ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​គម​អាជីវករ​​​ចែក​ចាយ​​កា​សែត​​ជ្រើស​រើស​​ក្រុមប្រឹក្សា​​អាណត្តិថ្មី

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​​​សមា​គម​​អាជីវករ​​​ចែក​ចាយ​​កាសែត​​រាជ​ធានីភ្នំពេញ​​កាលពីថ្ងៃទី១៦ ​សីហា ឆ្នាំ​២០១១ ​​បាន​រៀបចំ​​សន្និបាត​​​បូក​សរុប​​សកម្ម​ភាព​​ការងារ​​​អាណត្តិ​ទី១ ​និងជ្រើស​​​រើស​ក្រុមប្រឹក្សា​​សម្រាប់​អាណត្តិ​​​ថ្មី​ដោយ​មាន​ការ​ចូលរួម ​ពីលោក​ប៉ែន ​សមិទ្ធិ ប្រធាន​ក្លឹប​អ្នកកា​សែត​​​កម្ពុជា​​​ លោកឃុត ​សំខាន់ ​អនុ​ប្រធាន​​មន្ទីរ​​​​ព័ត៌​មាន​រាជ​

រាជ​ធានីភ្នំពេញ ៖ ​​​សមា​គម​​អាជីវករ​​​ចែក​ចាយ​​កាសែត​​រាជ​ធានីភ្នំពេញ​​កាលពីថ្ងៃទី១៦ ​សីហា ឆ្នាំ​២០១១ ​​បាន​រៀបចំ​​សន្និបាត​​​បូក​សរុប​​សកម្ម​ភាព​​ការងារ​​​អាណត្តិ​ទី១ ​និងជ្រើស​​​រើស​ក្រុមប្រឹក្សា​​សម្រាប់​អាណត្តិ​​​ថ្មី​ដោយ​មាន​ការ​ចូលរួម​ពីលោក​ប៉ែន ​សមិទ្ធិ ប្រធាន​ក្លឹប​អ្នកកា​សែត​​​កម្ពុជា​​​ លោកឃុត ​សំខាន់ ​អនុ​ប្រធាន​​មន្ទីរ​​​​ព័ត៌​មាន​រាជ​ធានីភ្នំពេញ​​​​ និង​លោក​យ៉ែម ​ណយ ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌​មាន​នៃក្រសួង​ព័ត៌ មាន​​ និង​អាជីវករ​​​លក់​កាសែត​ក្នុង​​រាជធានីភ្នំពេញ ​​​ប្រមាណ​​​ជាង​១០០​​នាក់ ។

លោកស្រី​​ហុក ប៊ុនណាត ​ប្រធាន​ក្រុមប្រឹក្សា ​​សមាគម​អាជីវករ​​ចែកចាយ​កាសែត​​មាន​ប្រសាសន៍​​ថា សមាគម​នេះ​បានចាប់កំណើត​​​ឡើង​​នៅ​ឆ្នាំ​២០០៦ ​ហើយរយៈ​ពេល​៥​​​​​​កន្លង​មកនេះ ​សមាគម​​បាន​ធ្វើ​សកម្ម​ភាព​ជា​ច្រើន​​​ដើម្បី​ការពារ​ និងបម្រើ​ផលប្រយោជន៍​​​អាជីវករ​​​លក់កាសែត​​រួម​ចំណែក​ក្នុង​ការ​អភិ​វឌ្ឍ​​ប្រជា​ធិបតេយ្យ​​នៅកម្ពុជា​ ។ ប៉ុន្តែ​​អ្វី​​ដែល​ជា​ការ​កត់​សម្គាល់​នោះគឺ​​​មានបញ្ហា​​ប្រឈម​​​ជា​ច្រើន​​​បាន​និងកំពុង​​រារាំង​ដល់​ដំណើរ​​ការ​សកម្ម​ភាព​​សមា​គម​​ រួម​មាន​​កម្រិត​​​សមត្ថភាព​ដឹក​នាំ​​របស់​ក្រុម​ប្រឹក្សា​​នៅ​ទាប ​​កង្វះ​​​ខាត​​​បទពិសោធន៍​​​ និង​ថវិកា ​រួម​ទាំង​​បញ្ហា​​​អាជ្ញា​ធរ​​ដែលនៅ​តែ​បន្ត​បណ្តេញ​​​តូបលក់​​កាសែត​​ចេញពី​ទីតាំង​​ក្រោម​​រូប​​ភាព​នៃ​ការ​អភិវឌ្ឍទីក្រុង ។

