ប្រធានបទ ៖ តើគួរឱ្យមានការរៀបចំព្រលានយន្តហោះខ្នាតធំ
ជាលក្ខណៈស្តង់ដាអន្តរជាតិមួយទៀតឬទេ?
ក្នុងនាមជាប្រជាពលរដ្ឋមួយរូបដែលធ្លាប់បានចូលរួមអភិវឌ្ឍប្រទេសជាតិ និងធ្លាប់បានឃើញការរៀបចំដែនដីនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួននៅអឺរ៉ុប និងប្រទេសមួយចំនួននៅអាស៊ីយើងនេះ យើងខ្ញុំសូមចូលរួមជាមតិមួយចំនួនជុំវិញការរៀបចំដែនដី និងការអភិវឌ្ឍរបស់យើង ពិសេសនៅរាជធានីភ្នំពេញបច្ចុប្បន្ន។
យើងខ្ញុំសូមកោតសរសើរចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ស្ពានអាកាស អគារលំនៅឋានខ្ពស់ៗ ដែលពីមុនមិនធ្លាប់មាន បច្ចុប្បន្នយើងមាន ។ អ្នកវិនិយោគទុនជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍ និងបានមកបណ្តាក់ទុនយ៉ាងច្រើន ដើម្បីអភិវឌ្ឍប្រទេសជាតិ យើងគួរឱ្យកត់សម្គាល់។ កន្លងមក ទីក្រុងភ្នំពេញរបស់យើងមានមោទនភាពដោយការរៀបចំឡើងក្នុងទសវត្សទី៦០ មានប្លង់ស្ថាបត្យកម្មទំនើបតាមរយៈការរៀបចំឱ្យមានវិថីធំៗ ត្រង់ៗ និង
ទូលាយ។
បច្ចុប្បន្ន តម្រូវការរីកចម្រើនដ៏ឆាប់រហ័ស បានធ្វើឱ្យទីក្រុងភ្នំពេញកាន់តែចង្អៀត និងទាមទារឱ្យមានការអភិវឌ្ឍចំទិសដៅ ។ តាមរយៈបទពិសោធន៍នៃបណ្តាប្រទេសជឿនលឿនមួយចំនួន បញ្ហាសុខុមាលភាពប្រជាពលរដ្ឋដែលរស់នៅទីក្រុងជាបញ្ហាចម្បង។ ហេតុនេះទីក្រុងភ្នំពេញ គួរមានប្លង់មេ (Master Plan) ដែលបានអនុម័តដោយរដ្ឋាភិបាលសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ក្នុងនោះគួរមានតំបន់រដ្ឋបាល តំបន់ឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម តំបន់ឧទ្យាន និងរមណីយដ្ឋាន តំបន់លំនៅឋានខ្ពស់ៗ លំនៅឋានអភិរក្សបែបសំណង់បុរាណ លំនៅឋានថ្មី យ៉ាងជាក់លាក់ និងច្បាស់លាស់ ហើយត្រូវបានធ្វើបច្ចុប្បន្នភាពឡើងវិញរៀងរាល់៥ឆ្នាំ ឬ១០ឆ្នាំម្តង។
ចំណុចបន្ទាន់ និងគួរចាប់អារម្មណ៍ គឺប្លង់មេ ដែលមានការកំណត់ឱ្យហើយ ទីតាំងព្រលានយន្តហោះថ្មីដែលមានខ្នាតធំជាលក្ខណៈស្តង់ដាអន្តរជាតិ។ ការបើកចំហជើងមេឃ គឺដើរទន្ទឹមនឹងការអភិវឌ្ឍព្រលានយន្តហោះ ដែលយន្តហោះធំប្រភេទណាក៏អាចចុះចតបាន ។ ទីតាំងថ្មីដែលគួរចាប់អារម្មណ៍ គឺទីតាំងដីព្រៃលិចទឹក ចន្លោះទន្លេមេគង្គ និងទន្លេសាប ចាប់ពីស្ពានព្រែកព្នៅរហូតដល់ស្ពានព្រែកក្តាម ។ ទីតាំងដីសាធារណៈរបស់រដ្ឋទីនោះ មានសក្តានុពលគ្រប់គ្រាន់ សម្រាប់កសាងព្រលានយន្តហោះរបស់ថ្នាក់ជាតិ ជាទីតាំងដែលឆ្លើយតបដ៏សមស្របបំផុតទៅនឹងបច្ចេកទេសតម្រូវការរបស់ព្រលានយន្តហោះ គឺផ្លូវរត់សម្រាប់ការហោះហើរ និងទឹកដែលមាននៅទន្លេទាំងពីរ (ទន្លេមេគង្គ និងទន្លេសាប)។ យើងខ្ញុំជឿជាក់ថា ពេលនេះជាឱកាសសមស្របបំផុត ដែលរដ្ឋត្រូវកំណត់ក្នុងប្លង់មេ ហ៊ុមព័ទ្ធតំបន់នោះសម្រាប់គោលដៅខាងលើ ហើយដីសាធារណៈរបស់រដ្ឋនៅទីនោះ ពុំមានប្រជាពលរដ្ឋណាមានសិទ្ធិគ្រប់គ្រង ឬកាន់កាប់ជាលក្ខណៈឯកជនបានឡើយ។
ក្រៅពីនោះ នៅក្នុងប្លង់មេ ក៏គួរគិតគូរផងដែរអំពីការអភិវឌ្ឍឱ្យមានឧទ្យាន ដើមឈើ និងទឹកដែលអាចជាផ្ទៃទឹកបឹងធម្មជាតិធំ ឬតូច ឬបឹងសិប្បនិម្មិត លំអទៅដោយការបាញ់ទឹកពីក្នុងផ្ទៃបឹង និងភ្លើងពណ៌ លើផ្ទៃបឹងព័ទ្ធជុំវិញទៅដោយផ្លូវដើរ ដើមឈើមានម្លប់ត្រឈឹងត្រឈៃ និងមានសត្វព្រៃធម្មជាតិ…។ ឧទ្យានទាំងនោះ នឹងផ្តល់សុខុមាលភាពដល់ប្រជាពលរដ្ឋ ដែលកំពុងតែរងជាតិពុលពីផ្សែងរថយន្ត ឬរោងចក្រ និងថប់អារម្មណ៍ក្នុងទីក្រុង។
ចំណុចទាំងអស់ខាងលើនេះ គ្រាន់តែជាជ្រុងមួយនៃគំនិតប៉ុណ្ណោះ ។ យើងខ្ញុំសង្ឃឹមថា ទីក្រុងភ្នំពេញ នឹងប្រែប្រួលមុខមាត់របស់ខ្លួនកាន់តែល្អស្រស់បំព្រងថែមទៀត ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ដើម្បីសមស្របជាកម្ពុជាអច្ឆរិយៈ និងដើរទាន់ប្រទេសជឿនលឿនក្នុងសាកលលោក និងក្នុងតំបន់ ៕
ដោយ កុយ សារឹម
អតីតមន្ត្រីសម្របសម្រួលគម្រោងបែងចែកដី
ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED)
ចែករំលែកព័តមាននេះ