រាជធានីភ្នំពេញ ៖ រថយន្តទំនើបពីរគ្រឿងដែលមួយគ្រឿងម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ និងមួួយគ្រឿងទៀតម៉ាក TUNDRA ពណ៌ខ្មៅ បានបុកគ្នានៅចំណុចផ្លូវកែងលេខ៣៦០ និងលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៦ សីហា ។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ដែលយាមនៅហាងខារ៉ាអូខេហ្ស៊ូម ក្បែរកន្លែងកើតហេតុនោះរងរបួស និងរថយន្តភ្ញៀវចតស្ងៀមចូលច្រៀងខារ៉ាអូខេនៅហាងខាងលើចំនួន២គ្រឿងរងការខូចខាត។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលចរាចរខណ្ឌចំការមន បានសហការជាមួយសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចុះវាស់វែងនិងនាំយករថយន្តទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តម៉ាកឡិចស៊ីស៤៧០ បើកបរតាមផ្លូវលេខ១០៥ក្នុងទិសដៅពីត្បូងទៅជើង ចំណែកឯរថយន្ត TUNDRA បើកបរតាមផ្លូវលេខ៣៦០ ក្នុងទិសដៅពីលិចទៅកើត ហើយបានបុកគ្នានៅចំណុចផ្លូវកែងបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនិងរថយន្ត២គ្រឿងផ្សេងទៀត ។ក្នុងហេតុការណ៍នេះដែរ គេឃើញម្ចាស់រថយន្តម៉ាកតាកូម៉ា ពណ៌ខៀវ ក្នុងចំណោមរថយន្ត២ គ្រឿង ដែលចតស្ងៀមហើយបែរជាខូចខាតដែរនោះ សុខចិត្តយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង ព្រោះខ្ជិលវែងឆ្ងាយជាមួយ ប៉ូលិស។ ចំណែកឯរថយន្តមួយគ្រឿងទៀតម៉ាកប្រាដូ ពណ៌ស ដែលរងការខូចខាតខ្លាំងសុខចិត្តឱ្យប៉ូលិសយកទៅកាន់ការិយាល័យដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ដោយឡែកនារសៀលថ្ងៃទី១៧ សីហា នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចមុខវត្ត វាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌមាន ជ័យ រថយន្តកូរ៉េមួយគ្រឿងពណ៌ឈាមជ្រូក ដឹកឥដ្ឋពេញ បានបុកបុរសចំណាស់ម្នាក់ដែលជិះម៉ូតូស្របទិសគ្នាក្នុងទិសដៅពីកើតទៅលិចបណ្តាលឱ្យបុរសនោះដួលបោកខ្លួននិងបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តភ្លាមៗនោះ ក្រោយពីដឹងថា បុកមនុស្សរងរបួសធ្ងន់ធ្ងរក៏ចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលឈឹងទៅ ៕
ចែករំលែកព័តមាននេះ