ខេត្តរតនគិរី ៖ មួយរយៈនេះគេសង្កេតឃើញថា សេវាកម្មបម្រើផ្លូវភេទជាច្រើនបានរីកដុះដាលដូចផ្សិតត្រូវទឹកភ្លៀង និងជ្រកក្រោមស្លាកសញ្ញាខារ៉ាអូខេ ដែលទីតាំងហាងខារ៉ាអូខេទាំងនោះភាគច្រើនស្ថិតនៅតំបន់ជាយក្រុងបានលុង និងតែងបង្កភាពអសន្តិសុខក្នុងសង្គមជារឿយៗ កន្លងមក ដូចជាករណី ចោរកម្ម អំពើហិង្សា សេវាផ្លូវភេទ និងកន្លែងខ្លះថែមទាំងមានលួចលាក់លក់ ជក់គ្រឿងញៀនទៀតផង ។
ក្រោយពីមានបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានប្រកាសដាច់ខាតត្រូវតែលុបបំបាត់ឱ្យអស់នូវការជួញដូរផ្លូវភេទស្ត្រី និងកុមារក្នុងសង្គមខ្មែររួចមក ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសក្នុងខេត្តរតនគិរីមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយឃើញស្ថាប័នមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តបទបញ្ជាយ៉ាងមានប្រសិទ្ធភាពចុះបិទទីតាំងធ្វើអាជីវកម្មលើស្ត្រីភេទ ព្រោះកន្លងមកពួកគាត់ដែលមានលំនៅឋានជិតកន្លែងរកស៊ីទាំងនោះតែងទទួលការរំខានទាំងថ្ងៃយប់មិនបានដេកពួនពីសំណាក់ភ្ញៀវដែលមករកការសប្បាយក្នុងហាងខារ៉ាអូខេទាំងនោះ មិនលោះមួយថ្ងៃណាសោះ។
តែមួយរយៈនេះហាងខារ៉ាអូខេទាំងនោះបានបើកធ្វើអាជីវកម្ម និងខ្លាំងជាងមុនទៅទៀត រំខានការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋជាក់ស្តែងប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះដែលមានផ្ទះនៅជាប់គ្នានឹងហាងខារ៉ាអូខេមួយកន្លែង បានបង្ហើបប្រាប់កោះសន្តិភាពទាំងត្អូញត្អែរថា រាល់យប់ គាត់ពុំសូវបានសម្រាន្តលក់ប៉ុន្មានទេ ព្រោះតែមានសំឡេងរំខានចេញពីហាងដែលនៅជាប់របងគ្នានោះ ។ គាត់បន្ថែមទៀតថា ថ្ងៃខ្លះគាត់ឃើញភ្ញៀវដែលមកកម្សាន្តនៅទីនោះឈ្លោះវាយតប់គ្នារហូតរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក៏មាន។
ដោយឡែក ទាក់ទងសេវាផ្លូវភេទក្នុងខេត្តវិញ បុរសវ័យចំណាស់អាយុប្រមាណជា៤០ឆ្នាំ ម្នាក់បានបង្ហើបឱ្យដឹងទាំងទឹកមុខញញឹមញញែមថា គាត់ជាភ្ញៀវដែលឧស្សាហ៍មកកម្សាន្តសប្បាយប្រចាំហាងខារ៉ាអូខេ ព្រោះទីនេះសំបូរស្រីក្មេងៗ ហើយប្រសិនបើចង់រួមភេទក៏មិនពិបាក ដោយគ្រាន់តែចំណាយប្រាក់មួយចំនួនសម្រាប់នាងៗក៏រួចរាល់ហើយ៕
ចែករំលែកព័តមាននេះ