រាជធានីភ្នំពេញ ៖ អ្នកភូមិបឹងកក់ ដែលនៅសេសសល់នាពេលបច្ចុប្បន្នបានទទួលការសន្តោសប្រណីពីសម្តេចតេជោហ៊ុន សែន អារកាត់ពុះដីពីក្រុមហ៊ុនវិនិយោគស៊ូកាគូអ៊ីនឱ្យទៅពួកគាត់ចំនួន១២,៤៤ហិកតា និងអនុញ្ញាតឱ្យនៅស្របច្បាប់។ នៅព្រឹកថ្ងៃទី១៨ សីហា ២០១១ សាលារាជធានីភ្នំពេញបានកោះអញ្ជើញប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ទាំងអស់ដើម្បីផ្សព្វផ្សាយជាផ្លូវការអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៨៣អនក្របក ចុះថ្ងៃទី១១ សីហា ឆ្នាំ២០១១ ដែលបោះត្រា និងចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែន។ ពិធីនេះធ្វើឡើងនៅបរិវេណសាលារាជធានីភ្នំពេញស្ថិតក្រោមអធិបតីភាពលោកកែប ជុតិមា អភិបាលរាជធានី និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់យ៉ាងច្រើនកុះករ។
លោកសុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញបានលើកឡើងពីប្រវត្តិបឹងកក់ថា ក្នុងចន្លោះពីឆ្នាំ១៩៧៩ ដល់១៩៨៦ តំបន់នេះមានប្រជាពលរដ្ឋរស់នៅចំនួន៤២គ្រួសារ ក្នុងនោះអតីតភូមិព្រែក ឬក្រោយរដ្ឋាករទឹកចំនួន១៨គ្រួសារ អតីតភូមិឡាវ ក្រោយទូតបារាំង១៣គ្រួសារ និងខាងលិចបឹងចំនួន១១គ្រួសារ។ ប្រជាពលរដ្ឋដែលរស់នៅទាំងនោះជាគ្រួសារកម្មាភិបាលដែលរដ្ឋបង្កើតឱ្យទៅជាក្រុមសាមគ្គីប្រវាស់ដៃសម្រាប់ធ្វើបន្លែផ្សេងៗ នៅមាត់បឹងកក់។ នៅចន្លោះពីឆ្នាំ១៩៨៦ ដល់១៩៩១ គណៈកម្មាភិបាល អភិវឌ្ឍន៍រាជធានីភ្នំពេញបានដាក់តំបន់បឹងកក់ទៅជារមណីយដ្ឋានទេសចរណ៍ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។
លោកអភិបាលរងខណ្ឌឱ្យដឹងទៀតថា នៅចន្លោះពីឆ្នាំ១៩៩១ ដល់១៩៩៣ នាសម័យនៃការគ្រប់គ្រងដោយរបបអ៊ុនតាក់មានប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញមួយចំនួន ជាពិសេសជនភៀសខ្លួនមកពីជំរំព្រំដែនបាននាំគ្នាចូលចាប់ដី ឬរំលោភយកបឹងរបស់រដ្ឋ ព្រមទាំងមានការទិញ-លក់ បន្តបន្ទាប់រហូតដល់ចំនួនកើនឡើងដល់ទៅជាង២ពាន់គ្រួសារ។ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ រដ្ឋាភិបាលបង្កើតជាភូមិចំនួន១០ និងសង្កាត់ស្រះចក ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ។ កន្លងមក ដោយការខ្វះខាត និងការធ្វេស ប្រហែសរបស់អាជ្ញាធរមូលដ្ឋានធ្វើឱ្យប្រជាពលរដ្ឋមានការសាងសង់ផ្ទះនៅលើគោក និងក្នុងទឹករហូតដល់មានសំណង់រឹងមាំយ៉ាងសន្ធឹកសន្ធាប់ ហើយប្រជាពលរដ្ឋកើនឡើងដល់ជិត៣ពាន់ គ្រួសារ។ ក្រោយមករហូតដល់ឆ្នាំ២០០៣ ប្រជាពលរដ្ឋបន្តរំលោភរហូតដល់មានចំនួន៣.៩០០គ្រួសារ។ ដោយសារមានការរំលោភកាន់តែច្រើនឡើងៗបែបនេះ និងម្យ៉ាងស្របពេលប្រទេសយើងកំពុងមានការអភិវឌ្ឍផង ក្រោមការផ្តួចផ្តើមរបស់សាលារាជធានីភ្នំពេញ រាជរដ្ឋាភិបាលបានអនុញ្ញតឱ្យក្រុមហ៊ុនឯកជនឈ្មោះ ស៊ូកាកូអ៊ីនជួលរយៈពេល៩៩ឆ្នាំ ដែលពេលនោះសាលារាជធានីភ្នំេពញ បង្កើតជាគណៈកម្មការ និងក្រុមការងារចុះស្រង់ស្ថិតិពិតប្រាកដដល់ចុងក្រោយប្រជាពលរដ្ឋមានចំនួន៣.៧៣០គ្រួសារស្មើនឹង៣.៧៣០ខ្នងផ្ទះ។
លោកពេញ វុធ បញ្ជាក់ថា សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគបានដោះស្រាយប្រជាពលរដ្ឋចាប់ពីឆ្នាំ២០០៧ រហូតដល់ពេលនេះបានចំនួន២.៩៣៦ខ្នងផ្ទះ នៅសល់៧៩៤ខ្នងផ្ទះនាពេលនេះ។
នៅក្នុងឱកាសនោះលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញថ្លែងថា «ការទទួលបានដីស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺជាការគិតគូរប្រកបដោយសុភវិនិច្ឆ័យរបស់សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលបានអារកាត់ដីជូនបងប្អូនពេល នេះ»។ លោកបានណែនាំឱ្យមន្ត្រីជំនាញសូរិយោដី និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទត្រូវវាស់វែងដី និងធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយតទៅ ហើយសំណូមពរប្រជាពលរដ្ឋចូលរួមសហការ ដើម្បីឱ្យដំណើរការវាស់វែងបានលឿន។
ប្រជាពលរដ្ឋបឹងកក់ ដែលបានចូលរួមគ្រប់គ្នា សុទ្ធតែបានសម្តែងនូវការកោតសរសើរ និងដឹងគុណដល់លោកកែប ជុតិមា ពិសេសថ្លែងអំណរគុណសម្តេចតេជោហ៊ុន សែន ដែលបានផ្តល់ភាពកក់ក្តៅដល់ពួកគាត់ ។
លោកឆាយ ឫទ្ធីសែន នាយកមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញដែលជាប្រធានក្រុមការងារចុះវាស់វែងដីឱ្យអ្នកបឹងកក់ បានឱ្យដឹងថា ការវាស់វែងគឺចាប់អនុវត្តពីថ្ងៃចន្ទតទៅ ដោយបែងចែកទៅតាមទំហំដីចាស់របស់ប្រជាពលរដ្ឋគឺដីប៉ុនណាត្រូវចែកប៉ុណ្ណោះវិញ និងនៅកន្លែងដើមវិញ។ ចំពោះដំណើរការលឿនឬយឺត គឺអាស្រ័យទៅលើប្រជាពលរដ្ឋ ដែលសហការគ្នា ពិសេសការកំណត់ ព្រំប្រទល់ដី ឬស្នាមមេដៃអ្នកជិតខាងជាដើម៕
ចែករំលែកព័តមាននេះ