មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារក្នុងស្រុកបានរត់មកដល់ផ្ទះបងប្អូន រួមជា មួយអត្ថប្រយោជន៍ ប.ស.ស. និងរៀនជំនាញឥតគិតថ្លៃ
- ត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ ដើម្បីពង្រីកបន្តការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តពាំនាំមកនូវឱកាសការងារចំនួន៣២០៨កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានប្រជាពលរដ្ឋជិត៧០០នាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់លើការផ្តល់ឱកាសការងារ ដែលមានក្រសួងការងារជាសេនាធិការផ្ទាល់ ។ ដូចបច្ចុប្បន្នជាក់ស្តែង មានឱកាសការងារក្នុងស្រុកជាង៩ម៉ឺនកន្លែងនៅទូទាំងប្រទេស រួមមាននៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ។ ការងារទាំងនោះ «កំពុងរត់រកបងប្អូនដល់មូលដ្ឋានផ្ទាល់» ដែលអាចចុះឈ្មោះ សម្ភាសន៍ និងទទួលបានការងារភ្លាមៗ ដើម្បីទទួលបានប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក ។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ការងារក្នុងស្រុកក៏បានផ្តល់ជូននូវអត្ថប្រយោជន៍ពី ប.ស.ស. មានដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន ព្រមទាំងការរស់នៅជួបជុំគ្រួសារ ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកខុសច្បាប់ ប្រឈមនឹងហានិភ័យអសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងព្រាត់ចាកឆ្ងាយពីគ្រួសារ ។

បន្ថែមពីនេះ បងប្អូនក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើន តាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសប្រចាំខេត្តត្បូងឃ្មុំ ។ បន្ទាប់ពីរៀនចប់ បងប្អូនពិតជាអាចរកការងារធ្វើកាន់តែប្រសើរ ឬបើកមុខរបរដោយខ្លួនឯងផងដែរ ។

ទន្ទឹមនឹងនេះ អតីតពលករមកពីប្រទេសថៃ ដែលមានជំនាញជាប់ខ្លួន ក្រសួងការងារក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីជំនាញជាផ្លូវការ ជាពិសេស ជួយឱ្យទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ ។ ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យបងប្អូនជួយផ្សព្វផ្សាយបន្តអំពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់សាច់ញាតិ និងមិត្តភក្តិ ហើយបើមានបំណងចង់សួរព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរសព្ទ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែកប.ស.ស. ។

សូមបញ្ជាក់ថា ឱកាសការងារជាង៣០០០កន្លែងនេះ ត្រូវបានផ្តល់ដោយធនាគារ វឌ្ឍន: អាស៊ី ចំកាត់ ABA (ខេត្តត្បូងឃ្មុំ), ក្រុមហ៊ុន ថាកូ អាហ្គ្រី, រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស មានក្រុមហ៊ុន មង្គល អេចអ (MONGKOL HR) ៕





ចែករំលែកព័តមាននេះ