ្លួន (ទូតជប៉ុន) ធ្វើតាមសំណើរបស់រដ្ឋាភិបាលថៃ។
បាតុករប្រឆាំងថាក់ស៊ីន ធ្វើបាតុកម្មមុខស្ថានទូតជប៉ុន
មានបាតុករប្រមាណ៥០នាក់បានធ្វើបាតុកម្មមុខស្ថានទូតជប៉ុនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ សីហា ជំទាស់សេចក្តីសម្រេចរបស់រដ្ឋាភិបាលក្រុងតូក្យូដែលផ្តល់ទិដ្ឋាការពិសេសដល់លោកថាក់ស៊ីន ចូលប្រទេសជប៉ុន។នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ចេញផ្សាយនាថ្ងៃទី១៨ សីហា។
ក្រុមបាតុករដឹកនាំដោយបណ្តាញស៊ីវិលប្រឆាំងលោកថាក់ស៊ីនដែលមានលោកTul Sitthisomwong ជាអ្នកសម្របសម្រួល។ ក្រុមបាតុករបានអំពាវនាវឱ្យប្រជាជនជប៉ុនដែលស្រលាញ់យុត្តិធម៌ត្រូវសួររដ្ឋាភិបាលរបស់ពួកគេដើម្បីរកការពិត។
លោកTul និយាយថា ប្រាក់ដែលលោកថាក់ស៊ីន ផ្តល់សម្រាប់ជនរងគ្រោះនៃរលកយក្សស៊ូណាមី និងរញ្ជូយដី បានមកពីអំពើពុករលួយហើយគាត់ជាជនរត់គេចពីការចាប់ខ្លួន។ លោកបន្តថា រដ្ឋាភិបាលថៃគួរតែនាំខ្លួនពិរុទ្ធជនចូលប្រទេសដើមវិញ មិនមែនជួយគេបានចូលប្រទេសផ្សេងបែបនេះទេ។
សាលក្រមសាលាឧទ្ធរណ៍នឹងចេញនៅសប្តាហ៍ក្រោយ
តុលាការសាលាឧទ្ធរណ៍ថៃនឹងចេញសាលក្រមលើរឿងក្តីពន្ធលោកស្រី Khunying Pojama Pombejra អតីតភរិយាលោកអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីននៅថ្ងៃពុធសប្តាហ៍ក្រោយ។ នេះបើតាមសារព័ត៌មានThe Nation ចេញផ្សាយកាលពីថ្ងៃទី១៨ សីហា។
សេចក្តីសម្រេចរបស់តុលាការជាន់ទាប បានបង្ហាញថា លោកស្រី Pojama ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពក្នុងឆ្នាំ២០០៧ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ។ លោកស្រីទទួលសេរីភាពតាមការដាក់ប្រាក់ធានា ក្នុងពេលរង់ចាំសាលក្រមតុលាការសាលាឧទ្ធរណ៍។
លោកស្រី Pojama បានប្តឹងទាស់លើបទចោទពាក់ព័ន្ធពន្ធរដ្ឋដែលជាប់ទាក់ទងនឹងការផ្ទេរភាគហ៊ុន។ ភាគហ៊ុននោះជាប់ទាក់ទងជាមួយប្អូនប្រុសរបស់លោកស្រីឈ្មោះ Bannapot Damapong និងលេខារបស់លោកស្រីនាង Kanchanapha Honghern។
តុលាការឧក្រិដ្ឋកម្មដែលបានចេញសេចក្តីសម្រេចរបស់ខ្លួនកាលពីខែកក្កដា បានផ្តន្ទាទោសអ្នកទាំងបីឱ្យបង់ប្រាក់៥៤៦លានបាត ដែលជាប់ទាក់ទងការផ្ទេរភាគហ៊ុនពីលោកស្រី Pojama ជាមួយលោក Bannapot Dama-pong ដែលត្រូវគេប្រកាសថា ជាអំពើខុសច្បាប់។
លោកអាប់ភីស៊ីត ចោទរដ្ឋាភិបាលថា កំពុងជួយថាក់ស៊ីន
មេដឹកនាំគណបក្សប្រជាធិបតេយ្យលោកអាប់ភីស៊ីត វ៉េចាជីវ៉ា បានដាស់តឿនរដ្ឋាភិបាលលោកស្រីយីងឡាក់ ឱ្យប្រយ័ត្នប្រយែងក្នុងការដោះស្រាយរឿងអតីតនាយករដ្ឋមន្ត្រីថៃ គឺលោកថាក់ស៊ីន និងត្រូវយកប្រយោជន៍ជាតិជាសំខាន់មុនគិតពីប្រយោជន៍បុគ្គលម្នាក់។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ចេញផ្សាយកាលពីថ្ងៃទី១៨ សីហា។
ស្របពេលដែលលោកស្រីយីងឡាក់ ចូលការិយាល័យនាយករដ្ឋមន្ត្រី អតីតមេដឹកនាំរដ្ឋាភិបាលដែលមកពីគណបក្សភឿថៃរូបនេះបានរិះគន់ថា ជាមេអណ្តើករបស់លោកថាក់ស៊ីន ដែលជាបងប្រុសរបស់លោកស្រី។ ម្យ៉ាងទៀតក៏មានរបាយការណ៍ថា ក្រសួងការបរទេសមានបំណងប្រគល់លិខិតឆ្លងដែនការទូតឱ្យលោកថាក់ស៊ីនវិញដែរ។
លោកអាប់ភីស៊ីតកាលពីម្សិលមិញនិយាយ ថា រដ្ឋាភិបាលត្រូវតែការពារប្រយោជន៍ជាតិបន្ទាប់ពីមានព័ត៌មានថា លោកថាក់ស៊ីននឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាដើម្បីចរចាការធ្វើអាជីវកម្មធនធានធម្មជាតិប្រេងក្នុងឈូងសមុទ្រថៃ។ តែការធ្វើដំណើរនោះ នៅមិនទាន់មានការអះអាងអ្វីច្បាស់លាស់នៅឡើយនោះទេ។
ទោះជាមានព័ត៌មានថា លោកថាក់ស៊ីន មានគម្រោងមកប្រទេសកម្ពុជាក្តី ក៏នៅក្នុងទីក្រុង ភ្នំពេញគ្មានព័ត៌មានពីដំណើរមកដល់របស់ ថាក់ស៊ីឡើយ គិតត្រឹមល្ងាចថ្ងៃ១៨ សីហា។ លោកប្រាក់ សុខុន ទីប្រឹក្សារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបដិសេធថា ព័ត៌មាននោះមិនពិត។ តែលោកកុយ គួង បញ្ជាក់ថា លោកថាក់ស៊ីន អាចមកប្រទេសកម្ពុជាគ្រប់ពេលដែលគាត់ចង់មក៕
ចែករំលែកព័តមាននេះ