ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីពន្ធនាគារខេត្តម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ សីហា នៅត្រង់ចំណុចផ្លូវកោងមុខសាលាបំពេញវិជ្ជាខេត្តស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ។ យោងតាមរបាយការណ៍របស់ប៉ូលិសក្រុងកំពង់ឆ្នាំងបាននិយាយថា មន្ត្រីពន្ធនាគាររូបនេះឈ្មោះលឹម សុកុល អាយុ៣០ឆ្នាំ ។
មុនពេលកើតហេតុបុរសរូបនោះបានជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតាមថ្នល់ជាតិពីទិសខាងត្បូងទៅខាងជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោង គាត់បានបើកវ៉ាម៉ូតូគុបមួយគ្រឿងជិះស្របទិសគ្នាដែលមានមនុស្សជិះពីរនាក់ដោយមានឈ្មោះតាំង នៅ អាយុ២៧ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកគុប និងអ្នកជិះពីក្រោយដែលបានលីជណ្តើរដែកមួយប្រហែល៣ម៉ែត្រមកជាមួយផង ឈ្មោះសន់ វែង អាយុ២២ឆ្នាំ ទាំងពីរនាក់ជាបុគ្គលិកទូរទស្សន៍ខ្សែកាបខេត្ត ។ ខណៈពេលមន្ត្រីពន្ធនាគារវ៉ាទន្ទឹមគ្នាក៏ប៉ះស្មារួចក៏បណ្តាលឱ្យដួលទាំងសងខាងតែម្តង។ អ្នកជិះម៉ូតូម៉ាកគុបទំាំងពីរនាក់រួចរបួសស្រាល ប៉ុន្តែមន្ត្រីពន្ធនាគារជិះម៉ូតូម៉ាកវីវ៉ា ក៏រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យផងដែរ ។ ម៉ូតូទាំងពីរគ្រឿងរួមទាំងជណ្តើរផង ត្រូវបានរក្សាទុកនៅប៉ូលិសក្រុងដើម្បីរង់ចាំការដោះស្រាយ៕
ចែករំលែកព័តមាននេះ