កាលពីថ្ងៃទី១៧ សីហា អតីតមេដឹកនាំសហភាពសូវៀតចុងក្រោយគេ លោកមីខាអ៊ីល ហ្គ័របាឆូវ ក្រោយពីនិយាយពីការដើរថយក្រោយរបស់រុស្ស៊ី លោកបានលើកឡើងពីសភាពការណ៍នយោបាយនៅបេឡារុស។ យោងតាមលោកហ្គ័របាឆូវ ថា ប្រមុខរដ្ឋបេឡារុស លោកអេឡិចសាន់ដ្រ៍ លូកាឆេនកូ បានរៀបចំកូនប្រុសរបស់លោកដែលពេលនេះមានអាយុទើប៦ឆ្នាំ សម្រាប់ជាអ្នកឡើងបន្តវេនខណៈប្រធានាធិបតីរូបនេះមានកូន៣នាក់។
បិតាប៉េលស្រូយកា និងជ័យលាភីពានរង្វាន់ណូបែលសន្តិភាពរូបនេះវាយតម្លៃថា លោកលូកាឆេនកូ បានជ្រើសរើសកូនប្រុសលោកឈ្មោះកូសីយ៉ា រៀបចំជាអ្នកបន្តវេនដោយពុំមានការលាក់បាំងអ្វីឡើយ។ កូនប្រុសរបស់លោកលូកាឆេនកូ ឈ្មោះវិកទ័រ ជាសមាជិកក្រុមប្រឹក្សាសន្តិសុខរបស់បេឡារុស ខណៈកូនប្រុសពៅរបស់លោកឈ្មោះឌីមីទ្រី កាន់តំណែងជាប្រធានក្លឹបកីឡាប្រធានាធិបតី ហើយបានរៀបចំការចូលរួមប្រកួតកីឡារបស់បេឡារុសក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០០៨កន្លងមកនេះ នៅក្រុងប៉េកាំង។
លោកហ្គ័របាឆូវ បន្តថា លោកលូកាឆេនកូ បានកាន់អំណាចជិត២០ឆ្នាំ មកហើយ ដូច្នេះត្រូវមានការផ្លាស់ប្តូរនៅបេឡារុស ។ លោករិះគន់ជាពិសេសដល់ការបង្ក្រាបក្រោយការបោះឆ្នោតបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីខែធ្នូ ឆ្នាំ២០១០។ លោកលូកាឆេនកូ អាយុ៥៦ឆ្នាំ ពេលបង្ហាញមុខជាសាធារណៈតែងបង្ហាញជាមួយកូនប្រុសវ័យក្មេងរូបនេះដែលជាផ្លែផ្កានៃទំនាក់ទំនងស្នេហាខាងក្រៅមួយ ៕
ចែករំលែកព័តមាននេះ