ក្រុងប៉ោយប៉ែត ៖ មន្ត្រីកម្ពុជាទាំងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតទាំងនៅក្នុងប្រទេសថៃឱ្យដឹងថា ពលករខ្មែរចំនួន១៤៧នាក់(ស្រី៥០នាក់)ដែលចូលទៅធ្វើសំណង់ឱ្យក្រុមហ៊ុនថៃមួយត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនពីកន្លែងសាងសង់ខុនដូមួយនៅក្បែរផ្សារលុងក្លឿក្នុងស្រុកអរញ្ញ ខេត្តស្រះកែវ កាលពីយប់ថ្ងៃទី១៦ សីហា ។
មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រាប់ឱ្យដឹងថា សមត្ថកិច្ចថៃឃាត់ខ្លួនពលករទាំងនោះគឺផ្តើមចេញពីជម្លោះកាប់ចាក់គ្នារវាងពលករមួយក្រុមដែលចូលទៅដេកនៅផ្សារលុងក្លឿ។ ក្រោយពេលកើតហេតុដោយសារសមត្ថកិច្ចថៃរកក្រុមកាប់ចាក់គ្នាមិនឃើញ បែរជាប្រទះឃើញពលករដែលធ្វើការឱ្យក្រុមហ៊ុនម៉ៅការសំណង់ខុនដូច្រើននាក់ក៏ឃាត់ខ្លួនតែម្តង។
មន្ត្រីកុងស៊ុលខ្មែរប្រចាំនៅប្រទេសថៃប្រាប់តាមទូរស័ព្ទថា ពលករទាំង១៤៧នាក់នោះមួយចំនួនធំមានបែបបទច្បាប់ត្រឹមត្រូវ និងមួយចំនួនតូចមិនមានបែបបទច្បាប់ទេ។ ពេលនេះគេកំពុងពិនិត្យទៅលើឯកសាររបស់ក្រុមហ៊ុនម៉ៅការសំណង់នោះ ប្រសិនបើក្រុមហ៊ុនមានច្បាប់អាជីវកម្មត្រឹមត្រូវគេ នឹងឱ្យពលករមានឯកសារច្បាប់ត្រឹមត្រូវទៅធ្វើការបន្ត តែសំរាប់ពលករណាដែលមិនមានឯកសារត្រឹមត្រូវទេ នឹងបញ្ជូនទៅកម្ពុជាវិញ ។
មន្ត្រីដដែលបញ្ជាក់ថា បើក្រុមហ៊ុននោះមិនមានច្បាប់អាជីវកម្មត្រឹមត្រូវគេនឹងបញ្ជូនពលករទាំងអស់មកកម្ពុជាវិញ ៕
ចែករំលែកព័តមាននេះ