ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្ទុះ​ថ្មី កម្ពុជា​-​បារាំង​! សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក Macron បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ទំនាក់ទំនង កម្ពុជា​-​បារាំង​! សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក Emmanuel Macron ប្តេជ្ញា​ពង្រឹង​ភាព​ជា​ដៃគូ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បំផុត​។

ជាក់ស្តែង​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​នា​ព្រឹក ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​នេះ​ថា ៖ កម្ពុជា​-​បារាំង ឯកភាព​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ។

នា​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​វិមាន​សន្តិភាព សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ក្នុង​ឱកាស​ដែល​ឯកឧត្តម​ប្រធានាធិបតី អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ ។

ក្នុង​ឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម​ប្រធានាធិបតី​បាន​កោតសរសើរ​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​របស់ សម្តេច​ធិ​បតី និង​អបអរសាទរ​កម្ពុជា​ចំពោះ​ជោគជ័យ​នៃ​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ នា​ពេល​នេះ ។

ឯកឧត្តម បាន​បន្ត​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម​នៅ​ពេល​នេះ នឹង​បើក​ទំព័រ​ប្រវត្ដិសាស្ត្រ​ថ្មី​នៃ​ទំនាក់ទំនង​បារាំង​-​កម្ពុជា ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ និង​សង្កត់ធ្ងន់​ពី​ការ​បន្ត​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​។

ជា​ការ​ឆ្លើយ​តប​, សម្ដេច​ធិ​បតី បាន​ចាត់​ទុក​វត្តមាន​របស់​ឯកឧត្ដម​ប្រធានាធិបតី​បារាំង ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ នៅ​កម្ពុជា ជា​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ ក្នុង​រយៈពេល​៦០​ឆ្នាំ ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ្សា​រល៍ ដឺ​ហ្គោ​ល មក​កាន់​កម្ពុជា កាលពី​ឆ្នាំ​១៩៦៦ និង​ទស្សនកិច្ច​របស់​ឯកឧត្តម​ប្រធានាធិបតី ហ្វ្រ​ង់​ស្វ័​រ មី​ទែ​រ៉​ង់ នៅ​ឆ្នាំ​១៩៩៣ ។

សម្ដេច​ធិ​បតី​បាន​បន្ថែម​ថា វត្តមាន​ជា​ប្រវត្តិសាស្ត្រ​របស់​ឯកឧត្ដម​ប្រធានាធិបតី​នា​ពេល​នេះ បាន​ផ្តល់​សន្ទុះ​ថ្មី​ដល់​ទំនាក់ទំនង​កម្ពុជា​-​បារាំង និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ឱ្យ​កាន់តែ​រីក​ចម្រើន​ខ្លាំងក្លា​ថែម​ទៀត ។

សម្ដេច​ធិ​បតី​ក៏​បាន​គូស​រំលេច​ពី​សារៈសំខាន់​នៃ​ការ​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ជា​ពិសេស ការ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​, ការ​កសាង​សមត្ថភាព​, ការ​ផ្លាស់​ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន និង​កា​រត​ភ្ជាប់​រវាង​ធុរកិច្ច និង​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ។ សម្តេច​ធិ​បតី​ថ្លែងអំណរគុណ​ចំពោះ​តួនាទី​របស់​បារាំង ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា និង​ការ​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។

សម្តេច​ធិ​បតី និង​ឯកឧត្តម​ប្រធានាធិបតី​បារាំង ក៏​បាន​ពិភាក្សា និង​ផ្លាស់​ប្ដូរ​យោបល់​គ្នា អំពី​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ រួម​មាន ៖ សេដ្ឋកិច្ច​, ពាណិជ្ជកម្ម និង​ការ​វិនិយោគ​, សន្តិសុខ​និង​ការពារ​ជាតិ​, ថាមពល​, សុខាភិបាល​, អប់រំ​, វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​, បញ្ញា​សិប្បនិម្មិត​, វប្បធម៌​, និង​កសិកម្ម​។ ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​រួម ចំពោះ​ពហុភាគី​និយម​, ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​, ច្បាប់​អន្តរជាតិ និង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​។

ពាក់ព័ន្ធ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ សម្ដេច​ធិ​បតី​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​កម្ពុជា ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​, ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ។

សម្ដេច​ធិ​បតី​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​បារាំង ចំពោះ​ការ​ខិតខំ​សម្របសម្រួល និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ឯកឧត្តម ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​អន្តរជាតិ និង​គោលការណ៍​គ្រឹះ​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ជា​ពិសេស​ការ​គោរព​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​រដ្ឋ ។
ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ​, ឯកសារ​កិច្ច​សហប្រតិបត្តិការ​សរុប​ចំនួន​២៩ ត្រូវ​បាន​ចុះហត្ថលេខា បន្ថែម​លើ​សេចក្តី​ប្រកាស​នយោបាយ​រួម ៕