ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេតវិមាន​បញ្ជាក់​ថា​លោក​ត្រាំ​នឹង​លើក​យក​បញ្ហា​នុយ​ក្លេអ៊ែរ​ទៅ​និយាយ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ចិន និង​រុស្ស៊ី

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​​ដូណាល់​ត្រាំ​នឹង​លើក​យក​បញ្ហា​​កាត់​បន្ថយ​អា​វុធ​នុយ​ក្លេ​អ៊ែរ​ទៅ​និយាយ​គ្នា​ជា​មួយ​ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង​ និង​លោក​ពូទីន​។ នេះ​បើ​យោ​ងតាម​ការ​អះ​អាង​របស់​មន្ត្រី​សេត​វិមាន​។ លោក​ស្រី​អូលីវៀ វេល (Olivia Wales) ជា​អ្នក​នាំ​ពាក្យ​សេត​វិមាន​ថ្លែង​ថា​លោក​ត្រាំ​នឹង​ពិភាក្សា​អំពី​ការ​​កាត់​បន្ថយ​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​លើ​សាកល​លោក​។ ការ​រីក​សាយ​ភាយ​នៃ​អាវុធ​នេះ​ត្រូវ​លោក​ចាត់​ទុកថា​ជា​រឿង​ដ៏​គ្រោះ​ថ្នាក់​បំផុត​។ ការ​ជួប​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​ទាំង​បី​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ​នៅ​ប្រទេស​ចិន​។ មែន​ទែន​ទៅ ការ​ជួប​គ្នា​និយាយ​អំពី​ការ​បញ្ហា​នុយ​ក្លេអ៊ែរ​​ធ្វើ​ឱ្យ​ប្រទេស​ចិន​មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​ព្រោះ​ចិន​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អេប៉ិច​ដែល​ផ្ដោត​សំខាន់​លើ​វិស័យ​ពាណិជ្ជ​កម្ម។ ហេតុ​ដូច្នេះ ចិន​រិះ​គន់​ការ​ព្យាយាម​លើក​យក​បញ្ហា​នុយ​ក្លេអ៊ែរ​មក​​និយាយ​។

​​​លោក​ពូទីន លោក​ស៊ី​ជីនពីង និង​លោក​ដូណាល់​ត្រាំ​នឹង​ជួប​គ្នា​ត្រី​ភាគី​នៅ​ពេល​អស់​លោក​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អេប៉ិច​នៅ​ទី​ក្រុង​ស៊ឹន​ចិន​។ លោក​ត្រាំ​ត្រៀម​ចាក​ចេញ​​​ពី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​ដើម្បី​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៤​ថ្ងៃ​នៅ​ទ្វីប​អាស៊ី​។ ក្នុង​នោះ លោក​ក៏​​ត្រៀម​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វ៊ី​លីពីន​​ផង​ដែរ​។ មន្ត្រី​ជាន់​ខ្ពស់​របស់​អាមេរិក​ម្នាក់​ប្រាប់​ថា​យើង​មិន​រំពឹង​ថា​នឹង​មាន​កិច្ច​ព្រម​ព្រៀង​អ្វី​នោះ​ទេ​ពាក់​ព័ន្ធ​នឹង​គម្រោង​ពិភាក្សា​អំពី​បញ្ហា​នុយ​ក្លេអ៊ែរ​​។ នេះ​ជា​ប្រធាន​បទ​ដ៏​ពិបាក​មួយ​សម្រាប់​ប្រទេស​ចិន​ដែល​ត្រូវ​ឆ្លើយ​តប​។ ប៉ុន្តែ​យើង​យល់​ថា​នេះ​ជា​ពេល​ដែល​ប្រទេស​ចិន​ត្រូវ​គិត​គូរ​។ នេះ​ជា​ចំណុច​ចាប់​ផ្ដើម​ការ​សន្ទនា​គ្នា​ដែល​អាច​នឹង​កើត​មាន​ជា​បន្ត​ទៀត​នៅ​ក្នុង​ផ្លូវ​វិជ្ជ​មាន​។

គួរ​កត់​សម្គាល់​ថា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប្រទេស​ចិន​ព្យាយាម​មិន​និយាយ​ផ្ទាល់​ជា​មួយ​ទី​ក្រុង​វ៉ាស៊ីន​តោន​ទេ​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​នុយ​ក្លេអ៊ែរ។ ចិន​យល់​ថា​គួរ​តែ​អាមេរិក និង​រុស្ស៊ី​និយាយ​គ្នា​តែ​២​នាក់​ទៅ ​ព្រោះ​ពួក​គេ​មាន​អាវុធ​នុយ​ក្លេអ៊ែរ​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​ច្រើន​ជាង​គេ​។ សព្វ​ថ្ងៃ​នេះ រុស្ស៊ី​មាន​នុយ​ក្លេអ៊ែរ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​សាកល​​លោក​។ បន្ទាប់​មក​គឺ​អាមេរិក និងបន្ទាប់​មក​ទៀត​គឺ​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ «វិទ្យា​ស្ថាន​​ស្រាវ​ជ្រាវ​អំពី​សន្តិ​ភាព​ជា​អន្តរ​ជាតិ​» ដែល​មាន​ទី​ស្នាក់​ការ​នៅ​ទី​ក្រុង​ស្តក់​ហូម​ ប្រទេស​ស៊ុយ​អែត​។

សន្ធិ​សញ្ញា​ស្ដី​ពី​ការ​កាត់​បន្ថយ​អាវុធ​ជា​យុទ្ធ​សាស្ត្រ​ដែល​ព្រម​ព្រៀង​គ្នា​រវាង​រុស្ស៊ី និង​អាមេរិក​បាន​ផុត​សុពល​ភាព​កាល​ពី​ដើម​ឆ្នាំ​នេះ​។​ គេ​មិន​ទាន់​ដឹង​ថា​ច្បាស់​ថា​តើ​ចិន និង​រុស្ស៊ី​មាន​ចិត្ត​ចង់​ចូល​រួម​ការ​សន្ទនា​គ្នា​ជា​មួយ​លោក​ត្រាំ​ដើម្បី​និយាយ​អំពី​ការ​កាត់​បន្ថយ​នុយ​ក្លេ​អ៊ែរ​ដែរ​ឬ​ទេ​។ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ដដែល​ប្រាប់​ថា​​នៅក្នុង​គម្រោង​ជួប​គ្នា​នោះ លោក​ត្រាំ​ក៏​ត្រៀម​លើក​យក​បញ្ហា​​ស្ដី​ពី​សង្គ្រាម​អុីរ៉ង់​ទៅ​ពិភាក្សា​គ្នា​ផង​ដែរ​។ ប៉ុន្តែ​លោក​នឹង​មិន​និយាយ​អំពី​សង្គ្រាម​អ៊ុយ​ក្រែន​ទេ។ តាម​មើល​ទៅ​ បំណង​របស់​លោក​ត្រាំ​ដែល​ចង់​ជួប​គ្នា​ជា​មួយ​លោក​គីម​ជុង​អ៊ុន​នោះ​ក៏​ប្រហែល​ជា​មិន​បាន​សម្រេច​នោះ​ដែរ​៕​ ប្រភព៖ Reuters