អន្តរជាតិ ៖ តម្លៃមាសបានកើនឡើងជាង ១% នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នា២០២៦ បន្ទាប់ពីតម្លៃប្រេងឆៅបានធ្លាក់ចុះ ជួយកាត់បន្ថយការព្រួយបារម្ភអំពីអតិផរណា ខណៈដែលអ្នក វិនិយោគិនកំពុងរង់ចាំទិន្នន័យអតិផរណាសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ និងសញ្ញាថ្មីៗពីគោលនយោបាយធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed)។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters ។
តម្លៃមាសអន្តរជាតិបានកើនឡើង ១,៤% ដល់ ៤ ១២៣ដុល្លារអាមេរិកក្នុង១អោន ឬស្មើនឹង ៤ ៩៦៧ដុល្លារអាមេរិកក្នុង១តម្លឹង គិតត្រឹមម៉ោង ១១ និង ៣០ នាទីព្រឹក (ម៉ោងនៅកម្ពុជា) ដ្បិតលោហៈធាតុដ៏មានតម្លៃមួយនេះ បានកើនឡើង ៥% កាលពីសប្តាហ៍មុន។
តម្លៃប្រេងឆៅប្រភេទ Brent ដែលបានធ្លាក់ចុះមកត្រឹមប្រមាណ ៩៨ ដុល្លារក្នុង១បារ៉ែល អាចជួយកាត់បន្ថយសម្ពាធអតិផរណា និងកាត់បន្ថយការរំពឹងទុកដែលថា អត្រាការប្រាក់នឹងបន្តរក្សាក្នុងកម្រិតខ្ពស់រយៈពេលយូរ។
ការធ្លាក់ចុះតម្លៃប្រេងឆៅបានកើតឡើងជាចម្បង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអាទិត្យបានថ្លែងថា លោកទំនងជាមិនបញ្ជាឱ្យមានការវាយប្រហារថ្មីលើអ៊ីរ៉ង់នោះទេ ដរាបណាកិច្ចចរចាបញ្ចប់សង្គ្រាមនៅតែបន្តដំណើរការទៅមុខ ទោះបីជាមានការវាយប្រហារលើនាវាជាច្រើននៅជិតច្រកសមុទ្រហ័រមូស (Hormuz) បានធ្វើឱ្យកង្វល់លើការផ្គត់ផ្គង់យ៉ាងណាក៏ដោយ។
លោកធ្លាប់បានបន្លុយជាបន្តបន្ទាប់ពីការគំរាមបន្តវាយប្រហារអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ប៉ុន្តែរហូតមកទល់ពេលនេះ គឺមិនទាន់មានសញ្ញាណាមួយបង្ហាញពីយុទ្ធនាការយោធាទ្រង់ទ្រាយធំរបស់អាមេរិកនៅឡើយទេ។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់ក៏បានប្រកាសដែរថា ខ្លួននឹងឆ្លើយតបវិញតាមរយៈការវាយប្រហារលើគោលដៅវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោក Tim Waterer ប្រធានអ្នកវិភាគក្រុមហ៊ុន KCM Trade បានហៅការលើកឡើងរបស់លោក ត្រាំ ថាមានភាពម៉ត់ចត់ និងប្រុងប្រយ័ត្នជាងមុន ប៉ុន្តែទន្ទឹមជាមួយគ្នានោះ លោកបានបន្ថែមថា ទីផ្សារនៅតែរង់ចាំមើលថា តើការបោះឆ្នោតពាក់កណ្តាលអាណត្តិ របស់សហរដ្ឋអាមេរិក ពិតជាបានបង្កើតឱ្យមានការផ្លាស់ប្តូរយូរអង្វែង ចំពោះវិធីសាស្ត្ររបស់លោក ត្រាំ ទៅលើជម្លោះនេះ ឬមួយក៏គ្រាន់តែជាការផ្លាស់ប្តូរពាក្យសម្តីមួយគ្រាតែប៉ុណ្ណោះ៕



ចែករំលែកព័តមាននេះ