រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ បានមានប្រសាសន៍ថា ទាំងកម្ពុជា និង ថៃ មានកាតព្វកិច្ចក្នុងការអនុវត្តសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដែលតម្រូវឱ្យមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីមកកាន់តំបន់គ្មានកងទ័ព។ ប្រសាសន៍ថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី១៨ សីហា យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកយុទ្ធសាក់ សាស៊ីប្រាផា ត្រូវបានសារព័ត៌មាន INN របស់ថៃ ស្រង់សម្តីចេញផ្សាយកាលពីថ្ងៃទី១៦ សីហា ថា ប្រសិនបើប្រទេសកម្ពុជា និងថៃអាចចរចា និងព្រមព្រៀងគ្នាបាននោះ ប្រទេសទាំង២អាចធ្វើរបាយការណ៍ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិថា មិនចាំបាច់ស្នើឱ្យអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃនោះទេ។
គួររំលឹកថា កាលពីថ្ងៃទី១៨ កក្កដា ២០១១ តុលាការក្រុងឡាអេបានចេញសេចក្តីសម្រេចរបស់ខ្លួនដោយតម្រូវឱ្យភាគីកម្ពុជា និងថៃត្រូវតែដកកងទ័ពរបស់ខ្លួនចេញពីតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ ហើយបានបញ្ជាឱ្យថៃ មិនត្រូវរារាំងភាគីកម្ពុជា ដែលធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារ ដើម្បីផ្គត់ផ្គង់អាហារដល់បុគ្គលិកខ្មែរដែលមិនមែនជាយោធានោះទេ។ ជាមួយគ្នានេះដែរ តុលាការរបស់អង្គការសហប្រជាជាតិមួយនេះ ក៏តម្រូវឱ្យមានអ្នកសង្កេតការណ៍របស់ប្រទេសឥណ្ឌូណេស៊ីមកកាន់តំបន់គ្មានយោធានោះផងដែរ ។ ក្រុមអ្នកវិភាគ ឬអ្នកតាមដានគិតថា កម្ពុជាមិនអាចយល់ព្រមជាមួយភាគីថៃដោយគ្មានសង្កេតការណ៍ឥណ្ឌូណេស៊ីនោះទេ ព្រោះថា ថៃធ្លាប់លក់ផ្លូវច្រើនលើកច្រើនសារួចមកហើយ និងធ្វើឱ្យកម្ពុជាព្រមទាំងអន្តរជាតិអស់ជំនឿ ម្យ៉ាងហួសពេលទ្វេភាគីហើយ ព្រោះកិច្ចការតំបន់ប្រាសាទព្រះវិហារកំពុងស្ថិតក្នុងដៃតុលាការយុត្តិធម៌អន្តរជាតិទៅហើយ ៕
ចែករំលែកព័តមាននេះ