ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ឈ្មោះហ៊ៅ អិនដារ៉ា អាយុ៣៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទមួយ ស្នាក់នៅផ្ទះជួលក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង បានត្រូវសមត្ថកិច្ចប៉េអឹមស្រុកអន្លង់វែង ឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៦ សីហា កន្លងទៅ ពីបទបានលួចដាក់ថ្នាំសម្រើបលើនារីវ័យ១៩ឆ្នាំម្នាក់ដើម្បីរួមរ័ក ។
លោកហ៊ើន សំបោន មន្ត្រីប៉េអឹមទទួលបន្ទុកផ្នែកព្រហ្មទណ្ឌស្រុកអន្លង់វែង បានឱ្យកោះសន្តិភាពដឹងថា បើតាមការសាកសួរស្ត្រីរងគ្រោះបាននិយាយថា នាងបានស្រឡាញ់គ្នាជាមួយបុរសឈ្មោះហ៊ៅ អិនដារ៉ា តាំងពីខែមីនា ឆ្នាំ២០១១ មកម៉្លេះ និងបានដើរលេងជាមួយគ្នាជាច្រើនលើកផងដែរ ។ លុះដល់ថ្ងៃទី៣០ កក្កដា បុរសរូបនេះបានទូរស័ព្ទឱ្យនាងចូលទៅក្នុងបន្ទប់របស់ខ្លួន ហើយនាំនាងហូបបាយជាមួយគ្នា។ បន្ទាប់ពីហូបបាយរួចស្រាប់តែរូបនាងទន់ដៃទន់ជើងដេកលក់ក្នុងបន្ទប់នោះតែម្តង ហើយនាងត្រូវបុរសរូបនេះរំលោភបានសម្រេចជាច្រើនដងនារាត្រីនោះ លុះដល់ថ្ងៃទី១៦ សីហា ទើបនាងសម្រេចដាក់ពាក្យប្តឹងទៅប៉េអឹមស្រុកអន្លង់វែង ។ តាមការចោទថា ប្រការដែលនាងទន់ដៃទន់ជើងនោះ គឺដោយសារត្រូវថ្នាំសម្រើប ។
លោកហ៊ើន សំបោន បានបន្តទៀតថា បន្ទាប់ពីស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងរួចសមត្ថកិច្ចប៉េអឹមបានឃាត់ខ្លួនជនសង្ស័យនៅបន្ទប់ជួលស្ថិតនៅក្នុងភូមិ-ឃុំខាងលើ នាំមកកាន់ទីបញ្ជាការប៉េអឹមស្រុកអន្លង់វែង ដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យរូបនោះបានឆ្លើយសារភាពថា រូបគេនិងនារីរងគ្រោះបានស្រឡាញ់គ្នាអស់រយៈពេល៥ខែកន្លងមកហើយ និងបានរួមរ័កជាមួយគ្នាជាច្រើនលើកនៅនឹងបន្ទប់ដេក និងនៅផ្ទះសំណាក់រហូតរូបនាងមានផ្ទៃពោះ ហើយបានរំលូតកូន១លើកទៀតផង ។
លោកអនុសេនីយ៍ឯក ងួន ទ្ធីរិទ្ធ មេបញ្ជាការប៉េអឹមស្រុកអន្លង់វែង បានឱ្យកោះសន្តិភាពដឹងថា រឿងនេះជារឿងស្រីប្រកាន់ប្រុសប្រកែក ។ ទោះបីយ៉ាងណា ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងមកទីបញ្ជាការប៉េអឹមស្រុកទើបសមត្ថកិច្ចចុះឃាត់ខ្លួនបុរសរូបនោះនាំមកសាកសួរ បន្ទាប់មកបុរសរូបនោះបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។ យោងតាមពាក្យបណ្តឹងស្ត្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ តាមនីតិវិធី៕
ចែករំលែកព័តមាននេះ