ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ត្រៀម​កាត់​បន្ថយ​​ខ្លា​ឃ្មុំ​សម្បុរ​ត្នោត​៣០%​បន្ទាប់​ពី​មាន​ករណី​ស.ម្លា.ប់​ម.នុ.ស្ស​កាន់​តែ​ច្រើន​ឡើង​ៗ​

1 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ រដ្ឋាភិបាល​រុស្ស៊ី​ដាក់​ផែន​ការ​កាត់​បន្ថយ​ចំនួន​ខ្លា​ឃ្មុំ​សម្បុរ​​ត្នោតជា​អតិបរមា​​​រហូត​ដល់​៣០​%​ដើម្បី​អាច​គ្រប់​គ្រង​ពួក​វា​បាន​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ខ្លា​ឃ្មុំ​សម្លាប់​មនុស្ស​៣៦​នាក់​នៅ​ឆ្នាំ​២០២៦​​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី RIA បាន​ដក​ស្រង់​សេច​ក្ដី​ប្រកាស​របស់​ក្រសួង​​ខាង​លើ​មក​ផ្សាយ​ថា​ការ​កំណត់​ចំនួន​ខ្លា​ឃ្មុំ​នេះ​​ដើម្បី​គ្រប់​គ្រង​ពួក​វា​ឱ្យ​បាន​ល្អ​ និង​​ដើម្បី​កាត់​បន្ថយ​អត្រា​វាយ​ប្រហារ​ពី​សំណាក់​ខ្លា​ឃ្មុំ​មក​លើ​មនុស្ស​។


ក្រសួង​បាន​យក​បញ្ហា​នេះ​ទៅ​ពិគ្រោះ​ជា​មួយ​ក្រសួង​យុត្តិ​ធម៌​រួច​ហើយ​។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២៦​​រហូត​មក​ដល់​បច្ចុប្បន្ន​ មាន​សេចក្ដី​រាយ​ការណ៍​ថា​ខ្លា​ឃ្មុំ​បាន​ដើរ​ទៅ​ក្បែរ​មនុស្ស​១,២​ម៉ឺន​​ករណី​។ ក្នុង​នោះ ពួក​វា​វាយ​ប្រហារ​មនុស្ស​៨៧​ករណី​ និង​បណ្ដាល​ឱ្យ​ស្លាប់​៣៦​នាក់​។ ក្រសួង​ប្រកាស​ថា​ដោយ​សារ​បញ្ហា​នេះ​ ខ្លួន​សម្រេច​ចិត្ត​កាត់​បន្ថយ​ចំនួន​ខ្លា​ឃ្មុំសម្បុរ​ត្នោត​រហូត​ដល់​​​៣០%​នៃ​ចំនួន​សរុប​របស់​ពួក​វា​នៅ​ក្នុង​តំបន់​នី​មួយ​ៗ​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ RIA មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​តើ​យុទ្ធ​នា​​ការ​កាត់​បន្ថយ​ចំនួន​ខ្លា​ឃ្មុំ​សម្បុរ​ត្នោត​នោះ​នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ពេល​ណា​ និង​ថា​តើ​វិធាន​ការ​នេះ​នឹង​អូស​បន្លាយ​ពេលរហូត​ដល់​ពេល​ណា​​​ទេ​។


អត្រា​មរណ​ភាព​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​ខ្លា​ឃ្មុំ​​ចេះ​តែ​កើន​ឡើង​​បន្ថែម​ពី​លើ​​របាយ​ការណ៍​ដែល​ចុះ​ផ្សាយ​ដោយ​ RIA កាល​ពី​មុន​នេះ​បន្ទាប់​ពី​បុគ្គលិក​សន្តិ​សុខ​ម្នាក់​ប្រចាំ​ការ​នៅ​ជំរំ​លំហែ​កាយ​មួយ​​កន្លែង​នៃ​​​​ឧប​ទ្វីប​កាំ​ឆាត់​កា (Kamchatka) ​ប្រទេស​រុស្ស៊ី​ភាគ​ខាង​កើត ​ត្រូវ​ខ្លា​ឃ្មុំ​ខាំ​សម្លាប់​។ ក្រសួង​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​​អះ​អាង​ថា​ខ្លា​ឃ្មុំ​សរុប​នៅ​ទូទាំង​​​ប្រទេស​រុស្ស៊ី​​មាន​ចំនួន​៣,០៨​សែន​ក្បាល​។ យុទ្ធ​នា​ការ​កាត់​បន្ថយ​ចំនួន​របស់​ពួក​វា​អាច​នឹង​ល្អៀង​គ្នា​ពី​តំបន់​​មួយ​ទៅ​តំបន់​មួយ​ទៀត​។ ឧទាហរណ៍ នៅ​តំបន់​កាំ​ឆាត់​កា​ ក្រសួង​ត្រៀម​កាត់​បន្ថយ​១៤% ខណៈ​ដែល​នៅ​​ក្រាស់​ណូយ៉ាស់ (Krasnoyarsk​) នៃ​តំបន់​ស៊ី​បេរី ក្រសួង​ត្រៀម​កាត់​បន្ថយ​១៩%​។


ក្រសួង​បាន​ផ្ទេរ​សាច់​ប្រាក់​សរុប​ជាង​៩៧​ម៉ឺន​ដុល្លារ​សម្រាប់​យុទ្ធ​នា​ការ​កាត់​បន្ថយ​ចំនួន​ខ្លា​ឃ្មុំ​សម្បុរ​​ត្នោត​ដែល​ឧស្សាហ៍​ដើរ​ទៅ​កៀក​នឹង​ផ្ទះ​របស់​ប្រជា​ជន​ និង​ដើរ​​ស៊ី​ចំណី​អាហារ​នៅ​តាម​ទី​វាល​។ យោង​តាម​ទិន្ន​ន័យ​របស់​រដ្ឋាភិបាល​រុស្ស៊ី​​ ខ្លា​ឃ្មុំ​សម្បុរ​​ត្នោត​កើន​​ចំនួន​ទ្វេ​មួយ​ជា​ពីរ​នៅ​ក្នុង​រយៈ​ពេល​បី​ទស​វត្សរ៍​ចុង​ក្រោយ​។ កត្តា​នេះ​មួយ​ផ្នែក​ដោយ​សារ​​រដូវ​រងា​មាន​រយៈ​ពេល​ខ្លី​ជាង​មុន​ និង​អាកាស​ធាតុ​​មិន​សូវ​ត្រជាក់​ខ្លាំង​៕ ប្រភព៖ Reuters​