ក្រុមហ៊ុននាំចេញអាវុធធំមួយរបស់រុស្ស៊ីរាយការណ៍កាលពីថ្ងៃទី១៧ សីហា ថា ការនាំចេញអាវុធរបស់រុស្ស៊ីនឹងមានដល់៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០១១នេះ ។ លោកអាណាតូលី អ៊ីសៃគីន ប្រធានអគ្គនាយករបស់ក្រុមហ៊ុន ROSOBORONEX-PORT ជាក្រុមហ៊ុននាំចេញអាវុធធំមួយរបស់រុស្ស៊ីថ្លែងថា អស្ថេរភាពកាន់តែខ្លាំងឡើងនៅ អាហ្វ្រិកខាងជើង និងក្នុងតំបន់ដទៃៗទៀតញ៉ាំង ឱ្យមានទីផ្សារល្អចំពោះឧស្សាហកម្មគ្រឿងសព្វាវុធរុស្ស៊ីពិសេសក្នុងប្រព័ន្ធប្រឆាំងយន្តហោះ ។
រុស្ស៊ី ក៏បន្តផ្តល់ផងដែរដល់ស៊ីរីនូវអាវុធទាំងឡាយ ទោះបីសភាពការណ៍បច្ចុប្បន្នមានលក្ខណៈស្មុគស្មាញក្នុងប្រទេសនេះក្តី ។ លោកអ៊ីសៃគីន គូសបញ្ជាក់បែបនេះទៅកាន់ម៉ាស៊ីនឃោសនាក្នុងស្រុកក្នុងឱកាសនៃបទអន្តរាគមន៍របស់លោកក្នុងពិព័រណ៍យន្តហោះអន្តរជាតិលើកទី១០ នៅជិតទីក្រុងម៉ូស្គូ ។
លោកឱ្យដឹងទៀតថា ក្រុមហ៊ុន ROSO-BORONEXPORT កត់សម្គាល់ឃើញពីការបញ្ជាទិញអាវុធដល់ទៅ៣៦ពាន់លានដុល្លារក្នុងឆមាសទីមួយឆ្នាំ២០១១។ លោកអ៊ីសៃគីបានទទួលស្គាល់ថា បណ្តាក្រុមហ៊ុនផលិតអាវុធរុស្ស៊ីរងការបាត់បង់កុងត្រាមួយមានទឹកប្រាក់១០ពាន់លានដុល្លារសម្រាប់ការលក់យន្តហោះប្រយុទ្ធធុន MIG-35 ចំនួន១២៦ គ្រឿងឱ្យដល់ឥណ្ឌានាឆ្នាំនេះ ។ រុស្ស៊ីបានលក់អាវុធ និងឧបករណ៍យោធាមានទឹកប្រាក់៨,៥ពាន់លានដុល្លារកាលពីឆ្នាំទៅមិញ ៕
ចែករំលែកព័តមាននេះ