ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សម្ពោធស្លាក​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ​ និង​វប្ប​ធម៌​ខ្មែរ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១១ នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា វិទ្យា​ស្ថាន​ខុង​ជឺ​នៃ​រាជ​បណ្ឌិត​្យ​សភា​កម្ពុជា​បាន​រៀប​ចំ​ពិធី​សម្ពោធ​ មណ្ឌល​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ និង​វប្ប​ធម៌​ខ្មែរ និង​ពិធី​បើក​សន្និសីទ​អន្តរ​ជាតិ​លើក​ទី​១​ស្តី​ពី​ទំនាក់​ទំនង​កម្ពុជា​ -ចិន នា​សម័យ​​ចេន​ឡា​ និង​អង្គរ​ ក្រោម​អធិបតី​ភាព​របស់​លោក​ជំទាវ​

រាជធានីភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១១ នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា វិទ្យា​ស្ថាន​ខុង​ជឺ​នៃ​រាជ​បណ្ឌិត​្យ​សភា​កម្ពុជា​បាន​រៀប​ចំ​ពិធី​សម្ពោធ​មណ្ឌល​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ និង​វប្ប​ធម៌​ខ្មែរ និង​ពិធី​បើក​សន្និសីទ​អន្តរ​ជាតិ​លើក​ទី​១​ស្តី​ពី​ទំនាក់​ទំនង​កម្ពុជា​-ចិន នា​សម័យ​​ចេន​ឡា​ និង​អង្គរ​ ក្រោម​អធិបតី​ភាព​របស់​លោក​ជំទាវ​បណ្ឌិត​សភា​ចារ្យ​ ខ្លូត ធីតា ប្រធាន​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា​ និង​លោក​ផាន គ័ង​សៀ ឯក​​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។

លោក​បណ្ឌិត​ជា មុនី​ឫទ្ធិ​ នាយក​វិទ្យា​ស្ថាន​ខុង​ជឺ​នៃ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ប្រវត្តិ​សាស្ត្រ​ និង​វប្ប​ធម៌​ខ្មែរ​នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​និយាយ​ដោយ​ឡែក ​នៅ​លើ​ពិភព​លោក​និយាយ​រួម​វិទ្យា​ស្ថាន​ខុង​ជឺ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​បង្កើត​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ​ និង​វប្ប​ធម៌​ខ្មែរ​​នេះ​ឡើង​។ ការ​សម្ពោធ​ស្លាក​មជ្ឈ​មណ្ឌល​នេះ គឺ​ដើម្បី​ពង្រឹង​​ និង​ពង្រីក​កិត្យា​នុ​ភាព​របស់​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ​ និង​វប្ប​ធម៌​ខ្មែរ​នៅ​សាធារណ​រដ្ឋ​ប្រជាមា​និត​ចិន​ ហើយ​ក៏​បាន​រួម​ចំណែក​ដល់​ការ​ពង្រីក​ឥទ្ធិ​ពល​​របស់​បណ្ណា​ល័យ​​អេឡិច​ត្រូនិក​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​បណ្ឌិត​សភា​ចារ្យ​ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី ទៀត​ផង​។

ជាមួយ​គ្នា​នេះ​ដែរ​ ក្នុង​កិច្ច​រឹត​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​យើង​ទាំង​ពីរ​ កម្ពុជា​-ចិន វិទ្យាស្ថាន​បាន​រៀប​ចំ​វេទិកា​ពិភាក្សា​វិទ្យា​សាស្ត្រ​សង្គម​មួយ​ស្តី​ពី​ទំនាក់​ទំនង​កម្ពុជា​-ចិន នា​សម័យ​ចេន​ឡា​-អង្គរ​ ដោយ​មាន​វាគ្មិន​ជាតិ​៤​រូប និង​វាគ្មិន​ចិន​ចំនួន​៣​រូប​ ហើយ​មាន​អ្នក​ចូល​រួម​ពី​ក្រសួង​ព័ត៌​មាន​ ក្រសួង​ទេស​ចរណ៍​ ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ក្រសួង​អប់រំ​ យុវ​ជន​ និង​កីឡា​ ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ ក្រសួង​កិច្ច​ការ​នារី ក្រសួង​ការ​ពារ​ជាតិ​ ក្រសួង​មហា​ផ្ទៃ ក្រសួង​អភិវឌ្ឍ​ន៍ជន​បទ​ និង​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​។

