ខេត្តបាត់ដំបង ៖ ក្រុមជនសង្ស័យដែលស្ថិតក្នុងវ័យជាអនីតិជនក្រោមអាយុ១៨ឆ្នាំ ចំនួូន៤នាក់ត្រូវសមត្ថកិច្ចស្រុកបាណន់ ឃាត់ខ្លួនពីបទប្រព្រឹត្តអំពើចោរកម្មកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៧ សីហា ដែលប្រព្រឹត្តនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខណៈដែលក្រុមនេះរស់នៅឯឃុំវត្តតាមឹម ស្រុកសង្កែ។
តាមព័ត៌មានពីមន្ត្រីនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា បើយោងតាមកំណត់ហេតុរបស់សមត្ថកិច្ចស្រុកបាណន់និយាយថា កម្លាំងល្បាតរបស់សមត្ថកិច្ចមូលដ្ឋានបានប្រទះឃើញក្រុមជនសង្ស័យកំពុងដឹកជញ្ជូនសម្ភារដែលពួកគេលួចបាន ហើយក៏ឃាត់ខ្លួនសួរនាំ ទើបធ្លាយរឿងចោរកម្ម។ ប្រភពបន្តថា ជនទាំង៤នាក់រួមមាន១-ឈ្មោះថ្លាង វ័ន្ត អាយុ១៧ឆ្នាំ ២-ឈ្មោះរ៉ុម ភារ៉ុត អាយុ១៤ឆ្នាំ ៣-ឈ្មោះរួម ក្តៀប អាយុ១៦ឆ្នាំ និង៤-ឈ្មោះរួម វ៉ាន់ថា អាយុ១៤ឆ្នាំ ពួកគេទាំង៤នាក់ស្នាក់នៅភូមិកំពង់ចម្លង ឃុំវត្តតាមឹម ស្រុកសង្កែ។ ប៉ុន្តែពួកគេទៅប្រព្រឹត្តបទល្មើសនៅភូមិគោកអំពិល និងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ព្រោះញ៉ាមធ្លាប់លួចបានកន្លងមក។
មន្ត្រីសមត្ថកិច្ចមូលដ្ឋាននិយាយថា ក្រុមនេះបានចូលលួចទ្រព្យរបស់អ្នកភូមិមួយយប់៣ផ្ទះ នៅក្នុងភូមិចំនួន២ខាងលើ ដែលមានម្ចាស់ផ្ទះ១-ឈ្មោះហេង ចន្ធូ ភេទប្រុស អាយុ៥៤ឆ្នាំ និងឈ្មោះពា គឹមហាង ភេទប្រុស អាយុ៤២ឆ្នាំ ទាំង២នាក់នៅភូមិគោកអំពិល និងឈ្មោះឌី វ៉ាន់ដា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិភ្នំសំពៅកើត។ ព័ត៌មានបន្តថា សម្ភារដែលក្រុមចោរលួចបានរួមមានអាគុយ៧០អំពែរចំនួន២ រទេះរុញ១គ្រឿង លួសសំណាញ់១ដុំធំ និងដែកអេតចាយមួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ច ក្រុមចោរនិយាយថា នេះជាលើកទី៣ហើយដែលពួកគេឆ្លងស្រុកមកប្រព្រឹត្តអំពើចោរកម្មនៅឯឃុំភ្នំសំពៅ ស្រុកបាណន់ ។ ក្រុមនេះនិយាយថា ក្រោយពីលួចបានសម្ភារនានា ពួកខ្លួនយកទៅលក់តាមស្តង់អេតចាយក្នុងក្រុងបាត់ដំបង។
ទោះជាបែបណា មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ថា ក្រុមក្តិបចោរជាអនីតិជនត្រូវបានបញ្ជូនទៅកាន់តុលាការហើយកាលពីព្រឹកថ្ងៃទី១៨ សីហា នេះ តែមិនទាន់ដឹងថា តើតុលាការត្រូវឃុំខ្លួនពួកគេ ឬយ៉ាងណានោះទេ ៕
ចែករំលែកព័តមាននេះ