រាជធានីភ្នំពេញ ៖ យុវជនកម្ពុជាប្រមាណ៣.០០០នាក់ នឹងចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិលើកទី៥ ស្តីពីការរៀបចំជីវិតដើម្បីជោគជ័យ ក្រោយពេលបញ្ចប់បាក់ឌុបនៅអគារE និង F នាមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីទទួលបានព័ត៌មាននិងការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្រោយប្រឡងបញ្ចប់សញ្ញាបត្រទុតិយភូមិ ។
សិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ខែសីហាខាងមុខនេះ ដោយមានវាគ្មិនល្បីៗ ផ្នែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ចូលរួមធ្វើបទបង្ហាញ ពិសេសមានការចូលរួមចែករំលែកបទពិសោធន៍ និងជាអធិបតីដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធាននាយកដ្ឋានភេរវកម្ម រួមទាំងអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើនរូបទៀត ។
កញ្ញាហួង សុខអេន ប្រធានសមាគមជួយស្រុកកំណើតយើង ដែលជាសមាគមផ្តួចផ្តើមឱ្យមានព្រឹត្តិការណ៍នេះឡើងបានមានប្រសាសន៍ឱ្យដឹងនាព្រឹកថ្ងៃចន្ទទី១ សីហា កន្លងមកថា ការដែលសមាគមរៀបចំសិក្ខាសាលានេះឡើង ក្រោយពេលដែលសិស្សានុសិស្សថ្នាក់ទី១២ បានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងជាពេលដែលពួកគេកំពុងប្រឈមមុខក្នុងការសម្រេចចិត្តជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានអាជីពការងារមួយច្បាស់លាស់ និងជោគជ័យក្នុងជីវិតនាពេលអនាគត។
កញ្ញាបន្តថា «យុវជនកម្ពុជាភាគច្រើនពួកគេមិនដឹងត្រូវជ្រើសរើសមុខជំនាញសិក្សាឱ្យបានត្រឹមត្រូវនោះទេ ដ្បិតពួកគេភាគច្រើនជ្រើសរើសមុខវិជ្ជាតាមបំណងឪពុកម្តាយ តាមមិត្តភក្តិ និងទៅតាមគ្រឹះស្ថានសិក្សាណា ដែលល្បីមាននិស្សិតស្រីស្អាតច្រើន» ។ កញ្ញាបន្ថែមថា «លើសពីនេះយុវជនភាគច្រើន គិតថាទាល់តែបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ទើបទទួលបានជោគជ័យក្នុងជីវិត ប៉ុន្តែការពិតក្រោយបញ្ចប់បាក់ឌុប យុវជនទាំងឡាយអាចជ្រើសរើសជំនាញវិជ្ជាជីវៈ ឬបើកអាជីវកម្មផ្ទាល់ខ្លួន ក៏អាចទទួលបានជោគជ័យក្នុងជីវិតដែរ »។
តើសិក្ខាសាលានេះផ្តល់ឱ្យយុវជនអ្វីខ្លះ កញ្ញាហួង សុខអេន បានមានប្រសាសន៍ថា សិក្ខាសាលានេះផ្តល់ឱ្យយុវជននូវក្តីសង្ឃឹម ទំនុកចិត្ត និងភាពច្បាស់លាស់ក្នុងការរៀបចំគោលដៅជីវិតគន្លឹះ ក្នុងការជ្រើសរើសនូវជំនាញដែលខ្លួនពេញចិត្ត និងស្របតាមទេពកោសល្យរបស់ខ្លួន ទស្សនៈរបស់និយោជកក្នុងការជ្រើសរើសបុគ្គលិក ការស្វែងយល់ពីឱកាសការងារ ក្នុងការជ្រើសរើសជំនាញផ្សេងៗ និងការយល់ដឹង និងចៀសវាងវប្បធម៌ភ្លើតភ្លើន ដែលទាក់ទាញយុវជនឱ្យប្រព្រឹត្តខុស ។
សិក្ខាសាលាក៏ផ្តល់ជូនផងដែរនូវព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ ដែលមានការទទួលស្គាល់ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ជំនាញសិក្សានៅមហាវិទ្យាល័យ ជំនាញវិជ្ជាជីវៈ ដែលជាតម្រូវការសម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ និងផ្លាស់ប្តូរទស្សនកិច្ចសិក្សាទៅក្រៅប្រទេស និងបរិបទជីវិតនៅសាកលវិទ្យាល័យ។
ទាក់ទងនឹងជម្រើសរបស់និស្សិតនាពេលបច្ចុប្បន្ននេះ លោកស្រី ម៉ក់ ណាង អនុប្រធាននាយកដ្ឋានឧត្តមសិក្សាបានមានប្រសាសន៍ថា តាមការសិក្សាយើងបានរកឃើញថា និស្សិតជាង៥០% បានជ្រើសរើសសិក្សាលើជំនាញគ្រប់គ្រង ចំណែកផ្សេងទៀតមិនមានច្រើនទេ ហើយជំនាញកសិកម្មមាននិសិ្សតតែ៤%ប៉ុណ្ណោះ ជ្រើសរើសចូលរៀននៅពេលដែលប្រទេសកម្ពុជាជាប្រទេសកសិកម្ម ។
លោកស្រីបានបន្តថា ក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០០៩-ឆ្នាំ២០១៣ ក្រសួងអប់រំនិងទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតឱ្យគ្រឹះស្ថានឧត្តមសិក្សាបណ្តុះបណ្តាលជំនាញវិទ្យាសាស្ត្រពិត ពិសេសលើការបណ្តុះបណ្តាលជំនាញធនធានរ៉ែ ដែលកម្ពុជាមិនមានធនធានមនុស្សផ្នែកនេះ នៅពេលយើងរកឃើញរ៉ែជាបន្តបន្ទាប់ ។
លោកស្រី ម៉ក់ ណាង បានបន្តថា «ដោយសារប្រទេសយើងក្រ ទើបធ្វើឱ្យនិស្សិតរៀនអ្វីដែលឆាប់មានការងារធ្វើ និងឆាប់បានប្រាក់ត្រឡប់មកវិញ ទើបពួកគេមិនចាប់អារម្មណ៍សិក្សាជំនាញដែលជាមុខវិជ្ជាវិទ្យាសាស្ត្រពិត»។
សិស្សានុសិស្សអាចចុះឈ្មោះចូលរួមកម្មវិធីនេះ តាមរយៈទូរស័ព្ទលេខ០២៣ ៣១ ៣១ ២៩, លេខ០៨៨ ៩៨ ២៨ ៥៨៨ និងលេខ ០៩២ ៩០ ១៨ ៧៨ ៕
ចែករំលែកព័តមាននេះ