ប្រទេសយេម៉ែន៖ មនុស្សយ៉ាងតិច ១១នាក់បានស្លាប់ ក្នុងការវាយប្រហារតាមអាកាសទៅលើភូមិមួយក្បែររដ្ឋធានីសាណា ប្រទេសយេម៉ែនខណៈប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ូទីបានចោទប្រកាន់ថា យន្តហោះចម្បាំងអារ៉ាប៊ីសាអូឌីតជាអ្នកបើកការវាយប្រហារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
តាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ូទី ការវាយប្រហារបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង នៅភូមិនៃភាគខាងកើតរដ្ឋធានីសាណា ដោយក្នុងចំណោមអ្នកស្លាប់មានស្ត្រី និងកុមារផងដែរ។ ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន ១១នាក់ពីគំនរបាក់បែក ខណៈចំនួនអ្នកស្លាប់នៅមិនទាន់ជាចំនួនចុងក្រោយនៅឡើយ។
ទូរទស្សន៍ Al-Masirah ក៏បានរាយការណ៍ថា យន្តហោះចម្បាំងអារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារបន្ថែមចំនួន ២លើក សំដៅលើក្រុមជួយសង្គ្រោះ និងផ្លូវដែលនាំទៅកាន់ភូមិរងគ្រោះ។ ទោះជាយ៉ាងណា ព័ត៌មានអំពីការវាយប្រហារនេះមិនទាន់អាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ហើយសម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតក៏មិនទាន់មានប្រតិកម្មភ្លាមៗដែរ។
ការវាយប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីផ្សារមួយកន្លែងក្នុងខេត្តនៃភាគនិរតីប្រទេសយេម៉ែន រងការវាយប្រហារ បណ្ដាលឱ្យមនុស្សយ៉ាងតិច ៣០នាក់ស្លាប់ និង ៨នាក់រងរបួស។ ក្រុមហ៊ូទី និងអាជ្ញាធររដ្ឋាភិបាលបានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនោះ។
ស្ថានការណ៍ប្រយុទ្ធនៅយេម៉ែនកំពុងបន្តកើនឡើងរវាងក្រុមហ៊ូទី និងកងកម្លាំងរដ្ឋាភិបាលដែលមានការគាំទ្រពីសម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ ប្រទេសនេះបានធ្លាក់ក្នុងជម្លោះតាំងពីចុងឆ្នាំ២០១៤ បន្ទាប់ពីក្រុមហ៊ូទីដណ្ដើមបានរដ្ឋធានីសាណា និងតំបន់ភាគខាងជើងជាច្រើន ដែលនាំឱ្យសម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតចូលធ្វើអន្តរាគមន៍នៅឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិ៕
ចែករំលែកព័តមាននេះ