លោកស្រី​​ហុក ប៊ុន​ណាត ​បានអំពាវនាវ​​ដល់​​អាជ្ញាធរ​គ្រប់ថ្នាក់​ សំខាន់​អាជ្ញា​ធរ​​ដែនដី​​ឱ្យ​យោគ​​យល់​ និងអធ្យាស្រ័យ​​ចំពោះ​​​កង្វះ​ខាត​មួយ​ចំនួន​របស់​​​​អាជីវករ​លក់​កាសែត​​ដោយ​យក​វិធាន​ការ​​អប់រំ​ណែនាំ​​មកជំនួស​​ការ​បណ្តេញ​​​ចេញ​ដោយ​គ្មាន​មូលហេតុ​ និងបង្កើត​​​​ឱ្យ​មាន​ជា​វេទិកា​​​ពិភាក្សា​គ្នា​មុននឹង​​សម្រេច​បណ្តេញ​​​តូប​លក់​កាសែត​​ពីទីតាំង​កំពុងលក់ដូរ ។

លោក​ប៉ែន  សមិទ្ធិ ប្រធាន​ក្លឹប​​អ្នក​កាសែត ​​កម្ពុជា​បានថ្លែង​កោត​សរសើរ​​ចំពោះ​​អាជីវករ​​លក់​​កាសែត​​ដែលពុះពារ​​ការលំបាក​​បង្កើត​​​​សមា​គម​​អាជីវករ​​​​​ចែក​ចាយ​​កាសែត​​​​ដោយ​ខ្លួន​ឯង ។ សមា​គមនេះបានធ្វើ​​សកម្ម​ភាព​ជាច្រើនក្នុង​ការ​​​ការពារ​​​ផលប្រយោជន៍​​​របស់​​​​​​អាជីវករ​​​​​លក់​កា​សែត​ក្នុងរាជ​ធានីភ្នំពេញ ។

លោក​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​អំពា​វ​នាវ​ឱ្យ​អាជីវករ​​ចូលរួម​​​ឱ្យ​បានសកម្ម​​ថែម​ទៀត​​​ក្នុងសកម្មភាព​សមាគម​​ ដើម្បី​សមាគម​​មាន​​លទ្ធភាព​​ក្នុងការបំពេញ​​​​ការ​ងារ​ជួយ​អាជី​វករ​​​វិញ ។ ​​​លោកបញ្ជាក់ថា ​​តូប​លក់​​កាសែត​​​​មាន​សារសំខាន់​ខ្លាំង​ណាស់ ​​ចំពោះ​​​សារព័ត៌​មាន​​​​​បោះ​ពុម្ពក្នុង​ពេល​ដែល​វិស័យ​នេះ​កំពុង​​​មាន​ការ​រីក​ចម្រើន​​​​ ប៉ុន្តែ​មួយរយៈ​​ចុង​ក្រោយ​នេះ​​តូប​លក់​កាសែត​​ត្រូវ​ប្រឈម​​​នឹង​ការ​បណ្តេញ​​​ចេញ​​ដែល​ធ្វើ​ឱ្យ​​​ចំនួនតូប​​មាន​ការ​ថយចុះ​​​ និងជះ​​ឥទ្ធិ​ពល​​​ដល់​​​​ចំនួន​នៃ​​ការបោះ​​ពុម្ព​​​ផ្សាយ​របស់​​សារព័ត៌​មាន ។

នាឱកាស​នោះ​ ​​សមាជិក​​សមាគម​អាជីវករ​​ចែកចាយ​​កាសែត​បាន​​ជ្រើស​រើស​​​តំណាង​​​ចំនួ​ន​៩រូប​ជា​ក្រុម​​ប្រឹក្សា​​សមាគម​​សម្រាប់​​​អាណត្តិ​​​ទី២​ក្នុងនោះ​លោកស្រី​ហុក ប៊ុនណាត ​ត្រូវ​បាន​ជ្រើស​រើស​​​ជាប្រធាន​សម្រាប់​​អាណត្តិ​​​ទី២​បន្ត​ទៀត ។

កាលពីប៉ុន្មានឆ្នាំ​មុន តូបលក់​កាសែត​ក្នុង​រាជធានីភ្នំពេញ​​​​មានចំនួន​១៨៣ តូប ប៉ុន្តែ​បច្ចុប្បន្ន​នេះ​​នៅសល់​តែ​ចំនួន​១២៦​​តូបប៉ុណ្ណោះ ។ ​​ការ​ថយ​ចុះ​តូបលក់កាសែត​​​នេះ​មិន​មែន​បណ្តាល​មក​ពី​​​ការលក់​​​កាសែត​​មិនដាច់​ទេ ​​គឺ​តូប​ភាគច្រើន​ត្រូវអាជ្ញាធរ​រុះរើ​ និង​បណ្តេញ​​ចេញ ៕