ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​កំណត់​គោលដៅ​កំណើនសេដ្ឋកិច្ច​យ៉ាង​ហោច ១០% និង GDP សម្រាប់​មនុស្ស​ម្នាក់​ជាង​៦​ពាន់​ដុល្លារ នៅ​ឆ្នាំ​ក្រោយ

2 ថ្ងៃ មុន

ទីក្រុង​ហាណូយ ៖ រដ្ឋសភា​ជាតិ​វៀតណាម​បាន​កំណត់​គោលដៅ​កំណើនសេដ្ឋកិច្ច​យ៉ាង​ហោច​ណាស់ ១០% ក្នុង​ឆ្នាំ ២០២៧ ដោយ​រំពឹង​ថា ផលិតផល​ក្នុងស្រុក​សរុប ឬ GDP សម្រាប់​មនុស្ស​ម្នាក់ នឹង​ឈាន​ដល់​ប្រហែល ៦ ១០០ ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Vietnam Express (VnExpress) និង Vietnam News​។

អង្គនីតិប្បញ្ញត្តិ​បាន​អនុម័ត​សេចក្តីសម្រេច​ស្តី​ពី​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ឆ្នាំ ២០២៧ កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ជាមួយ​សម្លេង​គាំទ្រ​ពី​សមាជិក​សភា​ជាង ៩៣,៤%​។ ផែនការ​ដ៏​មាន​មហិច្ឆតា​នេះ ត្រូវ​បាន​អនុម័ត​ដើម្បី​ជម្រុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​ឱ្យ​មានការ​ឈានមុខ និង​បំបែក​កំណត់​ត្រា​ថ្មី​។

ក្រោម​សេចក្តីសម្រេច​នេះ វៀតណាម​មាន​គោលបំណង​សម្រេច​ឱ្យ​បាន​កំណើនសេដ្ឋកិច្ច​យ៉ាង​ហោច​ណាស់ ១០% នៅ​ឆ្នាំ​ក្រោយ ស្រប​ពេល​រក្សា​អត្រា​អតិផរណា​ឱ្យ​ស្ថិត​ក្នុង​រង្វង់ ៤,៥%​។ សេចក្តីសម្រេច​នេះ ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល ឱ្យ​បន្ត​ផ្តល់​អាទិភាព​លើ​កំណើនសេដ្ឋកិច្ច ព្រមទាំង​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រង​អតិផរណា និង​ធានា​បាន​នូវ​តុល្យភាព​សេដ្ឋកិច្ច ឬ​វិស័យ​សំខាន់​ៗ​ផង​ដែរ​។

ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ដ៏​ធំធេង​នេះ រដ្ឋាភិបាល​វៀតណាម​ផ្តោត​លើ​ការ​កែទម្រង់​ស្ថាប័ន​, ការ​ជម្រុញ​ផលិតភាព​ពលកម្ម​, ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ការ​បង្កើន​ល្បឿន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ ដូច​ជា គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ភាគ​ខាងជើង​-​ខាងត្បូង​, ផ្លូវ​ល្បឿន​លឿន និង​ព្រ​លាន​យន្តហោះ​អន្តរជាតិ Long Thanh ជាដើម​៕