ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន ៖ បុរស​ម្នាក់​បើក​អេ​ស្កា​វ៉ា​ទ័​រ​សម្រុកចូល​កាយ​កម្ទេ.ច​អគារ​រដ្ឋាភិបាល ព្រោះតែ​រឿង​ជម្លោះ​ប្រា.ក់​សំណង

21 ម៉ោង មុន

ប្រទេស​ចិន ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​បង្ក​ឱ្យ​មាន​ភាព​ចលាចល​យ៉ាង​ខ្លាំង នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់​ពី​បុរស​ម្នាក់​បាន​បើក​អេ​ស្កា​វ៉ា​ទ័​រ (​គ្រឿងចក្រ​កាយ​ដី​) សម្រុកចូល​ទៅ​ក្នុង​បរិវេណ​ការិយាល័យ​រដ្ឋាភិបាល​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ខេត្ត​សាន​ស៊ី (Shaanxi) ដោយ​បាន​គាស់​កាយ​បំផ្លិចបំផ្លាញ​អគារ​នៅ​ទីនោះ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Al Jazeera English និង Euronews កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​មជ្ឈមណ្ឌល​ការិយាល័យ​រដ្ឋាភិបាល​ស្រុក​ហ្វឹ​ង​ដុ​ង (Fengdong) ស្ថិត​ក្នុង​តំបន់​ស៊ី​សៀន​ថ្មី (Xixian) ជិត​ទីក្រុង​ស៊ី​អាន (Xi’an)​។ វី​ដេ​អូ​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល ដែល​ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ពី​សកម្មភាព​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង កំពុង​បើកបរ​នៅ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​នោះ មុន​កាយ​ផ្នែក​ខាង​មុខ​អគារ​ឱ្យ​ខូចខាត​យ៉ាងដំណំ ខណៈ​ដែល​បុគ្គលិក និង​ប្រជាពលរដ្ឋ​បាន​ត្រឹម​ឈរ​មើល​ហេតុការណ៍​នោះ​ពី​ចម្ងាយ​។

យោង​តាម​របាយការណ៍​របស់​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន បានឱ្យ​ដឹង​ថា បុរស​រូប​នោះ​បាន​ចាប់ផ្តើម​សកម្មភាព​កាយ​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក ម៉ោង​ក្នុងស្រុក​។ សាក្សី​ដែល​បានឃើញ​ផ្ទាល់​ភ្នែក​និយាយ​ថា ហេតុការណ៍​ទាំងមូល​បាន​អូស​បន្លាយពេល​ប្រហែល​១​ម៉ោង អំឡុង​ពេល​នោះ បុរស​រូប​នោះ បាន​បើក​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង ដើម្បី​បំផ្លិចបំផ្លាញ​អគារ និង​រារាំង​មិន​ឱ្យ​អ្នក​ដទៃ​ចូល​ទៅ​ជិត​អគារ​នោះ​ឡើយ​។

បើ​តាម​រូបភាព​ផ្សព្វផ្សាយ​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​៦​កន្លែង​នៅ​បរិវេណ​អគារ​នោះ បាន​រង​ការ​ខូចខាត ពិសេស​ត្រង់​ច្រកចូល​អគារ​ទី​១ កាំជណ្តើរ​ត្រូវ​បាន​បំផ្លាញ ផ្នែក​ខ្លះ​នៃ​ផ្លា​ក​សញ្ញា​ត្រូវ​បាន​របូត​ធ្លាក់ រានហាល និង​ទ្វារ​កញ្ចក់​ក៏​បាន​បែកបាក់​។ ការ​ខូចខាត​ក៏ បាន​រក​ឃើញ​ផង​ដែរ​នៅ​ផ្នែក​ខាងក្រោយ​អគារ និង​ជញ្ជាំង​ផ្នែក​ខ្លះ​នៃ​អគារ​ផ្សេង​ទៀត​។

Al Jazeera បាន​រាយការណ៍​ថា មូលហេតុ ដែល​នាំ​ឱ្យ​បុរស​នោះ បើក​អេ​ស្កា​វ៉ា​ទ័​រ បុក និង​កាយ​បំផ្លាញ​អគារ​នោះ កើតឡើង​ជុំវិញ​វិវាទ ដែល​ត្រូវ​បាន​ចោទ​ពី​ជម្លោះ​ទាក់ទង​នឹង​ប្រាក់​សំណង​ដែល​មិន​ទាន់​បាន​ទូទាត់​ដល់​អ្នក​ភូមិ​។ ប្រភព​ពី​សារព័ត៌មាន​ចិន Sina ក៏​បានឱ្យ​ដឹង​ដែរ​ថា ពាក់ព័ន្ធ​នឹង​មូលហេតុ​នេះ អាជ្ញាធរ​តំបន់​បាន​អះអាង​ថា បុគ្គល​ដែល​ពាក់ព័ន្ធ គឺជា​បុគ្គល​ម្នាក់​ដែល​មិន​ពេញចិត្ត​នឹង​ការ​ផ្ដល់​សំណង​សម្រាប់​ការ​រុះរើ​កសិដ្ឋាន​ចិញ្ចឹមសត្វ​។ បើ​ទោះបីជា​ការ​ផ្ដល់​សំណង​ត្រូវ​បាន​អនុវត្ត​ទៅ​តាម​គោលនយោបាយ​រួច​ហើយ​ក៏​ដោយ ប៉ុន្តែ​ការ​ទាមទារ​គឺ​ហួសហេតុ​ពេក​។

ទោះ​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន មូលហេតុ​ជាក់លាក់​នៃ​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ នៅ​តែ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត​នៅឡើយ​៕