ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​រដ្ឋ​ធានី​កៀវ​ និង​តំបន់​ខ្សែ​ក្រវាត់​ក្រុង​ ធ្វើ​ឱ្យ​រង​គ្រោះទីតាំង​ផលិត​ថាម​ពល​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ដទៃ​ទៀត​

3 ថ្ងៃ មុន

ទី​ក្រុង​កៀវ​៖ រុស្ស៊ី​ប្រកាស​ថា​យោធា​របស់​ខ្លួន​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​ទីតាំង​យោធា ទី​តាំង​ផលិត​ថាម​ពល និង​ទី​តាំង​ដឹក​ជញ្ជូន​នៅ​ទី​ក្រុង​កៀវ​ និង​តំបន់​ជុំ​វិញ​ទី​ក្រុង​នេះ​។ នៅ​ទី​ក្រុង​កៀវ​ ក្រសួង​ការ​ពារ​ជាតិ​ប្រកាស​ថា​ការ​វាយ​ប្រហារ​នោះ​ត្រូវ​ចំ​ស្ពាន​ Northern Bridge ដែល​ប្រើ​ប្រាស់​សម្រាប់​ដឹក​ជញ្ជូន​អាវុធ​យុទ្ធ​ភ័ណ្ឌ​ គ្រឿង​បរិក្ខារ​យោធា និង​យាន​ជំនិះ​សម្រាប់​កង​ទ័ព​អ៊ុយ​ក្រែន​។

ក្រៅ​ពី​នេះ​ រុស្ស៊ី​វាយ​ប្រហារ​រោង​ចក្រ​ Meridian ដែល​ប្រើ​ប្រាស់​សម្រាប់​ផលិត​មីស៊ីល​បណ្ដែត​ម៉ាក​ហ្វ្លា​មីង​ហ្គោ (Flamingo)។ ក្រសួង​ក៏​បាន​ប្រកាស​ផង​ដែរ​ថា​​ការ​វាយ​ប្រហារ​នោះ​បណ្ដាល​ឱ្យ​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផលិត​ថាម​ពល​ និង​តំបន់​ឧស្សាហ​កម្ម​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​ទី​ក្រុង​កៀវ​។ ក្នុង​នោះ​មាន​រោង​ចក្រ​អគ្គិសនី ទីតាំង​ចែក​ចាយ​អគ្គិសនី និង​រោង​ចក្រ​ផលិត​គ្រាប់​កាំ​ភ្លើ​ង។ ​រុស្ស៊ី​ក៏​បាន​វាយ​ប្រហារ​ស្ថានីយ​ចែក​ចាយ​អគ្គិសនី​នៅ​តំបន់​ហ្ស៊ី​តូមៀ​ (Zhytomyr) និង​នាវា​ដឹក​ទំនិញ​មួយ​គ្រឿង​នៅ​សមុទ្រ​ខ្មៅ​ផង​ដែរ​។

រុស្ស៊ី​ថា​នាវា​នោះ​កំពុង​ដឹក​គ្រឿង​បរិក្ខារ​យោធា​ និង​ទំនិញ​ប្រើ​ប្រាស់​សម្រាប់​ស៊ីវិល​ផង និង​យោធា​ផង​។ ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោក​ហ្សេឡិនស្គី​ បញ្ចេញ​ប្រតិ​កម្ម​ចំពោះ​រឿង​ និង​ចោទ​ប្រកាន់​ថា​រុស្ស៊ី​​បាន​រុញ​ច្រាន​ទី​ក្រុង​កៀវ និង​ទី​កន្លែង​ដទៃ​ទៀត​របស់​អ៊ុយ​ក្រែន​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សភា​ងងឹត​ដោយ​វាយ​ប្រហារ​ទី​តាំង​សំខាន់​ៗ​​ជា​អាយុ​ជីវិត​។ ការ​វាយ​ប្រហារ​លើក​នេះ​កើត​មាន​ឡើង​មុន​​គម្រោង​ជួប​គ្នា​ត្រី​ភាគី​រវាង​រុស្ស៊ី អ៊ុយ​ក្រែន និង​អាមេរិក​។

លោក​ហ្សេឡិនស្គី​អះ​អាង​ថា​រុស្ស៊ី​បញ្ជូន​ដ្រូន​១៧២​គ្រឿង​ និង​មីស៊ីល​បាលីស្ទីក​៣៦​គ្រាប់​ទៅ​វាយ​ប្រហារ​គ្រប់​ច្រក​ល្ហក​នៃ​ទី​ក្រុង​កៀវ និង​តំបន់​​ខ្សែ​ក្រវាត់​ក្រុង​ បណ្ដាល​ឱ្យ​មនុស្ស​៩​នាក់​រង​របួស​។ លោក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ទី​តាំង​ផលិត​ថាម​ពល​គឺ​ជា​ផ្ទាំង​ស៊ីប​សំខាន់​នៃ​ការ​វាយ​ប្រហារ​​លើក​នេះ​ ហើយ​​​បណ្ដាល​ឱ្យ​មាន​បញ្ហា​រអាក់​រអួល​យ៉ាង​ខ្លាំង​សម្រាប់​ការ​ផ្គត់​ផ្គង់​អគ្គិសនី ទឹក​ស្អាត​ និង​កម្ដៅ​នៅ​ទូទាំង​រដ្ឋ​ធានី​កៀវ​។ អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​ ស្ពាន​ Northern Bridge និង​សាលា​មត្តេយ្យ​មួយ​កន្លែង​ក៏​រង​ការ​ខូច​ខាត​ផង​ដែរ​។

មិន​មែន​តែ​រុស្ស៊ី​ទេ​ដែល​វាយ​ប្រហារ​អ៊ុយ​ក្រែន​ អ៊ុយ​ក្រែន​ក៏​​វាយ​ប្រហារ​រុស្ស៊ី​វិញ​ដែរ​។ អ៊ុយ​​ក្រែន​បញ្ជូន​ដ្រូន​ជា​ច្រើន​គ្រឿង​ និង​មីស៊ីល​ជា​ច្រើន​គ្រាប់​ទៅ​វាយ​ប្រហារ​ទី​តាំង​ជា​ច្រើន​កន្លែង​របស់​រុស្ស៊ី​កាល​ពី​ពេល​រំលង​អធ្រាត្រ​បណ្ដាល​ឱ្យ​ខូច​ខាត​យ៉ាង​ដំណំ ប៉ុន្តែ​មិន​មាន​ស្លាប់​មនុស្ស​ទេ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​អាជ្ញា​ធរ​រុស្ស៊ី​។ នៅ​ទី​ក្រុង​អូរីយ៉ូល (Oryol) អ៊ុយ​ក្រែន​វាយ​ប្រហារ​ឃ្លាំង​ស្តុក​ទុក​ទំនិញ​ជា​ច្រើន​កន្លែង​​ និង​ទី​តាំង​ផលិត​កម្ម បណ្ដាល​ឱ្យ​មាន​ភ្លើង​ឆាប​ឆេះ​។ នៅ​តំបន់​សារ៉ា​តោហ្វ​ (Saratov) ដ្រូន​របស់​អ៊ុយ​ក្រែន​វាយ​ប្រហារ​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​​ ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ ឬ​របួស​ទេ​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​អះ​អាង​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ខ្លួន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​៤១១​គ្រឿង​ដែល​ហោះ​ទៅ​វាយ​ប្រហារ​តំបន់​ជាង​ដប់​កន្លែង​ទូទាំង​ប្រទេស​រុស្ស៊ី​៕ ប្រភព៖​ Reuters, Times of India