ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម ប្រធាន​រដ្ឋ​វៀតណាម

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​សាមគ្គីភាព ថ្ងៃ​សៅរ៍ ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅ​ក្នុង​ជំនួប​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ឯកឧត្តម តូ ឡឹម ហើយ​សម្ដេច​បាន​ចាត់​ទុក​វត្តមាន​របស់​ឯកឧត្តម​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ គឺជា​ការ​ផ្ដល់​កិត្តិយស ដោយ​បង្ហាញ​នូវ​ការ​ផ្ដល់​តម្លៃ​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម ហើយ​ជា​ពិសេស​នោះ គឺ​ការ​ផ្ដល់​តម្លៃ​ដល់​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី ហើយ​សម្ដេច​តេ​ជោ​ក៏​បាន​ឆ្លៀត​សរសើរ​អំពី​វឌ្ឍនភាព នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​វៀតណាម​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម តូ ឡឹម បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​ដែល​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម និង​ប្រតិភូ ហើយ​ឯកឧត្តម​បាន​ចាត់​ទុក​សម្ដេច​តេ​ជោ​គឺជា​មិត្ត​ដ៏​ស្និទ្ធស្នាល​របស់​វៀតណាម ឯកឧត្តម​ក៏​បាន​អបអរសាទរ​ចំពោះ​កម្ពុជា​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០​នា​ពេល​នេះ ដោយ​ឯកឧត្តម​បាន​បញ្ជាក់​ថា​នេះ​គឺជា​ឱកាស សម្រាប់​កម្ពុជា​បង្ហាញ​នូវ​តួនាទី​នៅ​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​កិត្យានុភាព​របស់​កម្ពុជា​នៅ​ពេល​ខាង​មុខ​។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ដែល​ភាគី​ទាំង​ពីរ​ត្រូវ​ធ្វើការ​ជាមួយ​គ្នា ជា​ពិសេស​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច វិស័យ​អប់រំ និង​ទំនាក់ទំនង​នៅ​តាម​បណ្ដា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។

សម្ដេច​តេ​ជោ​បាន​សម្ដែង​ការ​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់ ឯកឧត្តម តូ ឡឹម ជា​ពិសេស​ជុំវិញ​ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម ទន្ទឹម​នឹង​នេះ សម្ដេច​ក៏​បាន​លើក​ឡើង​ថា កម្ពុជា និង​វៀតណាម គឺជា​ប្រទេស​ដែល​មាន​ប្រវត្តិ​ជា​អ្នក​ជិតខាង​ល្អ ហើយ​តែងតែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ អ្វី​ដែល​សម្ដេច​តេ​ជោ​បាន​កត់សម្គាល់​និង​ពេញចិត្ត​នោះ​គឺ​ទំហំ​ពាណិជ្ជកម្ម រវាង​កម្ពុជា និង​វៀតណាម មានការ​កើន​ឡើងជា​បន្ទាប់​បន្ទាប់ ដែល​មក​ដល់​ពេល​នេះ​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ពាណិជ្ជកម្ម​កើនឡើង​ជាង​១០​ពាន់​លាន​ដុល្លារ ហើយ​គោលដៅ​ទៅ​មុខ​ទៀត​ដែល​ភាគី​ទាំង​ពីរ​ចង់​សម្រេច​ឱ្យ​បាន គឺ​២០​ពាន់​លាន​ដុល្លារ​នៅ​ពេល​ខាង​មុខ ហើយ​ភាព​រីក​ចម្រើន នៃ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​នេះ​គឺជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ឧទាហរណ៍​ដូច​ជា​កម្ពុជា​នាំ​ចេញ​ស្វាយចន្ទី​ទៅ​កាន់​ប្រទេស​វៀតណាម ដែល​វៀតណាម​គឺជា​ប្រទេស​ដែល​ពូកែ​កែ​ច្នៃ ហើយ​កម្ពុជា​បាន​នាំ​ចេញ​ស្វាយចន្ទី​ដ៏​ច្រើន​ដែល​មាន​ប្រមាណ​១​លាន​តោន​ក្នុង​មួយ​ឆ្នាំទៅ​កាន់​ប្រទេស​វៀតណាម ទន្ទឹម​នឹង​នេះ​សម្ដេច​តេ​ជោ​ក៏​បាន​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​កិច្ចការ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ធ្វើ​យ៉ាងណា​ឱ្យ​អាជ្ញាធរ ឬ​ក៏​ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ​នៅ​តាម​ព្រំដែន​នៃ​កម្ពុជា​វៀតណាម​បន្ត​នូវ​ការ​រឹតចំណង​មិត្តភាព​ជាមួយ​គ្នា និង​សហការ​គ្នា​បន្ថែម​ទៀត ដើម្បី​លើកកម្ពស់​នូវ​ការ​ផ្ដល់​ផលប្រយោជន៍​ដល់​ទំនាក់​ទំនងជា​រួម​សម្រាប់​កម្ពុជា និង​វៀតណាម ក៏​ដូច​ជា​ផលប្រយោជន៍​សម្រាប់​ប្រជាជន​នៅ​មូលដ្ឋាន​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

ភាគី​ទាំង​ពីរ​ក៏​ពិភាក្សា​ទៅ​លើ​វិស័យ​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អប់រំ វិស័យ​កិច្ច កិច្ច​សហប្រតិបត្តិការ​ទៅ​លើ​នយោបាយ កិច្ចការ​នៅ​ក្នុង​ក្របខ័ណ្ឌ​គណបក្ស នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​ធ្វើ​ជាមួយ​គ្នា​នា​ពេល​កន្លង​មក ដែល​បន្ថែម​នូវ​អ្វី​ដែល​ជា​ការ​សម្រេច​កាលពី​កិច្ចប្រជុំ​គណបក្ស​នៅ​ក្នុង​ខែកុម្ភៈ​ឆ្នាំ ២០២៦​កន្លង​ទៅ ​។

ជា​ចុង​ក្រោយ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​ឱ្យ​ឯកឧត្តម តូ ឡឹម ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ដឹកនាំ​ប្រតិភូ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ពេល​នេះ ៕