ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ និង​អ៊ី​ស្រា​អែ​ល ពង្រឹង​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​វប្បធម៌ តាម​រយៈ​សិល្បៈ​ភាពយន្ត

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ ឯកឧត្តម ឯក ប៊ុ​ន​ថា អនុរដ្ឋលេខាធិការតំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ​ រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ បាន​អញ្ជើញ​ចូលរួម​ និង​ថ្លែង​សុន្ទរកថា ​ក្នុង​កម្មវិធី «​ការ​ចែករំលែក​វប្បធម៌​ ៖ រាត្រី​ភាពយន្ត​អ៊ី​ស្រា​អែ​ល​» (Cultural Exchange: Israeli Film Night) ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​រោង​ភាពយន្ត Sabay Cinema ផ្សារ​ទំនើប AEON Mall 1 រាជធានី​ភ្នំពេញ​ ។

កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក Rami Teplitskiy អនុប្រធាន​បេសកកម្ម​ នៃ​ស្ថានទូត​អ៊ី​ស្រា​អែ​ល​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក Moran Hadad ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​-​អ៊ី​ស្រា​អែ​ល (CICC) ព្រមទាំង​ភ្ញៀវ​កិត្តិយស មិត្តភក្តិ​អ៊ី​ស្រា​អែ​ល អតីត​និស្សិត​ខ្មែរ​ ដែល​បាន​សិក្សា​នៅ​អ៊ី​ស្រា​អែ​ល អ្នកជំនួញ សិល្បករ និង​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​រូប ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម ឯក ប៊ុ​ន​ថា បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ នៃ​វិស័យ​វប្បធម៌ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ចាត់​ទុក​វប្បធម៌​ជា​ថាមពល ​នៃ​ការ​យោគយល់​គ្នា ការ​ផ្លាស់​ប្តូរ​ចំណេះដឹង និង​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​។ ជាមួយ​គ្នា​នេះ ភាពយន្ត​មិន​ត្រឹមតែ​ជា​មធ្យោបាយ​កម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការ​ផ្សព្វផ្សាយ​អត្តសញ្ញាណ​ជាតិ តម្លៃ​មនុស្ស និង​វប្បធម៌​ទៅ​កាន់​ពិភពលោក ព្រមទាំង​ជា​ផ្នែក​មួយ ​នៃ​ការទូត​វប្បធម៌ (Cultural Diplomacy)​ ។

កម្មវិធី​នេះ​ក៏​បាន​បង្ហាញ​ភាពយន្ត​អ៊ី​ស្រា​អែ​ល «Here We Are» ដែល​រៀបរាប់​ពី​ដំណើរ​របស់​ឪពុក​ម្នាក់ ​ដែល​មាន​សេចក្តី​ស្រឡាញ់ និង​ការ​លះបង់​ចំពោះ​កូនប្រុស​ ដែល​កើត​អូ​ទី​ស្សឹម (Autism) តាម​រយៈ​ដំណើរ​កម្សាន្ត​មួយ ដើម្បី​ជៀសវាង​ការ​បែក​ពី​កូន​។ សាច់​រឿង​បាន​ឆ្លុះ​បញ្ចាំង​ពី​ចំណង​គ្រួសារ សេចក្តី​ស្រឡាញ់ ការ​យោគយល់ ការ​ទទួលយក​ភាព​ខុស​គ្នា និង​តម្លៃ​មនុស្ស​ជាស​កល​ ។

ជាទី​បញ្ចប់ កម្មវិធី​នេះ​បាន​រួមចំណែក​បង្កើត​ឱកាស​សម្រាប់​ការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​ការ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​បើក​ច្រក​សម្រាប់​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អ៊ី​ស្រា​អែ​ល លើ​វិស័យ​ភាពយន្ត សិល្បៈ និង​វប្បធម៌ ឱ្យ​កាន់តែ​ទូលំទូលាយ និង​មាន​និរន្តរភាព​ ៕