ទីក្រុងហាណូយ៖ ទាហានវៀតណាម៦នាក់បានស្លាប់នៅពេលហ្វឹកហាត់យោធា។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីរថក្រោះម៉ាក BMP-1 មានបញ្ហាគាំងម៉ាស៊ីន ហើយក៏លិចចូលទៅក្នុងទឹកនៅពេលកំពុងហ្វឹកហ្វឺនយោធានៅខេត្តបាក់និញ (Bac Ninh) ស្ថិតនៅប្រទេសវៀតណាមភាគខាងជើង។ ក្រសួងការពារជាតិប្រកាសកាលពីមុននេះថាហេតុការណ៍នេះតាមពិតទៅបានកើតឡើងតាំងពីថ្ងៃព្រហស្បិត៍មកម៉្លេះ ប៉ុន្តែទើបតែត្រូវបានអនុញ្ញាតឱ្យផ្សព្វផ្សាយនៅថ្ងៃនេះ។

យោធិនទាំង៦នាក់ដែលបានស្លាប់នោះរស់នៅខេត្តថាញ់ហាវ, ខេត្តនិញប៊ិញ និងទីក្រុងហាណូយ។ ដំណឹងនេះបានលេចឮដល់នាយករដ្ឋមន្ត្រីវៀតណាម លោកឡេមិញហុង (Le Minh Hung) រួចហើយ ហើយលោកសម្រេចចិត្តបំពាក់គ្រឿងឥស្សរិយយសបច្ឆាមរណៈជូនដល់ពួកគេ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារស៊ីនហួដែលដកស្រង់ប្រភពពីក្រសួងការពារជាតិវៀតណាម រថក្រោះនោះមានបញ្ហាគាំងម៉ាស៊ីន និងលិចទៅក្នុងទឹកនៅវេលាម៉ោង៨:២៥ព្រឹកនៅចំណុចភូមិសាស្ត្រឃុំបៀនសឺន (Bien Son)។

BMP-1 ជាប្រភេទរថក្រោះដែលអាចចុះទឹកក៏បាន និងឡើងគោកក៏បាន។ រថក្រោះនេះផលិតនៅសហភាពសូវៀត និងដាក់ឱ្យដំណើរការជាលើកដំបូងកាលពីឆ្នាំ១៩៦៦។ វាត្រូវបានរចនារូបរាងជារថក្រោះជំនួយសម្រាប់កងទ័ពថ្មើរជើងដើម្បីដឹកជញ្ជូនទាហានចូលសមរភូមិដែលមានសារធាតុវិទ្យុសកម្ម ឬសមភូមិទូទៅ ហើយអាចឱ្យទាហានបាញ់កាំភ្លើងចេញពីក្នុងរថក្រោះបានថែមទៀតផង។ វាជារថក្រោះប្រើកង់ច្រវាក់ អាចដាក់បានបុគ្គលិក៣នាក់ដែលរួមមានអ្នកបញ្ជា អ្នកបើកបរ និងអ្នកបាញ់កាំភ្លើង។ បន្ថែមពីលើនេះ វាអាចដឹកមនុស្សបាន៨នាក់ថែមទៀត។

វាមានទម្ងន់ចន្លោះពី១៣,៥-១៤,៦តោន ស្រោបជុំវិញដោយបន្ទះដែកថែបកម្រាស់ពី៦-៣៣មិល្លីម៉ែត្រដើម្បីទប់ទល់នឹងគ្រាប់កាំភ្លើងធុនតូច និង១២,៧មិល្លីម៉ែត្រ (ឌូសេត)។ ម៉ាស៊ីនរបស់វាកម្លាំង៣០០សេះ ប្រើប្រេងម៉ាស៊ូត មានល្បឿនអតិបរមា៦៥គីឡូម៉ែត្រក្នុងមួយម៉ោងបើបើកនៅលើផ្លូវថ្នល់ និងចន្លោះពី៧-៨គីឡូម៉ែត្រក្នុងមួយម៉ោងបើបើកនៅក្នុងទឹក។ ចម្ងាយបើកបរអតិបមរាចន្លោះពី៥៥០-៦០០គីឡូម៉ែត្រ, បំពាក់កាណុងកាំភ្លើងទំហំអង្កត់ផ្ចិត៧៣មិល្លីម៉ែត្រ មាន៤០គ្រាប់, បំពាក់មីស៊ីលប្រឆាំងរថក្រោះ និងកាំភ្លើងយន្ត៕ ប្រភព៖ Vietnam Express និងប្រភពដទៃទៀត

ចែករំលែកព័តមាននេះ