ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ីរ៉ង់៖ ច្រកសមុទ្រហ័រមូសអាចបើកឡើងវិញក្នុងរយៈពេល២ថ្ងៃ ប្រសិនបើអាម៉េរិកយល់ព្រម

1 ថ្ងៃ មុន

ទីក្រុងតេហេរ៉ង់៖ អ៊ីរ៉ង់បានបញ្ជាក់ថា ច្រកសមុទ្រហ័រមូសអាចបើកដំណើរការឡើងវិញក្នុងរយៈពេលត្រឹម២ថ្ងៃ ប្រសិនបើសហរដ្ឋអាម៉េរិកយល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួន។ ទីក្រុងតេអេរ៉ង់បានបញ្ជាក់ថា ផែនការនេះនៅតែជាសំណើសម្រាប់ការចរចា និងជាជម្រើសមួយដើម្បីស្ដារសន្តិសុខក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេស្មាអ៊ីល បាហ្គៃ​ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ផែនការរយៈពេល២ថ្ងៃនេះជាសំណើដ៏សមហេតុផលបំផុត។ លោកបន្ថែមថា ប្រសិនបើអាម៉េរិកបំពេញតាមការទាមទាររបស់អ៊ីរ៉ង់ តំបន់អាស៊ីខាងលិចអាចមានការវិវឌ្ឍវិជ្ជមាន និងស្ដារសន្តិសុខឡើងវិញក្នុងរយៈពេល២ថ្ងៃ។

កន្លងមក អ៊ីរ៉ង់ធ្លាប់បានដាក់សំណើរយៈពេល៧ថ្ងៃទៅកាន់អាម៉េរិក កាលពីខែកញ្ញា ដើម្បីបញ្ឈប់ការប្រយុទ្ធ និងបើកច្រកសមុទ្រហ័រមូសឡើងវិញ។ ប៉ុន្តែក្រោយមក អ៊ីរ៉ង់បានបង្ហាញឆន្ទៈកាត់បន្ថយរយៈពេលអនុវត្តសំណើនេះមកត្រឹម២ថ្ងៃ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនយល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួន។

ជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីអាម៉េរិក និងអ៊ីស្រាអែលបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានឆ្លើយតបដោយបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើអ៊ីស្រាអែល និងមូលដ្ឋានយោធាអាម៉េរិកក្នុងតំបន់ ព្រមទាំងរឹតត្បិតការធ្វើចរាចរណ៍តាមច្រកសមុទ្រហ័រមូស។ ភាគីជម្លោះបានឈានដល់បទឈប់បាញ់កាលពីថ្ងៃទី៨ ខែមេសា ហើយអ៊ីរ៉ង់ និងអាម៉េរិកបានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី១៨ ខែមិថុនា។

ទោះជាយ៉ាងណា ការចរចាដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការដកទណ្ឌកម្ម មិនទទួលបានលទ្ធផលគ្រប់គ្រាន់តាមកាលកំណត់ថ្ងៃទី១៧ ខែសីហានោះទេ ខណៈភាពតានតឹងនៅតែបន្តកើនឡើង។ បច្ចុប្បន្ន អ៊ីរ៉ង់នៅតែរង់ចាំការសម្រេចចិត្តពីអាម៉េរិកចំពោះសំណើបើកច្រកសមុទ្រហ័រមូសឡើងវិញក្នុងរយៈពេល២ថ្ងៃនេះ៕