អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងធ្វើដំណើរមកប្រទេសកម្ពុជានាចុងសប្តាហ៍នេះ ដើម្បីជួបជាមួយមេដឹកនាំ និងអ្នកវិនិយោគក្នុងទីក្រុងភ្នំពេញ កត់សំគាល់លើការធ្វើសម្បទានប្រេង និងឧស្ម័នក្នុងឈូងសមុទ្រថៃដែលជាកន្លែងត្រួតស៊ីគ្នា ។ នេះបើតាមប្រភពព័ត៌មានមកពីគណបក្សភឿថៃដែលត្រូវសារព័ត៌មាន The Nation ចេញផ្សាយក្នុងថ្ងៃទី១៧ សីហា។
លោកថាក់ស៊ីន ដែលត្រូវរំពឹងថា នឹងស្នាក់នៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៩ សីហា ទៅនឹងនាំអ្នកវិនិយោគបរទេស ជួបនិងលេងហ្គោលជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោករដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់ ដើម្បីពិភាក្សាគ្នាពីរឿងជំនួញ។
សមាជិកគណបក្សភឿថៃកំពុងរៀបចំទទួលស្វាគមន៍លោកថាក់ស៊ីនពេលលោកស្ថិតនៅប្រទេសកម្ពុជា។ លោកថាក់ស៊ីន នឹងជួបចរចាជាមួយប្រទេសកម្ពុជាលើផែនការសំរាប់ចូលរួមអភិវឌ្ឍ ការរុករកប្រេងក្នុងឈូងសមុទ្រថៃជាកន្លែងដែលប្រទេសទាំងពីរអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន។ លោកចង់ឱ្យក្រុមហ៊ុនប្រេងរដ្ឋថៃ PTT ធ្វើសម្បទានប្រេងនិងឧស្ម័ន ឬចូលរួមសហការជាមួយប្រទេសកម្ពុជា។
ប្រភពដដែលបន្តថា លោកថាក់ស៊ីន បានសុំឱ្យរដ្ឋមន្ត្រីថាមពលថៃ លោក Pichai Naripthaphan ចូលរួមសហការជាមួយប្រទេសកម្ពុជាលើដំណោះស្រាយថាមពល ។
លោកថាក់ស៊ីន តែងតែទទួលបានការស្វាគមន៍ក្នុងប្រទេសកម្ពុជា ដោយសារលោកជាមនុស្សមានទំនាក់ទំនងល្អជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ លោកជាទីប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋាភិបាលកម្ពុជា ។
តែទោះជាយ៉ាងណាដំណោះស្រាយរវាងប្រទេសកម្ពុជា និងថៃ កំពុងស្ថិតក្នុងសភាពជាប់គាំង ព្រោះអតីតនាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត លុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ដែលបានចុះហត្ថលេខាជាមួយប្រទេសជិតខាង។ វានៅតែមិនទាន់ច្បាស់ថាតើ កិច្ចព្រមព្រៀងដែលបានធ្វើមកនោះបញ្ចប់ហើយ ឬនៅ?
លោកថាក់ស៊ីន បានចាប់ផ្តើមធ្វើទម្រង់បែបបទខ្ពស់ក្នុងដំណើរទស្សនកិច្ចទៅកាន់បរទេស ភ្លាមៗបន្ទាប់ពីប្អូនស្រីពៅរបស់លោក គឺលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃមក។
លោកស្រីយីងឡាក់ និយាយថា រដ្ឋាភិបាលរបស់លោកស្រីមិនបានស្នើឱ្យប្រទេសជប៉ុនផ្តល់ទិដ្ឋាការដល់បងប្រុសលោកស្រីឡើយ ក៏ប៉ុន្តែលោក Surapong បានប្រាប់ទីភ្នាក់ងារព័ត៌មានក្យូដូថា រដ្ឋាភិបាលបច្ចុប្បន្នគ្មាននយោបាយឃាត់ឃាំងលោកថាក់ស៊ីន ក្នុងការធ្វើដំណើរនៅ ឯបរទេសឡើយ។ លោកស្រីនិយាយថា វាជាសេចក្តីសំរេចរបស់រដ្ឋាភិបាលជប៉ុន គ្មាននរណាអាចបញ្ជារដ្ឋាភិបាលបរទេសឡើយ។
សួរថា តើហេតុអ្វីបានជារដ្ឋាភិបាលមិនសុំឱ្យធ្វើបត្យាប័ណ្ណលោកថាក់ស៊ីនពីរដ្ឋាភិបាលជប៉ុន? លោកស្រីយីងឡាក់ និយាយថា រដ្ឋាភិបាលរបស់លោកស្រីគ្មានគោលនយោបាលពិសេសជាប់ពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រីនោះឡើយ ៕
ចែករំលែកព័តមាននេះ