ប្រទេសវៀតណាម៖ មនុស្ស២នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីហាងលក់ហ្គាសមួយកន្លែងបានផ្ទុះឡើង នៅព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ការផ្ទុះនេះបានបណ្ដាលឱ្យហាងលក់ហ្គាសដួលរលំទាំងស្រុង និងផ្ទះប្រជាពលរដ្ឋ២ខ្នងនៅក្បែរនោះបាក់បែក ខណៈផ្ទះ៥ខ្នងផ្សេងទៀតរងការប្រេះជញ្ជាំង និងខូចខាតដំបូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
កម្លាំងផ្ទុះបានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋក្នុងរង្វង់ប្រមាណ១០០ម៉ែត្រ ដោយធ្វើឱ្យសំណង់បេតុង និងដែកធ្លាក់សង្កត់លើអ្នកនៅខាងក្នុង។ ក្នុងចំណោមអ្នកពលីជីវិត មានបុគ្គលិកហាងលក់ហ្គាសម្នាក់អាយុ៥៥ឆ្នាំ ដែលក្រុមសង្គ្រោះបានរកឃើញក្រោមគំនរបាក់បែក ក្រោយការស្វែងរកជិត៧ម៉ោង។ តាមសាក្សីនៅក្បែរកន្លែងកើតហេតុ ហាងនេះបានប្រកបអាជីវកម្មអស់រយៈពេលជិត១០ឆ្នាំ និងតែងតែចាក់បំពេញហ្គាសក្នុងធុងតូចៗ។
ក្រោយហេតុការណ៍ អាជ្ញាធរបានបញ្ជូនកម្លាំងប៉ូលិសជាង៣០នាក់ រថយន្តពន្លត់អគ្គិភ័យជាង១០គ្រឿង រថយន្តសង្គ្រោះបន្ទាន់ និងស្ទូចចំនួន២គ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីរុះរើសំណង់ និងស្វែងរកអ្នកជាប់ក្រោមគំនរបាក់បែក។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបញ្ចប់នៅមុនម៉ោង៣រសៀលថ្ងៃដដែល បន្ទាប់ពីក្រុមសង្គ្រោះបានរុះរើសំណង់ និងយកអ្នករងគ្រោះចេញពីគំនរបាក់បែក។ ទោះជាយ៉ាងណា អាជ្ញាធរនៅមិនទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដដែលបណ្ដាលឱ្យហាងលក់ហ្គាសផ្ទុះនៅឡើយទេ៕
ចែករំលែកព័តមាននេះ