រាជធានីភ្នំពេញ ៖ លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១១ នៅទីស្តីការក្រសួង បានអញ្ជើញ តំណាងអង្គការសង្គមស៊ីវិលចំនួនពីរ គឺអង្គការ Bridges Across Cambodia និងអង្គការ NGO Forum Cambodia ដើម្បីបញ្ជាក់អំពីទិសដៅ និងនយោបាយរបស់រាជរដ្ឋាភិបាលដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែបញ្ជាក់យ៉ាងច្បាស់ថា ភាពជាដៃគូរបស់រាជរដ្ឋាភិបាលជាមួយនឹងអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល។
លោករដ្ឋលេខាធិការថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុកថា អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិលមានតួនាទីសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ បញ្ហាសំខាន់ណាស់របស់រាជរដ្ឋាភិបាល គឺមិនមែនទាមទារអ្វីក្រៅពីភាពយុត្តិធម៌ និងធាតុពិតនៃបញ្ហាដែលកើតមាន។ ដូច្នេះ ក្នុងការបំពេញតួនាទីក្នុងក្របខណ្ឌមនុស្សធម៌របស់អង្គការមិនមែនរដ្ឋាភិបាលគឺសូមធ្វើយ៉ាងណាបំពេញកាតព្វកិច្ចឱ្យសមស្របនៅក្នុងក្របខណ្ឌមនុស្សធម៌ទៅតាមអនុស្សរណៈដែលបានចុះហត្ថលេខាព្រមព្រៀងគ្នារវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយនិងអង្គការមិនមែនរដ្ឋាភិបាល។
លោកអ៊ុច បូររិទ្ធ បានបញ្ជាក់ទៀតថា ជាការពិតចំណុចខ្វះខាតខ្លះៗតែងតែកើតមានដោយអនាគតក្នុងការអនុវត្ត។ ដូច្នេះក្នុងការជួយ ការតស៊ូមតិ ការផ្តល់ជាព័ត៌មានក៏ដូចជាគំនិតនៅក្នុងការកែលំអនូវចំណុចខ្វះខាត គឺជាកត្តាសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។ ទន្ទឹមនឹងនេះ ក៏មានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតូចប្រព្រឹត្តសកម្មភាពដែលមិនសមស្របទៅតាមស្មារតីនៃអនុស្សរណៈដែលបានឯកភាពចុះហត្ថលេខាជាមួយគ្នា។ ការខុសឆ្គងនេះ គឺមានករណីកើតឡើងនៅក្នុងលិខិតមួយរបស់ក្រុមចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលដែលមានអង្គការ៤ ក្នុងនោះមាន NGO Forum អង្គការ Bridges Across Cambodia អង្គការធាងត្នោត និងអង្គការ Housing Rights Task Force ដែល២ជាអង្គការបរទេស និង២ជាអង្គការក្នុងស្រុក។
យោងលើលិខិតដែលបានចុះហត្ថលេខាប្តឹងទៅធនាគារអភិវឌ្ឍអាសីុ(ADB)គឺឱ្យធ្វើការសើុបអង្កេតកុមារ២នាក់ដែលបានស្លាប់ ដែលខ្លឹមសារនៃពាក្យបណ្តឹងនេះមាន៖ ១-ដោយសារតំបន់តាំងទីលំនៅថ្មីពុំទាន់មានបំពង់បង្ហូរទឹកស្អាត គ្រួសារនៅទីនោះពុំមានជម្រើសអ្វី ក្រៅពីត្រូវដើរឆ្លងកាត់វាលស្រែដើម្បីទៅដងទឹកត្រពាំង ឬប្រើប្រាស់ទឹកនៅក្បែរវាលស្រែនោះតែម្តង។ ប្រភពទឹកទាំងអស់នេះត្រូវបានបំពុលដោយសារធាតុគីមីដែលគេប្រើប្រាស់ឱ្យស្រូវលូតលាស់ល្អ និងបានបង្កឱ្យមានជំងឺសើស្បែក និងជំងឺផ្សេងៗទៀត។ ក្នុងឱកាសនោះកុមារទាំងពីរនាក់បានទៅដងទឹកពីត្រពាំង ហើយពុំមានឃើញត្រឡប់មកផ្ទះវិញ ទេ។ សហគមន៍បានដើររកកុមារទាំងពីរនាក់ជាច្រើនម៉ោង ក្រោយមកសពកុមារទាំងពីរនាក់នេះត្រូវបានរកឃើញនៅបាតត្រពាំងដែលមានជម្រៅ៩ម៉ែត្រ។ ២-ការឆ្លើយតបរបស់ធនាគារអភិវឌ្ឍអាសីុកន្លងមក បានបង្ហាញពីកង្វះខាតគួរឱ្យព្រួយបារម្ភនូវភាពចាំបាច់របស់ធនាគារនេះចំពោះស្ថានភាពដែលកំពុងតែដុនដាបទៅៗជារៀងរាល់ថ្ងៃ ព្រោះគ្រួសារនៅតំបន់តាំងទីលំនៅថ្មីកំពុងជួបការលំបាកខ្លាំងឡើងៗដើម្បីរស់រានមានជីវិត។ កុមារពីរនាក់បានបាត់បង់ជីវិតដោយសារតែដំណើរការតាំងទីលំនៅថ្មីនោះពុំបានចាត់ចែងឱ្យបានហ្មត់ចត់ ខណៈពេលកុមារដទៃទៀតនៅបន្តងាយរងគ្រោះចំពោះការលង់ទឹក និងគ្រោះថ្នាក់ដទៃទៀត។
