រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់ភ័យតក់ស្លុតរហូតហៅគ្រូពេទ្យដាក់សេរ៉ូម បន្ទាប់ពីរូបនាងជួបក្រុមចោរទម្លាក់សំណបោកយកអស់គ្រឿងអលង្ការ មាស និងប្លាទីន ហើយក្រុមចោរទាំងនោះគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី១៨ សីហា ឆ្នាំ ២០១១ នៅជិតផ្សារឯករាជ្យ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជ ធានីភ្នំពេញ ។ ស្ត្រីរូបនោះឈ្មោះឡឹក ចន្ថា អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរប៊ឺរី ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយរៀង ខេត្តស្វាយរៀង បាត់បង់ខ្សែ.កបា្លទីន១ខ្សែទម្ងន់២ជី ក្រវិល មាស១គូ ទម្ងន់១ជី និងចិញ្ចៀនបា្លទីន១វង់ តម្លៃ២០ដុល្លារ ។ ជនសង្ស័យមានគ្នា៣នាក់ គឺស្រី២នាក់ និងប្រុសម្នាក់ជាអ្នកបើកម៉ូតូដឹកបក្សពួកគេ ។
កម្មការិនីរូបនោះនិយាយថា នាងធ្វើដំណើរចាកចេញពីផ្ទះជួលនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ទៅធ្វើការនៅរោងចក្រប៊ឺរី ភូមិ
ជម្ពូរវ័ន សង្កាត់ចោមចៅ លុះទៅដល់មុខរោងចក្រ ស្រាប់តែមានស្ត្រីពីរនាក់ដើរមកប៉ះរូបនាងបន្តិច ។ ក្រោយមកនាងមានអារម្មណ៍មិនសូវស្រួលខ្លួន ហើយត្រូវស្ត្រីពីរនាក់នោះនាំនាងជិះម៉ូតូទៅជាមួយរហូតដល់ផ្សារឯករាជ្យ ទើបនាំគ្នាដោះយកគ្រឿងអលង្ការពីខ្លួនអស់ ។ រូបនាងមានអាការទន់ដៃទន់ជើង និងសង្ស័យថា ជនទាំងនោះដាក់ថ្នាំសណ្តំ ទើបប្រញាប់ប្រញាល់រកគ្រូពេទ្យឱ្យជួយដាក់សេរ៉ូមឱ្យ និងខកខានមិនបានទៅធ្វើការទៀតផង ។
ទាក់ទិនទៅនឹងហេតុការណ៍នេះ ប្រភពព័ត៌មាននានានិយាយថា សព្វថ្ងៃនេះពុំមានថ្នាំសណ្តំឯណា គ្រាន់តែដើរប៉ះបន្តិច ឬក៏ទះស្មាដើរតាមនោះឡើយ ។ អ្នកដែលត្រូវថ្នាំសណ្តំកន្លងមក មិនមែនដោយសារការដើរប៉ះ ឬទះស្មាទេ គឺដោយសារហូបចំណី ឬភេសជ្ជៈដែលជនសង្ស័យ ដាក់ថ្នាំចូលដោយមិនបានដឹង ឬក៏គេដាក់នៅក្នុងរបស់អ្វីមួយឱ្យហិតទើបត្រូវថ្នាំសណ្តំ ។ ម្យ៉ាងទៀតអ្នកដែលត្រូវថ្នាំសណ្តំហើយ គឺសន្លប់ស្តូកស្តឹងមិនងាយដឹងខ្លួនត្រឹមរយៈពេល១ម៉ោង ឬ២ ម៉ោងនោះឡើយ ។ ទោះបីជាគ្រូពេទ្យជួយសង្គ្រោះក្តី ក៏ត្រូវប្រើរយៈពេលយូរដែរ ទើបដឹងខ្លួន ហើយបើជួយសង្គ្រោះមិនទាន់ពេលទេនឹងអាចស្លាប់ទៀតផង ។
ប្រភពដដែលបន្តទៀតថា ចំណែកឯស្ត្រីរូបនោះពុំមែនដាក់សេរ៉ូម ព្រោះតែត្រូវថ្នាំសណ្តំ ទេ គឺដោយសារតែនាងភ័យតក់ស្លុត និងស្តាយរបស់ដែលខ្លួនបាត់ ។ គេដឹងថា នៅមុនពេលនាងទៅដល់មុខរោងចក្រ ស្រាប់តែជួបក្រុមជនខិលខូចទាំងនោះប្រើល្បិចបោកយកសំណដូរគ្រឿងអលង្ការមាស និងបា្លទីនអស់តែម្តង ។ ល្បិចទម្លាក់ឆត្រយោងនេះកើតមានច្រើនមកហើយ ប៉ុន្តែនៅតែមានអ្នកចាញ់ល្បិចជនខិលខូចជាបន្តបន្ទាប់ ដោយសារតែចង់បានលើសពីអ្វីដែលខ្លួនមាន ៕
ចែករំលែកព័តមាននេះ