ទីក្រុងវ៉ាស៊ីនតោន៖ គណៈកម្មការអាកាសចរណ៍ជាតិអាមេរិក (FAA) បានអនុញ្ញាតឱ្យមានការធ្វើដំណើរតាមអាកាសឡើងវិញហើយ បន្ទាប់ពីមានបញ្ហារអាក់រអួលបណ្ដាលមកពីការជាប់គាំងប្រព័ន្ធទំនាក់ទំនងនៅតាមមជ្ឈមណ្ឌលត្រួតពិនិត្យការហោះហើរប្រចាំនៅតាមអាកាសយានដ្ឋាននានាទូទាំងប្រទេស។ បញ្ហារអាក់រអួលនេះនាំឱ្យបិទដំណើរការជើងហោះហើររយៈពេលដ៏យូរមិនធ្លាប់មានចាប់តាំងពីក្រោយព្រឹត្តិការណ៍វាយប្រហារបែបភេរវកម្មកាលពីថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០០១។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិក លោកសង់ ដាហ្វ៊ី (Sean Duffy) ថ្លែងថាដែនអាកាសអាមេរិកចាប់ផ្ដើមបើកដំណើរការឡើងវិញកាលពីវេលាម៉ោង៨:១៥យប់។ ប៉ុន្តែលោកយល់ថាការហោះហើរនឹងចាប់ផ្ដើមឡើងវិញដោយយឺតៗ។ ក្រុមហ៊ុនអាកាសចរណ៍ប្រហែលជាត្រូវការពេលយូរដើម្បីឱ្យប្រតិបត្តិការរបស់ខ្លួនវិលមករកភាពប្រក្រតីឡើងវិញ។ លោកថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថាអ្វីៗនឹងចាប់ផ្ដើមឡើងវិញដោយយឺតៗ។ គិតត្រឹមម៉ោង១១:៣០យប់ ជើងហោះហើរជិតមួយម៉ឺនខ្សែត្រូវលុបចោល។ ក្នុងនោះ គ្រាន់តែក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines និង American Airlines ត្រូវលុបចោលជើងហោះហើរជាង២២០០ខ្សែម្នាក់ៗ ខណៈដែលក្រុមហ៊ុន United Airlines លុបចោល១៨០០ខ្សែ។ នេះបើយោងតាមទិន្នន័យរបស់ Flightradar24 ដែលជាស្ថាប័នតាមដានការហោះហើរ។

យន្តហោះខ្លះនៅតាមព្រលានយន្តហោះធំៗត្រូវរង់ចាំលើសពី៥ម៉ោងទម្រាំបានចេញដំណើរ។ ការបិទជើងអាកាសរយៈពេល៤ម៉ោងនៅទូទាំងប្រទេសអាមេរិកអាចប៉ះពាល់កាលបរិច្ឆេទហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អស់ជាច្រើនថ្ងៃទៅមុខទៀត។ លោកដាហ្វ៊ីថ្លែងថាអ្នកដំណើររាប់ម៉ឺននាក់ត្រូវជាប់គាំងនៅមួយកន្លែងទូទាំងប្រទេសអាមេរិក។ លោក និងរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិទើបតែជួបលោកត្រាំនៅសេតវិមានដើម្បីពិគ្រោះគ្នាអំពីបញ្ហានេះ។

លោកដាហ្វ៊ីដាក់ការស្ដីបន្ទោសទៅលើសភាខង់ហ្ក្រែសដែលមិនព្រមទម្លាក់ថវិកាដើម្បីដាក់ជំនួសប្រព័ន្ធទូរគមនាគមន៍ថ្មីនៅតាមព្រលានយន្តហោះ។ លោកអះអាងថាការធ្វើទំនើបកម្មប្រព័ន្ធនេះគួរណាស់បញ្ចៀសបាននូវបញ្ហាជាប់គាំង។ ដូច្នេះ លោកស្នើសុំឱ្យខង់ហ្ក្រែសអនុម័តថវិកា៥០ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្ម។ កាលពីមុននេះបន្តិច សេតវិមាន និងក្រសួងដឹកជញ្ជូនបានជំរុញឱ្យខង់ហ្ក្រែសអនុម័តថវិកាជាង៣០ពាន់លានដុល្លារដើម្បីអភិវឌ្ឍព្រលានយន្តហោះ និងប្រព័ន្ធគ្រប់គ្រងការហោះហើរដែលចាស់ហួសសម័យ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