រាជធានីភ្នំពេញ ៖ បុរសពិការភ្នែកខាងឆ្វេងម្នាក់ បានទះប្រពន្ធ៣កំផ្លៀងរហូតដួលសន្លប់ ព្រោះតែខឹងប្រពន្ធជេរថា «អាខ្វាក់» និងដៀលថា «អាអ្នកក្រ» ។ អំពើហិង្សាបង្កជាបាតុភាពក្នុងគ្រួសារនេះបានកើតឡើងកាលពីថ្ងៃទី១៥ សីហា លុះស្អែកឡើងថ្ងៃទី១៦ សីហា ប្រពន្ធក៏ប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនបុរសជាប្តីតែម្ដង ។
គ្រួសារនេះប្តីឈ្មោះសំរឹទ្ធ ត្រេន អាយុ៤៧ឆ្នាំ ឯប្រពន្ធឈ្មោះទូច វី អាយុ៤១ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន។
ក្នុងពាក្យបណ្ដឹងស្ត្រីជាប្រពន្ធបានចោទថា ចាប់តាំងពីបានគ្នាជាប្ដីប្រពន្ធមកមានរយៈពេល២១ឆ្នាំហើយដែលមកដល់ពេលនេះមានកូន៥នាក់ ។ ពេលផឹកស៊ីស្រវឹងម្ដងៗ ប្តីគាត់តែងប្រើអំពើហិង្សាវាយប្រពន្ធកូនគ្មានសេចក្ដីសុខទេ ហើយពេលឈ្លោះប្រកែកគ្នាឪពុកម្តាយបងប្អូនតែងមកសម្រុះសម្រួលឱ្យត្រូវរ៉ូវគ្នាវិញ និងបានធ្វើកិច្ចសន្យាកាលពីឆ្នាំ២០០៩ឱ្យបញ្ឈប់ការប្រើអំពើហិង្សាទៀតផង តែប្តីគាត់នៅតែប្រព្រឹត្តដដែលយ៉ាងហោចណាស់ក៏មួយខែ៣ដងដែរ ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៥ សីហា ពេលត្រឡប់មកពីផឹកស៊ីនៅផ្ទះមិត្តភក្តិវិញ ប្តីគាត់បានរករឿងឈ្លោះផ្អើលកូនចៅពេញផ្ទះ និងបានទះកំផ្លៀងគាត់ជាប្រពន្ធចំនួន៣ដៃ ក៏បណ្តាលឱ្យដួលសន្លប់លើថ្មដាច់រលាត់ជង្គង់ទាំងសងខាងទៀតផង ទើបពេលនេះគាត់ទ្រាំលែងបានក៏សម្រេចចិត្តប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្ដង ។ នៅក្នុងពាក្យបណ្ដឹង ស្ត្រីជាប្រពន្ធបានសុំលែងលះប្ដីសុំសិទ្ធិគ្រប់គ្រងកូនទាំង៥នាក់សុំបែងចែកទ្រព្យសម្បត្តិរួមមានផ្ទះមួយខ្នងធ្វើអំពីថ្មក្រោមឈើលើ ដីស្រែ១២ហិកតា ត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿង និងរួមគ្នាសងបំណុលគេចំនួន១៥.០០០ដុល្លារសហរដ្ឋអាមេរិកទៀត។
នៅចំពោះមុខសមត្ថកិច្ចបុរសឈ្មោះសំរឹទ្ធ ត្រេន សារភាពថា ខ្លួនពិតជាបានទះកំផ្លៀងប្រពន្ធ៣ដៃមែនដោយសារខឹងជេរ «អាខ្វាក់» និងដៀល «ពូជអាអ្នកក្រ» ។ បុរសរូបនេះត្រូវបាន សមត្ថកិច្ចបញ្ជូនទៅសាលាដំបូងនាព្រឹកថ្ងៃទី១៨ សីហា ៕
ចែករំលែកព័តមាននេះ