សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ខួរក្បាលជ្រូកជាអាហារដែលមនុស្សជាច្រើនចូលចិត្ត ដោយសារមានរសជាតិឈ្ងុយឆ្ងាញ់ ខ្លាញ់ និងទន់ងាយញ៉ាំ។ អ្នកខ្លះថែមទាំងជឿថា ការញ៉ាំខួរក្បាលជ្រូកអាចជួយបំប៉នខួរក្បាលតាមជំនឿថា «ញ៉ាំអ្វីបាននោះបំប៉នអ្វី»។ ប៉ុន្តែការពិត អាហារនេះមានជាតិកូឡេស្តេរ៉ុលខ្ពស់ខ្លាំង ដែលគួរឱ្យយកចិត្តទុកដាក់។
តាមទិន្នន័យដែលបានផ្សព្វផ្សាយ ខួរក្បាលជ្រូក ១០០ ក្រាម មានជាតិកូឡេស្តេរ៉ុលរហូតដល់ ២ ៥៧១ មិល្លីក្រាម ខណៈសាច់ជ្រូកសាច់ ១០០ ក្រាម មានត្រឹម ៨១ មិល្លីក្រាមប៉ុណ្ណោះ។ នេះមានន័យថា ខួរក្បាលជ្រូកមានជាតិកូឡេស្តេរ៉ុលខ្ពស់ជាងដល់ទៅ ៣១,៧ ដង។ ទោះបីវាមានប្រូតេអ៊ីន និងសារធាតុរ៉ែដូចជា កាល់ស្យូម ផូស្វ័រ និងសេលេញ៉ូមក៏ដោយ ក៏មិនគួរញ៉ាំញឹកញាប់ដោយគិតថាជាអាហារបំប៉នខួរក្បាលនោះទេ។
ក្រៅពីកូឡេស្តេរ៉ុលខ្ពស់ ខួរក្បាលជ្រូក ១០០ ក្រាម ក៏មានខ្លាញ់សរុបប្រហែល ៩,៨ ក្រាម ក្នុងនោះមានខ្លាញ់ឆ្អែត ២,៤ ក្រាម និងមានសារធាតុព្យូរីន (Purin) ប្រហែល ១៧៥ មិល្លីក្រាមផងដែរ។ ដូច្នេះ អ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់ ជំងឺស្ទះសរសៃឈាម ឬមានអាស៊ីតអ៊ុយរិកខ្ពស់ និងជំងឺរលាកសន្លាក់ហ្គោដ គួរប្រុងប្រយ័ត្ន និងកាត់បន្ថយការបរិភោគអាហារប្រភេទនេះ។
ដើម្បីកាត់បន្ថយហានិភ័យ គួរអនុវត្តវិធីសាស្ត្រសំខាន់ៗចំនួន ៤ គឺ៖ ទី១. កុំញ៉ាំខួរក្បាលជ្រូកច្រើន ឬញឹកញាប់ពេក ដោយប្រភពបានលើកឡើងពីការណែនាំឱ្យកំណត់ប្រហែល ២ ទៅ ៣ ដងក្នុងមួយខែ និងមួយដងប្រហែល ២៥ ក្រាម។ ទី២. គួរជ្រើសរើសវិធីចំហុយ ស្ងោរ ឬស្ងោរជាមួយគ្រឿង ជំនួសការបំពង ឬចម្អិនជាមួយប្រេងច្រើន។ ទី៣. ត្រូវចម្អិនឱ្យឆ្អិនល្អ ដើម្បីកាត់បន្ថយហានិភ័យឆ្លងប៉ារ៉ាស៊ីត។ ទី៤. គួរញ៉ាំជាមួយបន្លែ ផ្សិត និងធញ្ញជាតិដែលមានជាតិសរសៃ ដើម្បីឱ្យរបបអាហារមានតុល្យភាព។
ជារួម ខួរក្បាលជ្រូកអាចមានសារធាតុចិញ្ចឹមមួយចំនួន ប៉ុន្តែបរិមាណកូឡេស្តេរ៉ុល និងខ្លាញ់ខ្ពស់ ធ្វើឱ្យវាមិនមែនជាអាហារដែលគួរញ៉ាំញឹកញាប់ឡើយ។ ជាពិសេស អ្នកមានជំងឺលើសជាតិខ្លាញ់ក្នុងឈាម ជំងឺបេះដូង និងជំងឺរលាកសន្លាក់ហ្គោដ គួរពិគ្រោះជាមួយគ្រូពេទ្យអំពីការបរិភោគអាហារនេះ។ ការជ្រើសរើសអាហារចម្រុះ និងគ្រប់គ្រងបរិមាណឱ្យសមស្រប គឺជាវិធីសំខាន់ក្នុងការថែរក្សាសុខភាព៕
ចែករំលែកព័តមាននេះ