ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ២ភូមិ គឺ ភូមិធ្លកយល់ និងភូមិកកោះ ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច បាននាំគ្នាទាំងក្មេង-ចាស់ ប្រុស-ស្រីជីកយកជន្លេនលក់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។
ស្ត្រីឈ្មោះមាច ស៊ីថា អាយុ៤២ឆ្នាំ បាននិយាយថា តាមដែលគាត់បានដឹងក្នុងភូមិគាត់រស់នៅ គឺភូមិធ្លកយល់ ប្រជាពលរដ្ឋខ្លះធ្វើស្រែរួច ខ្លះមិនទាន់ហើយបានឆ្លៀតពេលមកកាប់ដីរកជន្លេនលក់មានប្រមាណពី៥០ទៅ៦០នាក់ជារៀងរាល់ថ្ងៃ ។ ម្នាក់ៗជីកបាន បើមនុស្សប្រុសពេញកម្លាំងអាចរកបានពី២ទៅ៣គីឡូក្រាម ប៉ុន្តែបើក្មេងតូចៗរកបានពីកន្លះគីឡូទៅ១គីឡូក្រាមក៏មាន ។ ពេលរកបានគឺមានម៉ូយមកឈរចាំទិញជាស្រេចដែល១គីឡូក្រាមថ្លៃ២.០០០រៀល។
បុរសឈ្មោះឆេង ឈាន អាយុ៤៥ឆ្នាំ នៅភូមិកកោះ បាននិយាយថា តាមមើលមនុស្សជីកជន្លេន១ថ្ងៃ មិនតិចជាង១៥០នាក់នោះទេទាំងពីរភូមិនេះ។ រូបគាត់ធ្វើស្រែវស្សារួចរាល់ គ្មានមុខរបររកក៏មកជីកជន្លេនមួយថ្ងៃបានប្រហែល៣គីឡូក្រាម បើបូកទាំងប្រពន្ធ និងកូនគាត់ គឺរកបានប្រហែល៥គីឡូក្រាមដែរ ប៉ុន្តែការជីកនោះមិនមែន១ថ្ងៃទេ គឺ១ព្រឹក លុះថ្ងៃត្រង់មានម៉ូយមកទិញយកហើយ។ ចំណែកឯការជីកជន្លេនលក់នេះ គឺបានតែប្រហែល១ខែនៅរដូវទឹកទន្លេឡើងប៉ុណ្ណោះ ។
បុរសឈ្មោះរស់ ជា ដែលជាអ្នកឈរចាំទិញជន្លេនបាននិយាយថា មួយថ្ងៃគាត់ទិញបានប្រមាណ១០០គីឡូក្រាម យកទៅលក់ឱ្យគេនៅផ្សារក្រោម ដែលខ្លះគេយកទៅចងសន្ទូច ដាក់លាន់ ឬឱ្យចំណីត្រីជាដើម ៕
ចែករំលែកព័តមាននេះ