លោក​ផាន ត័ង​សៀ បាន​ថ្លែង​កោត​សរ​សើរ​ចំពោះ​កិច្ច​​ខិត​ខំ​របស់​វិទ្យា​​ស្ថាន​ខុង​ជឺ​នៃ​រាជ​បណ្ឌិត​្យ​សភា​កម្ពុជា និង​បាន​សន្យា​បន្ត​កិច្ច​គាំ​ទ្រ​ដល់​​បេសកកម្ម​នានា​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ និង​វិទ្យា​ស្ថាន​ខុង​ជឺ​។

លោក​ជំទាវ​បណ្ឌិត​សភា​​ចារ្យ​ ខ្លូត ធីតា ​មាន​ប្រសាសន៍​ថា វិទ្យា​ស្ថាន​ខុងជឺ​នៃ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា​បាន​ខិត​ខំបំពេញ​ការ​ងារ​របស់​ខ្លួន​ដូច​ជា​បង្គោល​ស្ពាន​ដ៏​រឹង​មាំ​ដើម្បី​ទ្រ​អ្នក​ស្រាវ​ជ្រាវ​កម្ពុជា​ឱ្យ​ជីក​កកាយ​​កំណប់​ពុទ្ធិ​មហា​សាល​ពី​សាធារណ​រដ្ឋ​ប្រជាមា​និត​ចិន និង​ផ្តល់​​អ្នក​ស្រាវ​ជ្រាវ​ចិន​នូវឯក​សារ​​ដ៏​មាន​ប្រយោជន៍​ជា​ច្រើន​ពី​​ប្រវត្តិ​សាស្ត្រ​ និង​វប្ប​ធម៌​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដល់​អ្នក​ស្រាវ​ជ្រាវ​ចិន​ទៀត​ផង។ លើស​ពី នេះ​ទៅ​ទៀត​មជ្ឈ​មណ្ឌល​នេះ​មិន​ត្រឹម​តែ​ផ្តល់​ជូន​កម្ពុជា​នូវ​កិត្យា​នុ​ភាព​ផ្នែក​វិទ្យា​សាស្ត្រ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​រួម​ចំណែក​ផ្សព្វ​ផ្សាយ​ពីប្រវត្តិ​សាស្ត្រ​ និង​វប្ប​ធម៌​ដ៏​យូរ​លង់​របស់​កម្ពុជា​ទៀត​។

លោក​ជំទាវ​ខ្លូត ធីតា បាន​បន្ត​ថា ​បើ​តាម​កំណត់​ត្រា​របស់​ជន​ជាតិ​ចិន​ យើង​ឃើញ​ថា ចាប់​តាំង​ពី​សត​វត្ស​ទី​១​នៃ​គ្រឹស្ត​សករាជ​​រហូត​​ដល់​សត​វត្ស​ទី​១៣ ជន​ជាតិ​​ចិន​រមែង​តែ​ហៅ​ប្រទេស​កម្ពុជា​យើង​ក្រោម​រហស្ស​នាម​ហ្វូណន(នគរ​ភ្នំ)។ អាណា​ចក្រ​​ហ្វូ​ណន​គឺ​ជា​ឈ្មោះ​របស់​រដ្ឋ​ខ្មែរ​​ដំបូង​បង្អស់​​ដែល​តាម​រយៈ​ឥណ្ឌូ​រូប​នីយ​កម្ម​ ហើយ​អាណា​ចក្រ​​នេះ​ត្រូវបាន​ប្តូរ​ឈ្មោះ​មក​ជា​ប្រទេស​ចេន​ឡា​។ ឈ្មោះ​ចេន​ឡា​នេះ​ត្រូវ​បាន​កត់​ត្រា​ក្នុង​កំណត់​ហេតុ​ចិន​ទាំង​ឡាយ​ដើម្បី​សម្គាល់​ប្រទេស​កម្ពុជា​យើង​រហូត​ដល់​សន្តិ​វង្ស​យាន​ ដូច​មាន​ទស្សន​កិច្ច​​របស់​បេសក​ទូត​ចិន​ជីវ​តា​ក្វាន់​ នៅ ទី​ក្រុង​អង្គរ​ធំ​កាល​ពី​ឆ្នាំ​១២៩៦​ ជា​សក្ខី​​កម្ម​ស្រាប់។ ក្នុង​ន័យ​នេះ​តាំង​ពី​អតីត​កាល​ជន​ជាតិ​ចិន​មិន​ដែល​ហៅ​ប្រទេស​កម្ពុជា​យើង​ក្រៅ​ពី​ឈ្មោះ​ទាំង​ពីរ​ខាង​លើ​នេះ​ឡើយ​។