ទាក់ទិននឹងករណីបណ្តឹងរបស់អង្គការនោះប្តឹងទៅធនាគារអភិវឌ្ឍន៍អាសីុ ពីមូលហេតុ ដែលកុមារពីរនាក់បានស្លាប់ ព្រោះទៅដងទឹកត្រពាំង ដោយសារការផ្លាស់ប្តូរទីលំនៅនោះ លោកអ៊ុច បូររិទ្ធ គូសបញ្ជាក់ថា គឺជារឿងមួយដែលចង់ទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាល។ ប៉ុន្តែធាតុពិត តាមការស្រាវជ្រាវពិតប្រាកដ ហើយក៏មានភស្តុតាងច្បាស់លាស់ ថែមទាំងឪពុកម្តាយរបស់ក្មេងទាំងពីរនាក់នោះបញ្ជាក់ថា កុមារទាំងពីរនាក់នេះទៅរកខ្យងជាមួយបងប្អូននៅឯត្រពាំងដើម្បីយកមកបរិភោគ ដូច្នេះការដែលថាទៅដងទឹកនោះជាការមិនពិតទេ គឺការរើសខ្យង ហើយម្នាក់លង់ទឹកបងក៏ទៅជួយ រួចក៏លង់ទាំងពីរនាក់ទៅ។ ក្នុងនាមរាជរដ្ឋាភិបាលលោករដ្ឋលេខាធិការមានប្រសាសន៍ថា លោកមានការសោកស្តាយណាស់ចំពោះការបាត់បង់ជីវិតកុមារទាំងពីរនាក់ ហើយក៏សូមចូលរួមរំលែកទុក្ខសោកជាមួយក្រុមគ្រួសារ។ ទន្ទឹមនេះក៏មានការបញ្ជាក់ពីឪពុកម្តាយផងដែរ។
លោកអ៊ុច បូររិទ្ធ បានរិះគន់ផងដែរថា ការផ្សព្វផ្សាយបែបនេះក៏ដូចជាការបំផ្លើសព័ត៌មានមិនពិតសំដៅបង្កាច់បង្ខូចរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ សារលិខិតនោះបានស្នើសុំឱ្យ ADB ព្យួរសិទ្ធិរបស់រាជរដ្ឋាភិបាលក្នុងការដកប្រាក់កម្ចីពី ADB ដើម្បីអភិវឌ្ឍប្រទេសជាតិ ពិសេសក្នុងការអភិវឌ្ឍផ្លូវដែក។ ការអញ្ជើញតំណាងអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលមកជួបជុំព្រឹកនោះ គឺដើម្បីបញ្ជាក់ឱ្យបានច្បាស់អំពីអ្វីដែលអង្គការទាំងពីរបានសរសេរលិខិតទៅពុំមានជាលក្ខណៈពិត មានលក្ខណៈជាការមួលបង្កាច់បង្ខូចឈ្មោះរាជរដ្ឋាភិបាល ហើយហាក់ដូចជាបំភ្លៃការពិត គឺអាចធ្វើឱ្យមានការយល់ច្រឡំក៏ដូចជាធ្វើឱ្យមតិសាធារណៈយល់ច្រឡំមកលើរាជរដ្ឋាភិបាល និងក៏ដូចជាការអុជអាលមួយដែរ។
អ្វីក៏ដោយ រាជរដ្ឋាភិបាលមានជំហរច្បាស់លាស់ណាស់ គឺចង់ឱ្យមានការពិត ធ្វើយ៉ាងណាសូមអង្គការរាជរដ្ឋាភិបាលសង្គមស៊ីវិល បំពេញតួនាទីក្នុងក្របខណ្ឌជាអ្នករួមចំណែកមានប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ កុំនិយាយអ្វីហួសការពិតធ្វើឱ្យមានការយល់ច្រឡំចំពោះរាជរដ្ឋាភិបាល និងមានការយល់ច្រឡំនូវអ្វីដែលជាទង្វើដែលមិនមែនជាការពិត។
ចំពោះអង្គការទាំងពីរ Bridges Across Cambodia និងអង្គការ NGO Forum ថ្ងៃក្រោយសូមកុំឱ្យមានការខុសឆ្គងទៀត សូមឱ្យអង្គការទាំងពីរនេះមានវិធានការកែលំអ ។
ជាការឆ្លើយតបរបស់តំណាងអង្គការទាំងពីរក្នុងពេលជួបជាមួយលោកអ៊ុច បូររិទ្ធ នោះ តំណាងអង្គការទាំងពីរបានថ្លែងអំណរគុណចំពោះក្រសួងការបរទេស និងរាជរដ្ឋាភិបាលដែលបានចាត់ទុកអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិលជាដៃគូយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ តំណាងអង្គការទាំងពីរក៏បានថ្លែងអំណរគុណលោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការការបរទេស ដែលបានផ្តល់អនុសាសន៍ណែនាំដល់អង្គការទាំងពីរនេះធ្វើការកែលំអក្នុងការបំពេញការងាររបស់ខ្លួន សំដៅជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយរាជរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