ប្រទេសឥណ្ឌា៖ ទីក្រុងញូវដែលី ប្រទេសឥណ្ឌា បានជាប់ចំណាត់ថ្នាក់ជាទីក្រុងធំដែលមានខ្យល់កខ្វក់បំផុតលើពិភពលោក កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ខណៈតំបន់នេះកំពុងប្រឈមនឹងការកើនឡើងនៃការបំពុលខ្យល់ មុនពិធីបុណ្យឌីវ៉ាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែវិច្ឆិកា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមចំណាត់ថ្នាក់ផ្ទាល់របស់ក្រុមហ៊ុនស្វីស IQAir នៅម៉ោង ១០:៣៥នាទីព្រឹក សន្ទស្សន៍គុណភាពខ្យល់របស់ទីក្រុងញូវដែលីបានឡើងដល់ ៥៨១ ពោលគឺខ្ពស់ជាងទីក្រុងឡាហ័រ ប្រទេសប៉ាគីស្ថាន ដែលមានកម្រិត ២៨៥ ប្រមាណជាង ២ដង។
ដោយឡែក ក្រុមប្រឹក្សាគ្រប់គ្រងការបំពុលកណ្តាលរបស់ឥណ្ឌា បានវាស់សន្ទស្សន៍គុណភាពខ្យល់នៅទីក្រុងញូវដែលីបាន ៣៦៣ នៅម៉ោង ១០ព្រឹក ដោយចាត់ទុកថាស្ថិតក្នុងកម្រិត «អាក្រក់ខ្លាំង»។ តម្លៃសន្ទស្សន៍របស់ IQAir និងស្ថាប័នឥណ្ឌាមិនអាចប្រៀបធៀបគ្នាដោយផ្ទាល់បានទេ ព្រោះប្រើមាត្រដ្ឋាន និងវិធីវាស់ខុសគ្នា។
ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ អាជ្ញាធរឥណ្ឌាបានបញ្ជាឱ្យសាលារៀននៅក្នុង និងជុំវិញទីក្រុងញូវដែលីផ្ដល់ជម្រើសរៀនតាមប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការពីផ្ទះ។ សារព័ត៌មានក្នុងស្រុកក៏បានរាយការណ៍ថា គុណភាពខ្យល់កាលពីថ្ងៃសុក្រ គឺអាក្រក់បំផុតមុនពិធីបុណ្យឌីវ៉ាលី ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ។
ការបំពុលខ្យល់ជាបញ្ហាប្រចាំឆ្នាំនៅតំបន់ជាច្រើនភាគខាងជើងប្រទេសឥណ្ឌា នៅពេលរដូវរងាចាប់ផ្ដើម ដោយខ្យល់ត្រជាក់ និងធ្ងន់ធ្វើឱ្យផ្សែងពីយានយន្ត ធូលីពីការដ្ឋានសំណង់ និងផ្សែងពីការដុតសំណល់ដំណាំជាប់នៅជិតផ្ទៃដី។ លើសពីនេះ ការបាញ់កាំជ្រួច និងផាវក្នុងពិធីបុណ្យឌីវ៉ាលី ត្រូវបានរំពឹងថាអាចធ្វើឱ្យគុណភាពខ្យល់កាន់តែអាក្រក់ថែមទៀត៕
ចែករំលែកព័តមាននេះ