រាជធានីភ្នំពេញ ៖ ការប្រឡងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ មានការចុះតាមដានការបំពេញការងារដោយផ្ទាល់ពីសំណាក់កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យមើលការបំពេញការងាររបស់ក្រុមការងារ អ.ប.ព. ក្នុងការស្កេនមុខបេក្ខជន និងសង្កេតការណ៍លើដំណើរការប្រឡង ។
គណៈកម្មការដឹកនាំ និងក្រុមការងារសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សរុបចំនួន ៣១៩ រូប ដឹកនាំដោយ ឯកឧត្តមឧបការី កែវ ធីវុធ បានចូលរួមសង្កេតការណ៍ការប្រឡងថ្នាក់ជាតិ ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងចំនួន ៨ រួមមាន ៖ ១. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ២. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ៣. វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ៤. អនុវិទ្យាល័យចតុមុខ ៥. សាលាបឋមសិក្សាចតុមុខ ៦. វិទ្យាល័យឥន្ទ្រទេវី ៧. វិទ្យាល័យព្រះស៊ីសុវត្ថិ និង ៨. វិទ្យាល័យបាក់ទូក ។
គណៈកម្មការប្រឡងប្រជែង ក្រោមការដឹកនាំរបស់ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជា និងគោលការណ៍ណែនាំសម្រាប់បេក្ខជនប្រឡង សំដៅពង្រឹងតម្លាភាព ភាពត្រឹមត្រូវ សមភាព និងយុត្តិធម៌ ស្របតាមអនុសាសន៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការប្រឡងប្រជែងនេះ បែងចែកជាបន្ទប់ប្រឡងចំនួន ៤៣៥ បន្ទប់ និងមានបេក្ខជនទទួលបានសិទ្ធិប្រឡងចំនួន ១២,៩៣១ នាក់ ចូលរួមប្រឡងប្រជែងជ្រើសរើសបេក្ខជនជាប់ស្ថាពរចំនួន ៤,០៨៥ នាក់។
ជាមួយគ្នានេះ ក្រុមការងារ អ.ប.ព. នឹងបន្តបេសកកម្មចូលរួមសង្កេតការណ៍លើដំណើរការកំណែ និងការស្រង់បូកពិន្ទុ ដែលចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រហូតដល់ការប្រកាសលទ្ធផលស្ថាពរ ដើម្បីរួមចំណែកធានាឱ្យដំណើរការប្រឡងទាំងមូលប្រព្រឹត្តទៅដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ ៕












ចែករំលែកព័តមាននេះ