រាជធានីភ្នំពេញ ៖ បុរសជាប្តីក្រោយចិត្តកំណាចបានកាប់ក្បាលស្ត្រីចំណាស់ជាប្រពន្ធចំនួន៤ពូថៅបណ្តាលឱ្យរយះហូរឈាមស្រោចពេញខ្លួន នៅខណៈពេលដែលស្ត្រីជាប្រពន្ធទៅទាញទូកទុកនៅមាត់បឹងជើងឯក ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី១៦ សីហា ។
តាមការឱ្យដឹងពីកូនស្រីឈ្មោះសេង ចាន់ណា អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រ បានរៀបរាប់ឱ្យដឹងថា ម្តាយរបស់នាងឈ្មោះទូច សុទ្ធ អាយុ៦០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ហើយការបានគ្នាជាមួយប្តីក្រោយឈ្មោះទុន ឈៀង អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ជាង១០ឆ្នាំ មកហើយ ដោយប្រកបរបរដាំត្រកួន និងកញ្ឆែតនៅបឹងជើងឯកលក់ ប៉ុន្តែគ្មានកូនទេ។ ចំណែកនាងជាកូនឪពុកមុនដែលម្តាយនាងបានលែងលះ និងមានបងប្អូនទាំងអស់៥នាក់ ក្នុងនោះស្រី៣នាក់។ ចាប់តាំងពីម្ដាយនាងមានប្ដីក្រោយនេះមកតែងតែឈ្លោះប្រកែកគ្នាជារឿយៗ ប៉ុន្ដែមិនបានប្រើអំពើហិង្សាអីទេហើយម្ដាយរបស់នាងបានសុំលែងលះគ្នាជាមួយប្ដីនោះដែរ តែប្តីនោះមិនព្រមលែងទេ។ លើសពីនេះទៀតប្ដីក្រោយនេះមានប្រពន្ធ និងមានកូនដល់ទៅ៣នាក់ហើយដែរ និងរស់នៅក្នុងភូមិជាមួយគ្នាទៀតផង។ រាល់ថ្ងៃប្ដីក្រោយនេះមិនដែលនៅផ្ទះជាមួយម្ដាយនាងទេ គ្រាន់តែមកអើតមួយភ្លែតៗតែប៉ុណ្ណោះ ។
កូនស្រីរូបនេះបានឱ្យដឹងទៀតថា ឪពុកចុងនាងមិនត្រឹមតែបង្ករឿងជាមួយម្តាយរបស់នាងទេ ថែមទាំងរករឿងនាង និងបងប្អូននាងទៀតផង ។ ជាក់ស្តែងកាលពីថ្ងៃទី១៤ សីហា រូបនាងបានទៅហូបអាហារជាមួយមិត្ដភក្ដិ ហើយបានជួបឪពុកចុងនាងនៅទីនោះ ស្រាប់តែគាត់ជេរស្ដីឱ្យនាងនៅមុខគេមុខឯង លុះត្រឡប់មកដល់ផ្ទះវិញនាងបាននិយាយរឿងនេះប្រាប់ប្អូនស្រីឈ្មោះទូច ចាន់ធូ អាយុ២៣ឆ្នាំ។ បន្ទាប់មកពេលឪពុកចុងនាងមកដល់ផ្ទះវិញបានជេរប្រមាថនាងយា៉ងចាស់ដៃ ហើយដោយអត់ទ្រាំមិនបានរូបនាងនិងប្អូនស្រីក៏បានតបតទៅវិញ ធ្វើឱ្យឪពុកចុងខឹងស្ទុះមកវាយរូបនាងនិងប្អូនស្រី។ លុះស្អែកឡើងរូបនាងនិងប្អូនស្រី ព្រមទាំងម្ដាយបានទៅប្តឹងលោកមេភូមិ និងចៅសង្កាត់ពីរឿងឪពុកចុងវាយធ្វើបាបឱ្យជួយដឹងឮ និងសុំលេខទូរស័ព្ទរបស់ប៉ូលិសប៉ុស្ដិ៍ដើម្បីសុំអន្តរាគមន៍ពេលមានបញ្ហានៅពេលក្រោយផងដែរ។ លុះដល់ព្រឹកថ្ងៃទី១៦ សីហា បងស្រីរបស់នាងនិងម្ដាយនាងបានសួរឪពុកចុងពីមូលហេតុវាយនាង និងប្អូនស្រី ពេលនោះក៏មានការឈ្លោះប្រកែកគ្នាមួយប្រាវផងដែរហើយក៏បែកគ្នាអស់ទៅ ។
ប្រភពដដែលបានបន្ដទៀតថា រហូតដល់រសៀលថ្ងៃដដែលម្ដាយរបស់នាងបានទៅទាញទូកនៅមាត់បឹងជើងឯកយកមកចងទុក ពេលនោះឪពុកចុងនាងក៏ទៅជួយទាញទូកម្ដាយនាងទុកដាក់ត្រឹមត្រូវដែរ ប៉ុន្តែពេលទាញទូករួចភ្លាមស្រាប់តែឪពុកចុងនោះទាញពូថៅកាប់ក្បាលម្ដាយនាងចំនួន៤ពូថៅ បណ្តាលឱ្យរយះហូរឈាមស្រោចពេញខ្លួននិងដួលធ្លាក់ទៅក្នុងទឹក ។ បន្ទាប់ពីកាប់ម្តាយនាងហើយឪពុកចុងនោះក៏បានរត់គេចខ្លួនបាត់ស្រមោល រីឯម្ដាយនាង បានអ្នកភូមិនិងប្អូនរបស់នាងដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យជំរំថ្នល់បត់ តែដោយសាររបួសធ្ងន់ធ្ងរពេកក៏បានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត៕
ចែករំលែកព័តមាននេះ