អាណា​ចក្រ​ចេន​ឡា​​ដែល​បាន​បន្ត​វេន​ពី​នគរ​ភ្នំ​ និង​បន្ត​ទៅ​សម័យ​អង្គរ​ គឺ​ស្ថិត​ក្នុង​សម័យ​កាល​មួយ​ដ៏​រុង​រឿងអស្ចារ្យ​ពី​សត​វត្ស​ទី​៦​ដល់​សត​វត្ស​ទី​៨​នៃ​គ្រឹស្ត​សក​រាជ​។ រដ្ឋ​នេះ​មាន​ទីតាំង​ស្ថិត​​នៅ​ត្រង់​វាល​ទំនាបភាគ​កណ្តាល​នៃ​ទន្លេ​មេ​គង្គ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បាសាក់ ​ក្នុង​ប្រទេស​ឡា​វ​សព្វ​ថ្ងៃ​។ រដ្ឋ​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​នៃ​ខ្ពង់​រាប​ នគរ​រាជ​(កូរ៉ាត) និង​វាល​ទំនាប​ទន្លេ​មេគង្គ​ខាង​ជើង​ តំបន់​ប៉ាក់​សេ​ត្រង់​ម្តុំ​វត្ត​ភូ ដែល​មាន​រាជ​ធានី​ឈ្មោះ​​ស្រេ​ស្ឋ​បុរៈ​ត្រង់ចំណុច​មួយ​ដែល​គេ​ហៅ​ថា មឿង​កៅ (ទី​ក្រុង​ចាស់​)។ ប្រទេស​ចេន​ឡា​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃប្រទេស​ចម្ប៉ា​។ ព្រះ​មហា​ក្សត្រ​ដែល​​សំខាន់​ជាង​គេ​បំផុត​នៃ​ប្រទេស​ចេន​ឡា​ គឺ​ព្រះ​បាទ​ចិត្រ​សេន ​ឬ​មហិន្ទ្រ​វម្ម៍។ ព្រះ​មហា​ក្សត្រ​​អង្គ​នេះ​​មាន​អំណាច​បន្ត​ពី​បុព្វ​បុរស​របស់​ព្រះ​អង្គ​ដែល​បាន​គ្រប់​គ្រង​នគរ​ភ្នំ។ ព្រះ​អង្គ​បាន​បង្រួប​បង្រួម​ប្រទេស​ជាតិ​ដែល​មាន​ការ​អភិវឌ្ឍ​តាំង​ពី សម័យ​នគរ​ភ្នំ​រហូត​ដល់សម័យ​ចេន​ឡា។

បើ​តាម​ការ​កត់​ត្រា​របស់​ប្រវត្តិ​វិទូ​ចិន សម័យ​អង្គរ​​ក៏​ជា​សម័យ​ចេន​ឡា​ដែល​ពេល​នោះ​ប្រទេស​ខ្មែរ​មាន​ឈ្មោះ​ថា កម្ពុជ​ទ្ទេស​ដែល​បាន​ផ្សព្វ​ផ្សាយ​ឥទ្ធិ​ពល​របស់ខ្លួន​ពេញ​ទ្វីប​អាស៊ីទៀត​ផង​។ វប្ប​ធម៌​​របស់​ខ្មែរ​នៅ​សម័យ​ចេន​ឡា​ និង​អង្គរ​នេះ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ទំនៀម​ទំលាប់​របស់​ខ្មែរ​សម័យ​នគរ​ភ្នំ​ក៏​មែន​ពិត​ ក៏​ប៉ុន្តែ​​បាន​ពង្រឹង​ និង​ពង្រីក​កិត្យា​នុ​ភាព​តាម​រយៈ​ការ​ទូត​ជាមួយ​នគរ​ចិន​ និង​នគរ​ចម្ប៉ា​។

