ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ចន្លោះគីឡូម៉ែត្រលេខ៨៤ និងលេខ៨៥ ដែលបង្កឡើងដោយរថយន្ត និងរថយន្តបុកគ្នា បណ្តាលឱ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួសស្រាល ឯរថយន្តទាំងពីរគ្រឿងត្រូវខូចខាតធ្ងន់ធ្ងរ ។
មន្ត្រីប៉ូលិសចរាចរខេត្តបានរៀបរាប់ពីហេតុការណ៍នេះថា នាវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៣ សីហា នៅចំណុចភូមិទី១ (ដីអំបិល) ឃុំត្រែងត្រយឹង មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស-ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-9446 បើកបរដោយឈ្មោះមុំ និត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅនៅភូមិទី១ ឃុំត្រែងត្រយឹង ធ្វើដំណើរមកពីទិសត្រែងត្រយឹង ឆ្ពោះទៅផ្សារកំពង់ស្ពឺ។ ឯរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខកោះកុង 3A-0041 ធ្វើដំណើរបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះស៊ីន សុផេង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ។ ខណៈធ្វើដំណើរដល់ចំណុចខាងលើ រថយន្តទាំង២គ្រឿងក៏បានបុកគ្នាពេញទំហឹង ដែលក្នុងហេតុការណ៍នេះបណ្តាលឱ្យអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយឈ្មោះមុំ និត ស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកនៅក្នុងរថយន្តហ៊ីណូរងរបួសស្រាល៣នាក់ គឺមាន១-ឈ្មោះង៉ូយ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅនៅខេត្តតាកែវ ២-ឈ្មោះហ៊ិន សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និង៣-ឈ្មោះស៊ីន សុផេង។
មន្ត្រីប៉ូលិសដដែលបន្តថា ចំពោះអ្នកស្លាប់ត្រូវបានត្រូវបងប្អូននាំយកទៅធ្វើបុណ្យតាមប្រពៃណី ឯអ្នករបួសស្រាលទាំង៣នាក់ពុំបានចូលមន្ទីរពេទ្យទេ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបាននាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត៕
ចែករំលែកព័តមាននេះ