ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Microsoft កំពុង​ដោះ​ស្រាយ​បញ្ហា​រអាក់​រអួល​នៃ​សេវា​របស់​ខ្លួន​ដែល​ប៉ះ​ពាល់​អ្នក​ប្រើ​ប្រាស់​ទូទាំង​សាកល​លោក

2 ថ្ងៃ មុន

ទី​ក្រុង​ហុងកុង៖ ក្រុមហ៊ុន​ម៉ៃ​ក្រូសូហ្វ​កំពុង​មាន​បញ្ហា​រអាក់​រអួល​នៅ​ក្នុង​សេវា​របស់​ខ្លួន​ចាប់​តាំង​ពី​ទ្វីប​អាស៊ី​រហូត​ដល់​អាមេរិក​។ Outlook និង​ Teams រអាក់​រអួល​ជា​ច្រើន​ម៉ោង​ និង​ប៉ះ​ពាល់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នាក់,​ ប៉ះ​ពាល់​ក្រុម​ហ៊ុន​ និង​ប្រតិ​បត្តិ​ការ​របស់​រដ្ឋាភិបាល​ដែល​រង់​ចាំ​​ក្រុម​ហ៊ុន​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ស្រួល​​ឡើង​វិញ​។ ក្រុម​ហ៊ុន​ម៉ៃ​ក្រូ​សូហ្វ​​ថ្លែង​ថា​បញ្ហា​នេះ​ប៉ះ​ពាល់​អ្នក​ប្រើ​ប្រាស់​ Microsoft 365។ សេវា​មួយ​ចំនួន​របស់​ម៉ៃ​ក្រូសូហ្វ​ដូច​ជា​ Outlook, Teams និង​ AI assistant Copilot ត្រូវ​អ្នក​ប្រើ​ប្រាស់​រាយ​ការណ៍​ថា​ធ្លាក់​ចុះ​។

កុ្រម​ហ៊ុន​នៅ​វ៉ាស៊ីនតោន​ឈ្មោះ​ The Redmond ថ្លែង​ថា​ខ្លួន​កំពុង​ប្រើ​ប្រាស់​វិធី​មួយ​ចំនួន​ដើម្បី​កំណត់​រក​ប្រភព​នៃ​បញ្ហា​ និង​ធ្វើ​ឱ្យ​​ប្រព័ន្ធ​សឺវើ​ (server) របស់​ខ្លួន​ដើរ​ស្រួល​ឡើង​វិញ​។ ក្រុម​ហ៊ុន​បញ្ជាក់​ថា​ខ្លួន​មិន​មាន​សញ្ញា​បង្ហាញ​ថា​បញ្ហា​រអាក់​រអួល​របស់​ម៉ៃ​ក្រូសូហ្វ​បណ្ដាល​មក​ពី​មេរោគ​កុំ​ព្យូទ័រ​នោះ​ទេ​។ ក្រុម​ហ៊ុន​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ និង​ដោយ​អាទិភាព​រហូត​ដល់​​ដំណើរ​ការ​ពេញ​លេញ​ទាំង​ស្រុង​។ ក្រុម​ហ៊ុន​ម៉ៃ​ក្រូ​សូហ្វ​ថ្លែង​ថា​សព្វ​ថ្ងៃ​នេះ​អ្នក​ប្រើ​ប្រាស់​ Microsoft 365 នៅ​ទូទាំង​សាកល​លោក​មាន​ចំនួន​៤៣០​លាន​នាក់​។

អ្នក​ប្រើ​ប្រាស់​ប្រហែល​១,៣​សែន​នាក់​នៅ​ក្នុង​ប្រទេស​រាប់​សិប​រាយ​ការណ៍​ថា​ពួក​គេ​មាន​បញ្ហា​រអាក់​រអួល​ក្នុង​ការ​ប្រើ​ប្រាស់​ Outlook។ តាម​រយៈ​ការ​បង្ហោះ​សារ​ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្ដាញ​​អ៊ិច​ ក្រុម​វិស្វករ​របស់​ម៉ៃ​ក្រូសូហ្វ​កំពុង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នេះ​ដើម្បី​ដំណើរ​ការ​ពេញ​លេញ​ឡើង​វិញ​។ ក្រុម​ហ៊ុន​ Workhorse Group Inc. ដែល​មាន​ទី​ស្នាក់​ការ​នៅ​អាមេរិក​ត្រូវ​ពន្យារ​ពេល​កិច្ច​ប្រជុំ​របស់​ខ្លួន​ស្ដី​ពី​ការ​បូក​សរុប​ប្រាក់​ចំណូល​ប្រចាំ​ត្រី​មាស​ដោយ​សារ​បញ្ហា​រអាក់​រអួល​នេះ​។ នៅ​អូស្ត្រាលី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ លោក​ថូនី បឺក (Tony Burke) ថ្លែង​ថា​ម៉ៃ​ក្រូសូហ្វ​បាន​ប្រៀប​ប្រដូច​ករណី​រអាក់​រអួល​នេះ​ទៅ​នឹង​ករណី​ដែល​ក្រុម​ហ៊ុន​ CrowStrike ធ្វើ​បច្ចុប្បន្ន​ភាព​សូហ្វ​វែ​របស់​ខ្លួន​ ហើយ​ក៏​មាន​បញ្ហា​ជាប់​គាំង​កាល​ពី​ឆ្នាំ​២០២៤​។

ក្រុម​ហ៊ុន​ Air India ថ្លែង​ថា​ប្រតិ​បត្តិ​ការ​របស់​ខ្លួន​មិន​រង​ផល​ប៉ះពាល់​ដោយ​សារ​បញ្ហា​រអាក់​រអួល​របស់​ម៉ៃ​ក្រូសូហ្វ​ទេ​។ ប៉ុន្តែ​ខ្លួន​ត្រូវ​តែ​ដូរ​ច្រក​ផ្លូវ​សម្រាប់​បញ្ជូន​អ៊ីមែល​​​ដើម្បី​ធានា​ថា​ចម្ងល់​ផ្សេង​ៗ​របស់​អតិ​ថិ​ជន​នៅ​តែ​បញ្ជូន​ទៅ​ដោយ​រលូន​ទៅ​កាន់​ក្រុម​ហ៊ុន​។ IndiGo ដែល​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​ឥណ្ឌា​ថ្លែង​ថា​ខ្លួន​ក៏​ជួប​ប្រទះ​នឹង​បញ្ហា​រអាក់​រអួល​ខាង​សេវា​បញ្ជូន​អ៊ីមែល​ផង​ដែរ​។ នៅ​សិង្ហបុរី ទី​ភ្នាក់​ងារ​បច្ចេក​វិទ្យា​របស់​រដ្ឋាភិបាល​ថ្លែង​ថា​អ៊ីមែល​របស់​រដ្ឋាភិបាល​ខ្លួន​ធ្លាក់​ចុះ​ និង​ថា​ទី​ភ្នាក់​ងារ​នេះ​កំពុង​ធ្វើ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ម៉ៃ​ក្រូ​សូហ្វ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​។ ក្រៅ​ពី​នេះ តុលាការ​កំពូល​នៅ​ហ្វ៊ីលីពីន ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​នៅ​ជប៉ុន​ សុទ្ធ​តែ​មាន​បញ្ហា​ដោយ​សារ​ការ​​រអាក់​រអួល​នេះ​៕ ប្រភព៖​ AP​