ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវស្លាប់នៅវេលាម៉ោង៣រសៀល ក្នុងភូមិព្នៅ ឃុំត្រពាំងគងស្រុកសំរោងទង ខណៈដែលបុរសនោះបានងើបទៅលើកកង្ហារបក់ ហើយកាន់ប៉ះខ្សែភ្លើងដែលមានតំណ បណ្តាលឱ្យឆក់ស្លាប់ភ្លាមៗនៅផ្ទះរបស់ខ្លួន ពេលកំពុងជួបជុំផឹកស៊ីថ្ងៃចិនសែនក្បាលទឹក។
លោកអនុសេនីយ៍ឯកហែម ផាន អធិការរងនគរបាលស្រុកសំរោងទង ទទួលបន្ទុកការងារព្រហ្មទណ្ឌបានប្រាប់ឱ្យដឹងថា នៅថ្ងៃសែនចិនទី១៤ សីហា វេលាម៉ោង៣រសៀល នៅផ្ទះរបស់ជនរងគ្រោះ សួរ សារិត ភេទប្រុស អាយុ២២ឆ្នាំ ។ លោកអធិការរងដដែលបានបន្តថា ក្នុងពិធីជប់លៀងនោះ ដោយមានភ្ញៀវចូលរួមហូបចុកសប្បាយ ហើយមេឃក្តៅស្អុះស្អាបពេក អង្គុយផឹកពុំទទួលនូវភាពមនោរម្យនោះ សួរ សារិត ក៏ងើបទៅលើកកង្ហារបក់ ដោយច្បូតយកទាំងខ្សែភ្លើង មកជិតកន្លែងហូបចុកឱ្យហើយ ក៏ចំលើខ្សែតំណ ដែលបិទស្កុតនោះរបក ទើបបណ្តាលឱ្យឆក់ប្រកាច់ត្រូវបានម្តាយនៅក្បែរក៏ជួយទាញក៏ឆក់ទាំងម្តាយផង តែបានអ្នកនៅក្បែរឌុយភ្លើងប្រញាប់ដកចេញទាន់ ស្ត្រីជាម្តាយក៏បានរួចជីវិត តែបុរសជាកូនក៏ត្រូវស្លាប់។
សួរ សារឹត បានស្លាប់ចោលប្រពន្ធទើបរៀបការថ្មីពុំទាន់មានកូននៅឡើយ ព្រោះតែស៊ីផឹកជប់លៀងចំថ្ងៃចិនសែន ក្បាលទឹកនេះជាមេរៀនមួយសម្រាប់ការប្រើប្រាស់ចរន្តអគ្គិសនីគួរប្រុងប្រយ័ត្នពីខ្សែភ្លើងដែលមានតំណ និងយកល្អគប្បីកុំប្រើខ្សែបែបនេះ តទៅទៀត ព្រោះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ៕
ចែករំលែកព័តមាននេះ