រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និងគូសង្សារមួយគូទៀតរងរបួសបាក់ភ្លៅ និងបាក់ជើងដោយសារជិះម៉ូតូបុករថយន្តកំពុងឈប់ចតស្ងៀមនៅកន្លែងពីរផ្សេងគ្នា ។ក្រោយពេលកើតហេតុរថយន្តមួយគ្រឿងបើកគេចបាត់ស្រមោល ចំណែកឯមួយគ្រឿងទៀតត្រូវសមត្ថកិច្ចប៉ូលិសមូលដ្ឋានឃាត់បាន។ គ្រោះថ្នាក់ចរាចរណ៍នោះលើកទី១កើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១ នៅលើផ្លូវជាតិលេខ៤ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឱ្យយុវជនម្នាក់ និងស្ត្រីម្នាក់ទៀតដែលជាគូសង្សារនឹងគ្នារងរបួស ខណៈពេលពួកគេជិះម៉ូតូឌុបគ្នាដើរលេងពេលយប់ជ្រុលទៅបុកកង់ក្រោយរថយន្តដឹកកុងតឺន័រមួយគ្រឿងម៉ាកហ៊ីណូពណ៌ស ពាក់ស្លាកលេខភ្នំពេញ៣A៩៥២៥កំពុងឈប់ចតស្ងៀម ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះឈ្មោះចិន សុខា ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកលក់មាន់ មានស្រុកកំណើតនៅភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុរងរបួសបាក់ស្មងជើងខាងស្តាំ រី ឯស្ត្រីជាសង្សារឈ្មោះនឹម សីុយ៉ា អាយុ២០ឆ្នាំ រងរបួសបាក់ភ្លៅស្តាំ មានស្រុកកំណើត និងស្នាក់នៅផ្ទះជួលក្នុងភូមិជាមួយគ្នា។ តាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូស្មាស់រីវ៉ូពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AD០៩៥៣ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ ចំណែកឯរថយន្តដឹកកុងតឺន័រចតស្ងៀមែបរក្បាលទៅទិសខាងលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុជនរងគ្រោះបើកឆ្លងផ្លូវពីត្បូងទៅជើង ប៉ុន្តែស្របពេលនោះមានរថយន្ត១គ្រឿងទៀត មកដល់ និងបើកភ្លើងហ្វាបណ្តាលឱ្យចាំងភ្នែក ជនរងគ្រោះក៏បន្ថែមល្បឿនប្រញាប់ឱ្យផុតរថយន្តនោះទើបជ្រុលទៅបុករថយន្តដឹកកុងតឺន័រពេញទំហឹងបណ្តាលឱ្យរងរបួសទាំងពីរនាក់តែម្តង។
ប្រភពដដែលបន្តទៀតថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តគេចខ្លួនបាត់ស្រមោល ចំណែកឯជនរងគ្រោះត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ រថយន្តដឹកកុងតឺន័រ និងម៉ូតូរងគ្រោះត្រូវប៉ូលិសនាំយកទៅរក្សា ទុកនៅអធិការដ្ឋានខណ្ឌដង្កោ។
ដោយឡែកគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀតកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១ នៅលើផ្លូវបេតុងក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញបណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមនៅនឹងកន្លែង ។ យុវជននោះជិះម៉ូតូបុកគូទរថយន្តធុនធំមួយគ្រឿង ខណៈពេលរថយន្តនោះកំពុងចតស្ងៀម។ ជនរងគ្រោះឈ្មោះកៅ ពេញ អាយុ២៣ឆ្នាំ ជានិស្សិតស្នាក់នៅភូមិត្រពាំងល្វា មានស្រុកកំណើតនៅខេត្តស្វាយរៀង។ ចំណែករថយន្តពុំត្រូវគេស្គាល់ម៉ាកទេ ព្រោះក្រោយពេលដឹងថា មានមនុស្សជិះម៉ូតូបុកស្លាប់ក៏បើកគេចបាត់។
ប្រភពព័ត៌មានឱ្យដឹងថា យុវជនរងគ្រោះជិះម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ បិទតែមឆ្នាំ២០១០ ពាក់ស្លាកលេខស្វាយរៀង១A៤៧៩២ ធ្វើដំណើរក្នុងទិសដៅពី ត្បូងទៅជើង ។ ពេលទៅដល់ត្រង់ចំណុចកើតហេតុទំនងជាជនរងគ្រោះស្រវឹងស្រាក៏បើកម៉ូតូជ្រុលទៅបុកគូទរថយន្តបណ្តាលឱ្យដួលបោកទៅលើថ្នល់បាក់កស្លាប់ភ្លាម។ ក្រោយពេលកើតេហតុរថយន្តនោះបើកគេចទៅបាត់ ចំណែកឯសាកសពត្រូវក្រុមគ្រួសារនាំយកទៅធ្វើបុណ្យ។ សមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តមួយគ្រឿងនោះ ប៉ុន្តែពុំដឹងថា រកឃើញឬមិនឃើញឡើយ៕
ចែករំលែកព័តមាននេះ