លោក​ជំទាវ​បន្ត​ថា សន្និ​សីទ​អន្តរ​ជាតិ​រយៈ​ពេល​​​ពេញ​១​ថ្ងៃ​​នេះ​នឹង​មាន​ដំណើរ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជោគ​ជ័យ​ ហើយ​បទ​អន្តរា​គមន៍​ទាំង​ឡាយ​នឹង​ផ្តល់​នូវ​ពុទ្ធិ​ថ្មីៗ​សម្រាប់​ជា​វិភាគ​ទាន​ក្នុង​ការ​យល់​ដឹង​ពី​ទំនាក់​ទំនង​ជាមិត្ត​ភាព​​រវាង​ប្រទេស​កម្ពុជា​ និង​ចិន ហើយ​ជួយ​ពង្រឹង​​ និង​ពង្រីក​​ទំនាក់​ទំនងនេះ​ជាយូរ​អង្វែង​។ លទ្ធ​ផល​នៃ​ការ​ពិភាក្សា​ក្នុង​រយៈ​ពេល​ពេញ​១​ថ្ងៃ​នេះ​នឹង​ក្លាយ​ជាកម្រងឯក​សារ​ដ៏​មាន​តម្លៃ​​មួយ​ដើម្បី​ទុក​ជា​មូល​ដ្ឋាន​ស្រាវ​ជ្រាវ​បន្ត​។ ម្យ៉ាង​ទៀត​យើង​នឹង​ទាញ​បាន​បទ​ពិសោធន៍​ និង​ដំណោះ​ស្រាយ​ ព្រម​ទាំង​អនុសាសន៍​ល្អៗ និង​សម​ស្រប​ពីអង្គ​សន្និ​សីទ​អន្តរ​ជាតិ​ជូន​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​សម្រាប់​ជា​មូល​ដ្ឋាន​ក្នុង​ការ​ថែ​រក្សា​ និង​ពង្រីក​មិត្ត​ភាព​រវាង​ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា​-ចិន​។

ប្រវត្តិ​សាស្ត្រ​ និង​វប្ប​ធម៌​​ខ្មែរ​ជា​វប្ប​ធម៌​ដ៏​ចំណាស់​​មួយ​នៅ​អាស៊ី ហើយ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង​កំណត់​ហេតុ​នា​នា​របស់​ជន​បរទេស​ដែល​បាន​មក​ដល់​​កម្ពុជា​ដូច​ជា​កំណត់​ហេតុ​​របស់​លោក​​កាំង​ ថៃ រាជ​ទូត​ចិន​មក​កាន់​នគរ​ហ្វូណន​ និង​លោក​ជីវ​តា​ក្វាន់​ មក​កាន់​សម័យ​អង្គរ​ជា​ដើម។ ដើម្បី​រួម​ចំណែក​ដល់​ការ​ផ្សព្វ​ផ្សាយ​នូវ​ប្រវត្តិ​សាស្ត្រ​ និង​វប្ប​ធម៌​ដ៏​ចំណាស់​ និង​ល្អ​ផូរ​ផង់​របស់​ខ្មែរ​នៅ​សា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន​និយាយ​ដោយ​ឡែក​​ នៅក្នុង​ពិភព​លោក​និយាយ​រួម​ វិទ្យា​ស្ថាន​ខុង​ជឺ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ផ្តើម​គំនិត​បង្កើត​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ប្រវត្តិ​​សាស្ត្រ​ និង​វប្ប​ធម៌​ខ្មែរ​មួយ​នៅ​ក្នុង​សាកល​វិទ្យា​ល័យ​ជីវ​ជាំង​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១១ ថ្មីៗ​នេះ ដែល​ពេលនោះ​លោក​ជំទាវ​​ជា​អធិបត​ី​ក្នុង​ពិធី​សម្ពោធ​ស្លាក​ទៀត​ផង​ ហើយ​មជ្ឈ​មណ្ឌល​នេះ​ក៏​នឹង​ត្រូវ​រៀប​ចំ​សម្ពោធ​នៅ​រាជ​បណ្ឌិត​្យ​សភា​កម្ពុជា​នា​ពេល​នេះដែរ ៕