ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ចោទ​អ៊ី​រ៉​ង់​នៅ​ពីក្រោយ​ការ​វា.យប្រហារ​តាម​អ៊ីនធឺណិត​លើ​ទូទឹកកក និង​ទូ​បង្កក​តាម​ផ្សារ​ទំនើប

21 ម៉ោង មុន

ទី​ក្រុងប៉ារីស ៖ ប្រទេស​បារាំង​បាន​ចោទប្រកាន់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​ស្លា​ម​អ៊ី​រ៉​ង់​ថា ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត (Cyberattack) ដើម្បី​លួច​ចូល​ប្រព័ន្ធ​បញ្ជា​ទូទឹកកក និង​ទូ​បង្កក នៅ​ក្នុង​ផ្សារ​ទំនើប​ប្រហែល ៧០០ កន្លែង នៅ​ទូ​ទាំង​ប្រទេស​បារាំង កាលពី​ខែ​មុន បង្ក​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ នេះ​បើ​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​។

ការ​វាយប្រហារ​នេះ ក្រុម ហែក​ឃើ (Hacker) បាន​ដំឡើង​សីតុណ្ហភាព​ក្នុង​ទូទឹកកក និង​ទូ​បង្កក​ខ្ពស់​ខ្លាំង​រហូត​ដល់ ៥០ អង្សា​សេ ធ្វើ​ឱ្យ​ខូចខាត​ទំនិញ និង​អាហារ​កក និង​ស្រស់​ជា​ច្រើន​តោន ហើយ​ថែម​ទាំង​បណ្តាល​ឱ្យ​ឧបករណ៍​មួយ​ចំនួន​ឆេះ​ទៀត​ផង​។

រដ្ឋមន្ត្រី​ការ​បរទេស​បារាំង លោក Jean-Noël Barrot កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា បាន​ចាត់​ទុក​សកម្មភាព​នេះ​ថា ការ​វាយប្រហារ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា​ដ៏​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​ជាតិ​ជា​ប្រវត្តិសាស្ត្រ​។ បារាំង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អ៊ី​រ៉​ង់​មក​ជួប ដើម្បី​តវ៉ា​យ៉ាង​ខ្លាំងក្លា ចំពោះ​ទ​ង្វើ​ដ៏​ធ្ងន់ធ្ងរ​ជាទី​បំផុត​នេះ​។

ព្រះរាជអាជ្ញា​ទី​ក្រុងប៉ារីស​ប្រកាស​ថា ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​បើក​ដំណើរការ​ប្រឆាំង​ប្រធាន​អង្គភាព​វាយប្រហារ​តាម​អ៊ីនធឺណិត​មួយ​ឈ្មោះ Shahid Kaveh ដែល​មាន​ទំនាក់ទំនង​ជាមួយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​ស្លា​ម​អ៊ី​រ៉​ង់ ព្រមទាំង​អនុប្រធាន​២​រូប​ផង​ដែរ​។ ព្រះរាជអាជ្ញា​រក​ឃើញ​ការ​ប្រើប្រាស់​ភាសា​បើ Farsi និង​កូដ​អា​ស័​យ​ដ្ឋា​ន (IP) ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​កាន់​ប្រទេស​អ៊ី​រ៉​ង់​។

ប្រទេស​អ៊ី​រ៉​ង់​មិន​ទាន់​មានការ​ឆ្លើយ​តប​ផ្លូវការ​នៅឡើយ​ទេ ចំពោះ​ការ​ចោទប្រកាន់​នេះ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ី​រ៉​ង់​មួយ​ចំនួន​បាន​ទាត់​ចោលការ​ចោទប្រកាន់​ទាំងនេះ​ថា​ជា​រឿង​គ្មាន​មូលដ្ឋាន​។

ទោះ​យ៉ាងណា​ក៏​ដោយ ប្រទេស​បារាំង​មិនមែន​ជា​ជន​រង​គ្រោះ​តែឯង​នោះ​ទេ ជាក់ស្តែង កាលពី​ដើមខែ​នេះ ការ​វាយប្រហារ​ដូច​គ្នា​ជា​លើក​ទី​ពីរ​បាន​កើតឡើង នៅ​ហាង និង​ផ្សារ​ទំនើប​ជាង ១០០ កន្លែង​ក្នុង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប រួម​មាន​បែ​ល​ហ្ស៊ិ​ក លុ​ច​សំបួរ​រង​ផល​ប៉ះពាល់​ខ្លាំង ខណៈ​ហាង​ចំនួន​តិចតួច​ក្នុង​ប្រទេស​ស៊ុ​យ​អែ​ត អៀរ​ឡង់ ហូ​ឡង់ អេ​ស្តូ​នី និង​ហ្វាំ​ង​ឡង់ ក៏​ត្រូវ​បាន​វាយប្រហារ​ផង​ដែរ​៕