រាជធានីភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េ បន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរវប្បធម៌ ភាសា និងការអប់រំ ដោយមហោស្រព Nadri K-Festival ២០២៦ បានប្រារព្ធឡើងកាលពីពេលថ្មីៗនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងពិធីបើក ឯកឧត្តម គីម ឆាំងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសាស្ត្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងពីសារៈសំខាន់នៃមហោស្រពនេះ ក្នុងការបង្កើតឱកាសឱ្យប្រជាជននៃប្រទេសទាំងពីរឈ្វេងយល់ពីវប្បធម៌គ្នាទៅវិញទៅមក និងពង្រឹងមិត្តភាពឱ្យកាន់តែស្និទ្ធស្នាល។ គួរបញ្ជាក់ថា មហោស្រពវប្បធម៌កម្ពុជា-កូរ៉េត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣ ខណៈកម្មវិធី Korea Week នៅមជ្ឈមណ្ឌល CKCC បានចាប់ផ្តើមរៀបចំជាលើកដំបូងក្នុងឆ្នាំ២០១៧ និងទទួលបានការគាំទ្រពីប្រជាជនកម្ពុជាជាបន្តបន្ទាប់។
មហោស្រពឆ្នាំនេះបានរៀបចំសកម្មភាពវប្បធម៌ចម្រុះរយៈពេល២ថ្ងៃ រួមមាន ការសម្តែងរបាំប្រពៃណី ការបង្ហាញម៉ូតសម្លៀកបំពាក់កម្ពុជា-កូរ៉េ ការសម្តែងតេក្វាន់ដូ និងល្បុក្កតោ ការស្លៀកសម្លៀកបំពាក់ហាន់បុក ការរៀនធ្វើម្ហូប ការលេងល្បែងប្រជាប្រិយ ការសម្តែង K-POP និងសកម្មភាពកម្សាន្តផ្សេងៗទៀត។ ជាពិសេស សាកលវិទ្យាល័យកូរ៉េចំនួន៦ បានចូលរួមដាក់ស្តង់ផ្សព្វផ្សាយអំពីឱកាសអាហារូបករណ៍ និងការសិក្សានៅប្រទេសកូរ៉េ ដើម្បីផ្តល់ព័ត៌មាន និងជួយឱ្យយុវជនកម្ពុជាឈ្វេងយល់ពីជម្រើសសិក្សានៅប្រទេសនេះកាន់តែច្បាស់។
ឯកឧត្តម គីម ឆាំងយ៉ុង បានលើកឡើងពីពាក្យកូរ៉េ «Jeong» ដែលមានន័យថា ចំណងមេត្រីភាព និងទឹកចិត្តកក់ក្តៅដែលកើតចេញពីការចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នា ដោយសង្កត់ធ្ងន់ថា ការជួបប្រាស្រ័យទាក់ទងគ្នាកាន់តែញឹកញាប់ នឹងធ្វើឱ្យប្រជាជនទាំងពីរយល់ចិត្តគ្នាកាន់តែស៊ីជម្រៅ និងបង្កើតមិត្តភាពកាន់តែរឹងមាំ។ ទន្ទឹមនឹងនេះ សាស្ត្រាចារ្យបណ្ឌិត ជេត ជាលី បានសង្ឃឹមថា មហោស្រពនេះនឹងក្លាយជាកម្លាំងជំរុញទឹកចិត្តដល់យុវជនកម្ពុជាក្នុងការសិក្សា អភិវឌ្ឍសមត្ថភាព និងស្វែងរកឱកាសថ្មីៗសម្រាប់អនាគត។
គួរបញ្ជាក់ថា នៅឆ្នាំ២០២៧ កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងរួមគ្នាអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ។ ដើម្បីចូលរួមក្នុងឱកាសដ៏មានអត្ថន័យនេះ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជានឹងបន្តរៀបចំព្រឹត្តិការណ៍វប្បធម៌ និងសកម្មភាពផ្លាស់ប្តូរផ្សេងៗទៀត សំដៅបង្កើនការជួបប្រាស្រ័យទាក់ទង ការយល់ដឹងពីគ្នាទៅវិញទៅមក និងពង្រឹងចំណងមិត្តភាពកម្ពុជា-កូរ៉េឱ្យកាន់តែរឹងមាំ និងយូរអង្វែង៕



ចែករំលែកព័តមាននេះ